ស្រដៀងគ្នានឹងប្រទេសជាច្រើនក្នុងពិភពលោក ព្រៃឈើរបស់ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងសម្ពាធខ្លាំងឡើង។ ព្រៃឈើត្រូវបានកាប់ និងជំនួសដោយដំណាំឧស្សាហកម្ម ដូចជាដំឡូងមី និងស្វាយចន្ទី។ ព្រៃឈើជាច្រើនបានបាត់បង់ដោយសារតែតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចទ្រង់ទ្រាយធំ។
បើប្រៀបធៀបនឹងការអភិវឌ្ឍសេដ្ឋកិច្ចទ្រង់ទ្រាយធំដែលសន្យាផ្តល់ផលចំណេញសេដ្ឋកិច្ចច្រើន និងបង្កើតការងាររាប់ពាន់ការងារ តម្លៃនៃព្រៃឈើ អាចហាក់បីដូចជាមិនត្រូវបានអើពើ។ ជាងនេះទៀតការលក់ឈើតម្លៃថ្លៃ ដែលជាអាជីវកម្មរាប់ពាន់លានដុល្លារ និងការលើកទឹកចិត្តសេដ្ឋកិច្ចរយៈពេលខ្លី ដើម្បីកាប់ឈើ និងការបើកឲ្យមានការអភិវឌ្ឍដទៃៗទៀតកើតមានយ៉ាងជាក់ស្តែង។
ប៉ុន្តែសូមស្រមៃថា តើអ្វីនឹងកើតឡើង ប្រសិនបើព្រៃឈើទាំងអស់របស់កម្ពុជា ត្រូវបានកាប់បំផ្លាញ។
ចម្លើយមិនត្រឹមតែច្បាស់ទេ ប៉ុន្តែថែមទាំងជាការក្រើនរំឭកផងដែរគឺប្រជាជនក្រីក្របំផុតរាប់លាននាក់នឹងទទួលរងការឈឺចាប់ ហើយភាពរីកចម្រើនជាច្រើនដែលសហគមន៍បានធ្វើឡើងប្រឆាំងនឹងភាពក្រីក្រនឹងត្រូវបាត់បង់។ នេះគឺដោយសារប្រហែល ៨០ ភាគរយនៃប្រជាជនទូទាំងប្រទេសគឺរស់នៅតំបន់ជនបទ ហើយជីវិតប្រចាំថ្ងៃ និងសុខុមាលភាពរបស់ពួកគេគឺផ្សារភ្ជាប់ទៅនឹងព្រៃឈើ។ ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យមានសំណើម និងធ្វើឲ្យមានភាពទៀងទាត់ដល់លំហូរទឹក និងកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។
បទពិសោធនៃប្រទេសអាហ្វ្រិកបង្ហាញថា ការកាប់គម្របព្រៃឈើបង្កើនឧប្បត្តិហេតុនៃគ្រោះទឹកជំនន់ភ្លាមៗ និងធ្វើឲ្យមានភាពរាំងស្ងួតកាន់តែអាក្រក់ឡើង។ ជាការពិតកាលពីឆ្នាំ ២០១៦ កម្ពុជាបានជួបប្រទះគ្រោះរាំងស្ងួតមួយក្នុងចំណោមគ្រោះរាំងស្ងួតក៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ អណ្តូងនានារីងស្ងួត ហើយប្រជាពលរដ្ឋជិត ២,៥ លាននាក់បានរងគ្រោះ ដោយសារការខ្វះទឹកទទួលទាន និងទឹកសម្រាប់ធ្វើស្រែចម្ការ។
សហគមន៍ជនបទបានដើររើសអុសសម្រាប់ដាំស្លប្រើឈើមានកំណត់សម្រាប់សាងសង់ផ្ទះ និងប្រមូលផ្សិត ឃ្មុំ និងរុក្ខជាតិថ្នាំសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងដើម្បីលក់នៅទីផ្សារ។ ភាគច្រើននៃប្រជាជនជនបទទាំងនេះធ្វើកសិកម្មដោយទឹកភ្លៀង។ ប្រសិនបើមិនមានភ្លៀងគ្រប់គ្រាន់ព្រៃឈើនឹងលែងដើរតួជាសំបុកសុវត្ថិភាព។ ប្រជាពលរដ្ឋទាំងនោះរកចំណូលពីផលិតផលដែលកើតចេញពីព្រៃឈើ។
កំណើនសេដ្ឋកិច្ចពីការលក់ឈើនឹងបង្កើនការខូចខាតដោយសារការប្រែប្រួលអាកាសធាតុ។ ជាងនេះទៀតការបន្តសាងសង់ទំនប់វារីអគ្គិសនីតម្រូវឲ្យមានការកាប់ឈើ។
ការសិក្សាមួយដែលធ្វើឡើងដោយ HDR និង DHI (ឆ្នាំ ២០១៥) ស្តីពីឥទ្ធិពលនៃទំនប់វារីអគ្គិសនីទៅលើជលផលនៃទន្លេនៅក្នុងតំបន់ទន្លេមេគង្គបានព្យាករថា ការសាងសង់ទំនប់វារីអគ្គិសនីនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើប្រព័ន្ធអេកូរបស់ទន្លេដោយកាត់បន្ថយលំហូរដីល្បាប់ និងកាត់បន្ថយចំនួនត្រីរហូតដល់ ៥០ ភាគរយ។
ដោយសារត្រីរួមចំណែកជាង ៦០ ភាគរយនៃការទទួលបានប្រូតេអ៊ីនដល់ប្រជាជនជនបទ (នេះបើតាមអង្គការត្រីពិភពលោក ឆ្នាំ ២០១៦) ការបង្កើតអគ្គិសនីទំនងជាធ្វើឲ្យប៉ះពាលដល់សន្តិសុខស្បៀង។
នេះគូសបញ្ជាក់ថាសូម្បីតែរយៈពេលខ្លីក៏ដោយ ក៏ការធ្លាក់ដុនដាបផ្នែកអេកូឡូស៊ី សង្គម និងសេដ្ឋកិច្ចនឹងមានលក្ខណៈធ្ងន់ធ្ងរ។ នៅទីបញ្ចប់ប្រជាជនជនបទដែលជីវភាពរបស់ពួកគេត្រូវបានចងភ្ជាប់នឹងព្រៃឈើនឹងក្លាយជាអ្នករងគ្រោះមុនគេ ប៉ុន្តែការរងគ្រោះនេះនឹងទទួលរងដោយប្រជាជនជំនាន់ក្រោយមិនថាពួកគេរស់នៅទីក្រុង ឬជនបទទេ។
ដូច្នេះតើអ្វីអាចធ្វើបានដើម្បីសង្គ្រោះព្រៃឈើកម្ពុជា?
ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើងនេះ ក្រសួងបរិស្ថានបាននិងកំពុងចាប់ផ្តើមអនុវត្តកំណែទម្រង់អភិបាលកិច្ចបរិស្ថានដែលបានកំណត់ដីជាង ៧ លានហិកតា (ប្រហែល ៤០ ភាគរយនៃប្រទេស) ជាតំបន់ការពារ និងដាក់មន្ត្រីអភិរក្សព្រៃឈើច្រើនជាងមុនដើម្បីការពារព្រៃឈើ។
នេះជាជំហានដ៏សំខាន់ក្នុងការឈានទៅរកការទ្រទ្រង់ព្រៃឈើឲ្យមាននិរន្តរភាពសម្រាប់អនាគត ដូចបង្ហាញផងដែរដោយការធ្លាក់ចុះនាពេលថ្មីៗចំពោះអាត្រាកាប់ព្រៃឈើក្នុងប្រទេសកម្ពុជាក្នុងរយៈពេលចន្លោះពីឆ្នាំ ២០១៤ និងឆ្នាំ ២០១៦។
ទោះយ៉ាងណាក្តីការងារច្រើនជាងនេះទៀតត្រូវការធ្វើហើយវាត្រូវបានទទួលស្គាល់ដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ ផ្ទៃដីជាង ៧ លានហិកតាត្រូវបានគ្រប់គ្រងដោយមន្ត្រីអភិរក្សតែ ១២៦០ នាក់ប៉ុណ្ណោះ។
មនុស្សម្នាក់មិនអាចតាមដានផ្ទៃដី ៥០០០ ហិកតាប្រកបដោយប្រសិទ្ធភាពបានទេ។ អ្វីដែលត្រូវការគឺការធ្វើឲ្យមានភាពសកម្មពីសហគមន៍ព្រៃឈើដោយខ្លួនឯង។ ការចូលរួមរបស់ពួកគេគឺសំខាន់ណាស់ចំពោះការធ្វើឲ្យផែនការរយៈពេលវែងនៃការធ្វើឲ្យព្រៃឈើកម្ពុជាមាននិរន្តរភាព។
ជាឧទាហរណ៍បទពិសោធពីប្រទេសនេប៉ាល់បង្ហាញថាការចូលរួមពីសហគមន៍ព្រៃឈើក្នុងការរក្សាព្រៃឈើគឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារមិនឲ្យមានសកម្មភាពខុសច្បាប់។ វាក៏បង្ហាញផងដែរថា នៅពេលសហគមន៍ព្រៃឈើចាប់អារម្មណ៍យ៉ាងសកម្មក្នុងការការពារព្រៃឈើពួកគេក៏អាចប្រើប្រាស់ព្រៃឈើខ្លួនឯងផងដែរឧទាហរណ៍ ការប្រមូលផល និងលក់ផលិតផលដែលកើតចេញពីព្រៃឈើក្នុងលក្ខណៈនិរន្តរភាព។
នាពេលបច្ចុប្បន្នតិចជាង ១០ ភាគរយនៃព្រៃឈើកម្ពុជា និងតំបន់ការពារស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍។ ជាងនេះទៀតខណៈសម្បទានសេដ្ឋកិច្ចជាធម្មតាត្រូវបានផ្តល់ឲ្យនូវសិទ្ធិគ្រប់គ្រងរយៈពេល ៥០ ឆ្នាំ ការជួលដោយសហគមន៍គឺទទួលបានសិទ្ធិតែ ១៥ ឆ្នាំ (ឧទាហរណ៍ ព្រៃសហគមន៍ និងតំបន់ការពារនៅសហគមន៍)។
ជាងនេះទៀតក្រមបរិស្ថានថ្មីដែលត្រូវបានព្រាងដោយក្រសួងបរិស្ថានមានគោលបំណងដាក់ចេញនូវវិធានការថ្មីឲ្យមានការគ្រប់គ្រងដែលមានលក្ខណៈសហការផ្តល់អំណាចដល់សហគមន៍ និងផ្តល់ឲ្យពួកគេនូវឱកាសចូលរួមក្នុងការគ្រប់គ្រងព្រៃឈើ និងតំបន់ការពាររយៈពេលវែងដែលមាននិរន្តរភាព។
ផែនការយុទ្ធសាស្ត្រព្រៃឈើផលិតកម្មជាតិថ្មី (ឆ្នាំ ២០១៨‑២០៣២) ដែលដឹកនាំដោយរដ្ឋបាលព្រៃឈើក៏នឹងបង្កើតឱកាសថ្មីផងដែរដល់សហគមន៍ក្នុងការចូលរួមផលិតផលិតផលព្រៃឈើដែលមានលក្ខណៈនិរន្តរភាព។
វិធានការទាំងនេះត្រូវតែអមជាមួយនឹងការអនុវត្តច្បាប់ដែលមានប្រសិទ្ធភាព។ សំខាន់ជាងនេះទៀត វិធានការទាំងនេះត្រូវតែអាចអនុវត្តនៅក្នុងលក្ខណៈមួយដែលគាំទ្រសហគមន៍ពេញលេញ និងគ្រប់គ្រាន់ក្នុងការគ្រប់គ្រងព្រៃដែលមានលក្ខណៈចីរភាព៕ PS
Nick Beresford ជានាយកប្រចាំប្រទេសហើយ Moeko Saito-Jensen ជាអ្នកឯកទេសខាងនយោបាយនៅកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។