តាមអ្វីដែលយើងដឹងឮ ឬអានតាមប្រព័ន្ធផ្សព្វផ្សាយទូទៅ បានធ្វើឱ្យយើងហាក់មានផ្នត់គំនិតថា រាជរដ្ឋាភិបាលកម្ពុជាពុករលួយក្រៃលែង ហើយបានបំផ្លិចបំផ្លាញគម្របព្រៃឈើទាំងមូលរបស់កម្ពុជា ដើម្បីតែផលប្រយោជន៍បុគ្គល ហើយការកាប់បំផ្លាញព្រៃឈើគឺជាបុព្វហេតុចម្បងនៃទឹកជំនន់ និងគ្រោះរាំងស្ងួតនៅកម្ពុជា។ល។ នេះគឺជាអ្វីដែលយើងតែងតែស្តាប់ឮជាទូទៅ។
ឥទ្ធិពលនៃសេចក្តីអត្ថាធិប្បាយបែបនេះបានបង្កើតនូវផ្នត់គំនិតដែលកំណត់ពី “ពិរុទ្ធភាពដោយការសន្មតទុកជាមុន” ចំពោះរាជរដ្ឋាភិបាល ដូច្នេះហើយកិច្ចសហប្រតិបត្តិការបរិស្ថានជាមួយរាជរដ្ឋាភិបាលកម្ពុជាច្រើនតែផ្តោតលើការធ្វើរបាយការណ៍ស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មព្រៃឈើ និងបញ្ហាគណនេយ្យភាពជាជាងការស្វែងរកដំណោះស្រាយជារួម រយៈពេលវែងចំពោះបញ្ហាបរិស្ថានរបស់ប្រទេសកម្ពុជាទាំងមូល។ និន្នាការបែបនេះក៏បានប្រកាន់យកនិយមន័យតូចចង្អៀតនៃ “បញ្ហាបរិស្ថាន” នៅក្នុងប្រទេសកម្ពុជាដែលហាក់បីដូចជាត្រូវបានកំណត់ត្រឹមតែ “បញ្ហាការកាប់បំផ្លាញព្រៃឈើ” តែមួយមុខ។
យើងអាចយល់ច្បាស់ពីនិន្នាការបែបនេះ ដោយគ្រាន់តែមើលទៅលើបញ្ជីអង្គការ NGO ដែលគាំទ្រដោយស្ថានទូតបរទេសទាំងឡាយ ដែលពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន។ អ្វីដែលគួរឱ្យរំខាននោះគឺថា បុគ្គលិកភាគច្រើនរបស់អង្គការទាំងនោះ រួមទាំងបុគ្គលិក និងអ្នកជំនាញការបរទេសផង ពួកគេមិនមែនជាអ្នកបរិស្ថានវិទ្យា ឬអ្នកវិទ្យាសាស្ត្របរិស្ថានអ្វីឡើយ ប៉ុន្តែពួកគេច្រើនតែជាសកម្មជនតស៊ូមតិ និងសកម្មជនសិទ្ធិមនុស្សទៅវិញ។
បញ្ហាបរិស្ថានគួរតែជាបញ្ហាបច្ចេកទេស និងវិទ្យាសាស្ត្រ ប៉ុន្តែការងាររបស់ពួកគេគឺមើលតែមួយជ្រុងតូច និងមើលតែពីសម្បកក្រៅ ពីព្រោះថា នរណាៗក៏អាចធ្វើការងារនេះបានដែរឱ្យតែចេះប្រើបណ្តាញព័ត៌មានសង្គម ហើយដើរតួនាទីតស៊ូមតិ ដែលផ្តោតលើការទាក់ទាញការចាប់អារម្មណ៍ និងរំញោចអារម្មណ៍សាធារណជន។
វិធីសាស្ត្របែបនេះមិនមានផ្លែផ្កា និងផលិតភាពនោះទេ ពីព្រោះវាហាក់បានចេញសេចក្តីសន្និដ្ឋានជាមុនរួចទៅហើយថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីទាំងអស់ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មព្រៃឈើ។ វិធីសាស្ត្រនេះមិនបានជួយ ឬលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានដែលមានសមត្ថភាព និងធនធានមានកំណត់ នៅក្នុងការដោះស្រាយបញ្ហាទាំងនេះទេ ប៉ុន្តែហាក់បីដូចជាសន្មតទុករួចជាស្រេចថា អាជ្ញាធរមូលដ្ឋានគឺជាអ្នកសមគំនិតនៃបទឧក្រិដ្ឋទាំងនេះ។
ដូចរឿងរ៉ាវនៃបញ្ហាពលកម្មកុមារ ឬការជួញដូរមនុស្សជាដើម ជំនួសឱ្យការរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលពាក់ព័ន្ធដើម្បីរកដំណោះស្រាយអង្គការ NGO មួយចំនួនបែរជាជ្រើសរើសវិធីសាស្ត្រស្រែកប្រកូកប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបរទេស និងធ្វើរបាយការណ៍ដោយផ្ទាល់ទៅម្ចាស់ជំនួយរបស់ពួកគេ ដើម្បីឱ្យពួកគេអាចចងក្រងធ្វើជារបាយការណ៍ប្រចាំឆ្នាំ ដើម្បីបង្ហាញរូបភាពដ៏អាណោចអាធ័មទៅវិញ។
យើងដឹងហើយថា វិធីសាស្ត្របែបនេះមានគុណប្រយោជន៍ក្នុងការទទួលបាននូវការជឿទុកចិត្តពីម្ចាស់ជំនួយរបស់អង្គការ NGO ទាំងនោះហើយបានបង្ហាញអំពីហេតុផលដែលត្រូវផ្តល់ជំនួយ និងធានានិរន្តរភាពនៃការផ្តល់ជំនួយ ប៉ុន្តែវិធីសាស្ត្របែបនេះបានបង្កឱ្យមានការមិនទុកចិត្តគ្នាយ៉ាងខ្លាំងក្លារវាងអ្នកពាក់ព័ន្ធទាំងឡាយ ដែលតាមពិត ពួកគេគួរតែត្រូវដោះស្រាយបញ្ហារួមគ្នា សហការគ្នា និងជួយគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ដែលជាបញ្ហាដ៏ធំធេង មិនមែនកំណត់ត្រឹមតែលើបញ្ហាព្រៃឈើតែមួយមុខ។
គួរឱ្យដឹងដែរថា បច្ចុប្បន្នក្រសួងបរិស្ថានមានឧទ្យានុរក្សសរុបចំនួន ១ ២៦០ នាក់ និងគ្រប់គ្រងតំបន់ការពារចំនួន ៦០ លើផ្ទៃដីគម្របព្រៃឈើជាង ៧,២ លានហិកតាដែលស្មើនឹង ៤១% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ បើប្រៀបធៀបជាមួយប្រទេសជិតខាងប្រទេសថៃមានផ្ទៃដីគម្របព្រៃឈើ ៣១,៦% (១៦,៣១ លានហិកតា) ប្រទេសវៀតណាមមាន ៣៩,៧% (១២,៩ លានហិកតា) និងប្រទេសឡាវមាន ៥៨% (១៦,២៨ លានហិកតា)។
បើយើងគណនាតាមបែបសាមញ្ញ យើងអាចដឹងបានថា ឧទ្យានុរក្សម្នាក់ត្រូវរ៉ាប់រងលើផ្ទៃព្រៃឈើរហូតដល់ ៥.៧១៤ ហិកតា ដែលវាមិនអាចទៅរួចនោះទេ។ ប្រសិនបើយើងមើលតែមួយជ្រុងទៅលើបញ្ហាគណនេយ្យភាព ឧទ្យានុរក្សគ្រប់រូបនឹងត្រូវជាប់ពិរុទ្ធភាព ដោយសារតែពួកគេមិនមែនជា “កំពូលមនុស្ស superman” ក្នុងការការពារព្រៃឈើរបស់កម្ពុជា។
សកម្មជន និងឧទ្យានុរក្សតែឯកឯងមិនអាចការពារព្រៃឈើកម្ពុជាទាំងមូលបានឡើយ ហើយការស្វែងរកការចាប់កំហុស និងពិរុទ្ធភាព វាបានត្រឹមតែធ្វើឱ្យភាគីពាក់ព័ន្ធទាំងអស់អស់សង្ឃឹម នឿយណាយ និងលែងមានការទុកចិត្តគ្នា។
យើងគួរតែមានដំណោះស្រាយជាបីកម្រិតលើបញ្ហាបរិស្ថាន។
ដំណោះស្រាយកម្រិតទី ១ គឺវិធីសាស្ត្រតស៊ូមតិដែលត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ដោយអង្គការ NGO ដ៏ច្រើនលើសលុបដែលមិនមែនជាអ្នកវិទ្យាសាស្ត្រ ឬអ្នកបរិស្ថានវិទ្យា។ តាមពិតក្រៅពីបញ្ហាការកាប់បំផ្លាញព្រៃឈើ បញ្ហាបរិស្ថានរបស់ប្រទេសកម្ពុជាមានបញ្ហាផ្សេងៗទៀតជាច្រើន ដែលគួរតែត្រូវបានលើកឡើង និងដោះស្រាយតាមលក្ខណៈវិទ្យាសាស្ត្រ និងបច្ចេកទេស។ ជាអកុសលអង្គការ NGO ភាគច្រើនបានច្របូកច្របល់បញ្ហាបច្ចេកទេសជាមួយនឹងវីរភាពនយោបាយទៅវិញ។
ពួកគេហាក់មានសិទ្ធិផ្តាច់មុខតែម្នាក់ឯង ចំពោះសេចក្តីស្រលាញ់បរិស្ថាន។
ដូច្នេះ ទាំងរាជរដ្ឋាភិបាល ទាំងអង្គការ NGO ទាំងដៃគូអភិវឌ្ឍន៍គួរតែរំកិលកិច្ចសហប្រតិបត្តិការរបស់ខ្លួនទៅកម្រិតបន្ទាប់នៃដំណោះស្រាយឱ្យទៅខ្ពស់លើសពីកម្រិតទីមួយនេះ។
ដំណោះស្រាយកម្រិតទី ២ គួរតែផ្តោតលើសមាសធាតុសំខាន់ពីរគឺ “និរន្តរភាពនៃដំណោះស្រាយនៅនឹងកន្លែង” និង “ការធានាជីវភាពរស់នៅរបស់ប្រជាជន។ ដំណោះស្រាយនេះគឺផ្តោតលើតួអង្គផ្ទាល់ដូចជាប្រជាជនតាមមូលដ្ឋាន និងឧទ្យានុរក្សជាដើម។ យើងទាំងអស់គ្នាសុទ្ធតែឯកភាពថា មានតែប្រជាជនកម្ពុជាតាមមូលដ្ឋាននីមួយៗប៉ុណ្ណោះ ដែលអាចការពារដោយផ្ទាល់នូវព្រៃឈើកម្ពុជាប្រកបដោយនិរន្តរភាព។ ដូច្នេះ ជំនួយគាំទ្រគួរតែផ្តោតលើការពង្រឹងសមត្ថភាពរបស់ពួកគេ ដើម្បីការពារព្រៃឈើ និងផ្តល់មធ្យោបាយ និងវិធីសាស្ត្រគ្រប់គ្រាន់សម្រាប់ឧទ្យានុរក្ស និងប្រជាជនមូលដ្ឋាន ដើម្បីការពារព្រៃឈើ។
បើមានតែក្តីស្រឡាញ់ព្រៃឈើតែមួយមុខគឺមិនគ្រប់គ្រាន់ទេ។ មនុស្សក៏ត្រូវការចិញ្ចឹមក្រពះផងដែរ។ ប្រសិនបើពួកគេមានការងារ និងប្រាក់ចំណូលនឹងនរ ពលរដ្ឋមូលដ្ឋាននឹងបញ្ឈប់ការផ្សងព្រេងនៅក្នុងព្រៃដោយប្រថុយជីវិត ដោយសារតែគ្រោះថ្នាក់មីន ឬប្រថុយនឹងការចាប់ខ្លួន ដោយសារការរំលោភច្បាប់។
“ការធានាជីវភាពរស់នៅរបស់ប្រជាជន” មិនសំដៅទៅលើការផ្តល់ប្រាក់ឧបត្ថម្ភមនុស្សធម៌ពីអង្គការ NGO ឬម្ចាស់ជំនួយនោះទេ ពីព្រោះថាការធ្វើបែបនេះវាមិនបានយូរអង្វែងនោះឡើយ។ ចំណុចនេះគឺចង់សំដៅទៅលើការបង្កើតការងារតាមមូលដ្ឋានប្រកបដោយនិរន្តរភាព ដើម្បីឱ្យមានចំណូលសមស្រប។ ដូចអ្វីដែលនឹងលើកខាងក្រោមនេះ ប្រាក់ចំណូលដែលបានមកពីការលក់ឥណទានកាបូនក៏អាចជាដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាជីវភាពរបស់ពលរដ្ឋនៅតាមមូលដ្ឋាននៃតំបន់ព្រៃឈើបានដែរ។
ដំណោះស្រាយកម្រិតទី ៣ ដែលមានវិសាលភាពទូលំទូលាយនោះគឺ “ភាពសុខដុមបរិស្ថានមេត្រីទូទាំងប្រទេស” និង “ការធ្វើឱ្យស្របច្បាប់ពាណិជ្ជកម្មឈើប្រកបដោយនិរន្តរភាព។
“ភាពសុខដុមបរិស្ថានមេត្រីទូទាំងប្រទេស” គឺសំដៅលើការបង្កើតឱ្យមានមនោសញ្ចេតនាស្រឡាញ់បរិស្ថាន សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ។
អ្វីដែលយើងគួរចាប់អារម្មណ៍គឺថា នៅក្នុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ នៅពេលដែលប្រជាជនមិនអាចធ្វើដំណើរទៅក្រៅប្រទេសបានយើងចាប់ផ្តើមឃើញភ្ញៀវទេសចរក្នុងស្រុកកាន់តែច្រើនឡើងៗបានរីករាយជាមួយនឹងធម្មជាតិ និងការឡើងភ្នំនៅក្នុងព្រៃភ្នំទឹកជ្រោះធម្មជាតិដែលធ្លាប់តែត្រូវបានត្រួតត្រាផ្តាច់មុខ ដោយឧទ្យានុរក្ស និងសកម្មជនបរិស្ថាន។ រូបថតរាប់ពាន់ រាប់ម៉ឺននៃធម្មជាតិរបស់ប្រទេសកម្ពុជាពីតំបន់ផ្សេងៗត្រូវបានគេបង្ហោះ និងចែករំលែកយ៉ាងទូលំទូលាយ។ ព្រៃឈើ និងធម្មជាតិត្រូវបានប្រជាជនខ្មែរស្រឡាញ់ និងទស្សនាយ៉ាងទូលំទូលាយដែលនេះគឺជារបត់ថ្មីមួយដែលយើងមិនធ្លាប់ឃើញពីមុនមកទាល់តែសោះ។
សន្ទុះ និងវប្បធម៌វិជ្ជមានបែបនេះគួរតែត្រូវបានបំពាក់បំប៉នបន្ថែមទៀត ដើម្បីបង្កើតជាចលនាបរិស្ថានមេត្រីទូទាំងប្រទេស និងជំរុញការស្រឡាញ់ធម្មជាតិ និងជីវចម្រុះ។
“ការធ្វើឱ្យស្របច្បាប់ពាណិជ្ជកម្មឈើប្រកបដោយនិរន្តរភាព” គួរតែត្រូវបានពិចារណាឱ្យបានខ្លាំងក្លាជាងនេះ។
ក្នុងកម្រិតផ្ទៃក្នុង កម្ពុជាគួរតែចាប់ផ្តើមពិចារណាលើការរៀបចំផែនការដាំព្រៃឈើតាមលក្ខណៈឧស្សាហកម្មសម្រាប់ទ្រទ្រង់ដល់សកម្មភាពពាណិជ្ជកម្មព្រៃឈើស្របច្បាប់។ ប្រទេសកម្ពុជាអាចរៀនសូត្រពីប្រទេសឥណ្ឌូនេស៊ី ពីរបៀបគ្រប់គ្រងការដាំព្រៃឈើ ដើម្បីបម្រើឱ្យគោលដៅឧស្សាហកម្ម និងពាណិជ្ជកម្ម។ ហើយអ្នកដែលទិញឈើស្របច្បាប់របស់កម្ពុជា គួរតែជាដៃគូបរទេសដែលតែងតែជំរុញ និងគាំទ្រយ៉ាងខ្លាំងក្លាដល់ការការពារព្រៃឈើ និងបរិស្ថានរបស់ប្រទេសកម្ពុជា។
នៅក្នុងកម្រិតអន្តរជាតិដៃគូបរទេសគួរតែគាំទ្រដល់ការលក់ឥណទានកាបូនរបស់កម្ពុជាឱ្យបានច្រើន ដើម្បីបង្កើតឱ្យមានយន្តការលើកទឹកចិត្តទូទាំងប្រទេស តាមរយៈការបង្កើតឱ្យមានការគាំទ្រជាប្រាក់ចំណូលជាក់ស្តែង ហើយមាននិរន្តរភាព សម្រាប់ប្រជាជនមូលដ្ឋាន និងការអភិវឌ្ឍបរិស្ថានជាបន្ត។
ការផ្លាស់ប្តូររបត់នៃកិច្ចសហប្រតិបត្តិការបែបនេះ គួរក្លាយទៅជាការលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទាំងអស់ស្វែងរកដំណោះស្រាយនៅនឹងកន្លែង ប្រកបដោយចីរភាព ហើយចៀសវាងការផ្តោតតែលើការចាប់កំហុស និងពិរុទ្ធភាព ហើយយើងគួរតែបញ្ចប់ “ការហែកកេរ្តិ៍បរិស្ថាន” ដើម្បីតែប្រយោជន៍នៃការទទួលជំនួយពីបរទេស ហើយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មោទនភាព និងភាពម្ចាស់ការរបស់ប្រជាជនកម្ពុជាទៅលើបញ្ហាបរិស្ថាន។
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានទស្សនៈអាស៊ី (AVI)