ភ្នំពេញ : គម្រោងសិល្បៈស-ស បច្ចុប្បន្នកំពុងរៀបចំការតាំងពិព័រណ៍សិល្បៈដ៏អស្ចារ្យមួយ ក្រោមចំណងជើងថា «សួនវង្វេង... ដង្ហើមសុបិន» របស់វិចិត្រករជនជាតិវៀតណាមឈ្មោះ ជឿង កុងទុង។
ការតាំងពិព័រណ៍ទោល ដែលបានបើកទ្វារ កាលពីថ្ងៃទី ២៦ ខែមករា ហើយនឹងដំណើរការរហូតដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ គឺជាការបង្ហាញលើកដំបូងរបស់លោកទុងនៅក្នុងប្រទេសកម្ពុជា។
យោងតាមគម្រោងសិល្បៈស-ស បានឱ្យដឹងថា៖ «លោក ទុង ណែនាំស្នាដៃវីដេអូដែលទើបផលិតថ្មី រួមជាមួយនឹងស្នាដៃដែលមានស្រាប់ចំនួន៤ រួមទាំងការដំឡើងចម្លាក់ ឈុតគំនូរខ្មុកចំនួន ២ និងវីដេអូ ២ ផ្សេងទៀត»។
ពិព័រណ៍ទោលនេះ ទទួលបានការគាំទ្រពីមូលនិធិ Han Nefkens ដោយបង្ហាញពីការបញ្ចូលគ្នាដ៏គួរឱ្យចាប់អារម្មណ៍នៃស្នាដៃទើបនឹងបង្កើតថ្មី និងមានស្រាប់ដោយវិចិត្រករ។
ដោយចាប់ផ្តើមនៅឆ្នាំ ២០២៣ មូលនិធិ Han Nefkens ជំនួយផលិតវីដេអូសិល្បៈអាស៊ីអាគ្នេយ៍ត្រូវបានបង្កើតឡើងដើម្បីបង្កើនទិន្នផលសិល្បៈសហសម័យនៅក្នុងវិស័យសិល្បៈវីដេអូ ជាពិសេសផ្តោតលើសិល្បករដែលរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក ទុងកើត និងធំធាត់ក្នុងចំណោមភាពចម្រុះជាតិសាសន៍ និងជីវចម្រុះដ៏សម្បូរបែបនៃទីក្រុង DakLak នៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម ប្រែក្លាយវិចិត្រសាល គម្រោងសិល្បៈស-សជាសួនដ៏ចម្លែកមួយដែលផ្លាស់ប្តូរជានិច្ច។
នៅក្នុងសួននេះ កាលវេលានិងលម្ហផ្សេងៗគ្នាមកប្រសព្វគ្នា ជំរុញឱ្យមានការយល់ពីការរស់នៅរួមគ្នារវាងសត្វ រុក្ខជាតិ អមនុស្ស និងមនុស្ស រវាងអង្គដែលមើលមិនឃើញ និងអង្គមើលឃើញនិងរវាងភាពព្រៃ និងភាពស្រុក។
នៅពេលដែលទស្សនិកជនមកដល់ «សួន» របស់លោក ទុង ភ្លាម ក្លិនដីនិងសំណើម សំឡេងទឹកនិងខ្លុយ បន្លឺឡើងយ៉ាងច្បាស់ពីសម្រស់ធម្មជាតិ។ នៅពេលដើរចូល នឹងបានឃើញថាសមួយធ្វើពីម្រ័ក្សណ៍លើឈើ អណ្តែតក្នុងលម្ហ។
នៅពេលដើរចូលមកជ្រៅទៀត គ្រោងចម្លែកមួយនោះបង្ហាញខ្លួនជាស្នាដៃបង្គុំវីដេអូ។ ដោយមានចំណងជើងដូចគ្នាទៅនឹងចំណងជើងពិព័រណ៍ដែរ សួនវង្វេង... ដង្ហើមសុបិន (២០២៣ - កំពុងបន្ត) គឺជាវីដេអូមានរយៈពេលវែង បញ្ចាំងលើសន្លឹកក្តារ ដែលផ្អោបរតេយរតាយដោយផ្ទាំងប្លាស្ទិក កំណាត់សំណាញ់ ខ្សែ ទុយោទឹក មែកឈើងាប់ ប្រហែលសត្វល្អិត និងវត្ថុរកបានផ្សេងៗទៀត។
វត្ថុដែលហាក់ដូចជាមិនទាក់ទងគ្នាទាំងនេះ គឺជាសំយោគដ៏តូចមួយ នៃទិដ្ឋភាពសម្ភារកសិកម្ម នៅតំបន់ខ្ពង់រាបកណ្តាល។ ពួកវាជាសំណល់នៃវត្ថុដែលធ្លាប់មានតួនាទីជួយបម្រើការងារដាំដុះរបស់កសិករ។
បន្ថែមនៅក្នុងទិដ្ឋភាពសម្ភារនេះ គឺវាំងននធ្វើពីគ្រាប់អង្កាំឈើ ជាផលិតផលដ៏ពេញនិយមពីតំបន់នោះ។ ដោយធ្វើពីឈើកាហ្វេ កៅស៊ូ ស្វាយចន្ទី និងឈើព្រៃ វាំងននគ្រាប់អង្កាំទាំងនេះ គឺជាអនុផលពីការប្រកួតប្រជែងរវាងការតស៊ូនៃព្រៃឈើជនជាតិដើមភាគតិច និងចម្ការឧស្សាហកម្មទំនើបដែលកំពុងរីករាលដាល។
ទិដ្ឋភាពសម្ភារនៅក្នុងស្នាដៃបង្គុំនេះ គឺជាសក្ខីភាពមួយចំពោះអន្តរាគមន៍រវាងមនុស្សនិងដី និងរវាងមូលធននីយកម្មទំនើប និងប្រពៃណីពីដូនតារបស់ជនជាតិដើមភាគតិច។
គម្រោងសិល្បៈស-ស បានឱ្យដឹងថា៖ «រូបរាងជារង្វង់ បង្ហាញពីភាពរស់រវើកនិងរំលេចរូបរាងឡើងវិញជាច្រើនលើកច្រើនសានៅក្នុងវីដេអូ សួនវង្វេង (ក៏ដូចជានៅក្នុងពិព័រណ៍ទាំងមូលដែរ)។ តើវាជាព្រះចន្ទ ព្រះអាទិត្យ អំពិលអំពែក វិញ្ញាណ ខ្មោច ទេវៈ តំណក់ជីវិត ឬក៏ពន្លឺពិល? វាគឺទាំងអស់ ហើយវាមិនមែនទាំងអស់នេះក្នុងពេលតែមួយទេ វាផ្លាស់ទីឥតឈប់ឈរ និងហាក់គេចមិននៅស្ងៀម ហើយពេលខ្លះវាបែងកាយជា ២ ទៀតផង»។
ភាពមិនច្បាស់ប្រាកដនេះ ត្រូវបានបំពេញបន្ថែមដោយសោភណភាពដាក់រូបជាន់លើគ្នានៅក្នុងខ្សែភាពយន្ត ដែលនេះរំឭកដល់វិធីសាស្ត្របង្ហាញអត្ថន័យទៅតាមស្រទាប់ៗជាមួយម្រ័ក្សណ៍របស់លោក ទុង។
នៅពេលដើរហេលហាល ហាក់ដូចជាស្រវឹងផង នៅក្នុងខ្សែភាពយន្ត «សួន» ដូចសុបិន្តរបស់លោក ទុង មហាជនឮសំឡេងព្រៃឈើស្លឹកឈើរង្គើប៉ប្រះគ្នា សត្វស្លាបស្រែកច្រៀង សត្វល្អិតលូនវារ ខ្លុយបន្លឺសូរស័ព្ទ ចម្រៀងជនជាតិដើមបំពេរំពងព្រៃ។
តួអង្គម្នាក់នៅក្នុងខ្សែភាពយន្តនេះ គឺលោកយាយអាយុ ១០៣ ឆ្នាំឈ្មោះ KpuihBơr ជាសាក្សីរស់នៃប្រវត្តិទឹកដី និងជាអ្នករក្សារឿងនិទានកថា។
ភ្ជាប់ចេញពីស្នាដៃបង្គុំវីដេអូតាមរយៈបំពង់ទឹករត់ពត់ពេន គឺជាស្នាដៃបង្គុំផ្លែឃ្លោកក្នុងរោងនិងទំហំផ្សេងៗគ្នាជាច្រើន ដែលកំពុង «ដុះ» ព្រោងព្រាតនៅក្នុងចម្ការ២កន្លែងនៅចុងសាលពិព័រណ៍។
ស្ថានភាពអវត្តមាន…សំឡេងពីខាងក្រៅ (២០២០ - កំពុងបន្ត) រួមមានឃ្លោកធម្មជាតិ វត្ថុរកបានដែលមានទម្រង់ស្រដៀងឃ្លោក និងចម្លាក់ឃ្លោកដែលលោក ទុង ធ្វើពីសេរ៉ាមិច និងម្រ័ក្សណ៍។
ចម្ការឃ្លោកនេះ ត្រូវបានតភ្ជាប់គ្នាយ៉ាងផ្ចិតផ្ចង់តាមរយៈទុយោរាយខ្វាត់ខ្វែងជាច្រើនដែលផ្តល់ទឹកនិងខ្យល់ ហាក់ដូចជាចរន្តសរសៃឈាម និងអុកស៊ីហ្ស៊ែន។ ឃ្លោក គឺជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃមួយរបស់អ្នករស់នៅខ្ពង់រាប សម្រាប់ដាក់ទឹក ស្រា និងគ្រាប់ពូជដំណាំជាដើម ហើយវាក៏ត្រូវបានអ្នកស្រុកចាត់ទុកជាវត្ថុសក្ការៈផងដែរ បើយោងតាមទេវកថាខ្ពង់រាបមួយចំនួន។
នៅក្នុងពិព័រណ៍សួនវង្វេង... ដង្ហើមសុបិន លោក ទុង បង្កើតយ៉ាងជំនាញនូវបទពិសោធន៍មួយដែលហាក់ធ្លាប់ស្គាល់ តែវាជាបទពិសោធន៍ដែលមិនធ្លាប់ស្គាល់ទាល់តែសោះ។ នៅទីនេះ ធម្មជាតិនិងអ្វីដែលមនុស្សបង្កើត ភាពសាមញ្ញនិងភាពប្លែកដូចក្នុងពិភពផ្សេង ខ្មោចនិងទេវៈ ជីវិតនិងសិល្បៈ ទាំងអស់នេះស្ថិតក្នុងពិព័រណ៍ឯកត្ដជនរបស់លោក ទុង។
គម្រោងសិល្បៈស-ស តាមរយៈការលះបង់របស់ខ្លួនចំពោះការពិសោធ និងការអនុវត្តសិល្បៈសហសម័យបានផ្តល់កន្លែងដ៏ល្អសម្រាប់ការតាំងពិពណ៌របស់លោក ទុង។
គាំទ្រដោយ Larry Strange និងមូលនិធិ Han Nefkens គម្រោងសិល្បៈស-ស បន្តដើរតួយ៉ាងសំខាន់ក្នុងថែរក្សាសិល្បៈសហសម័យក្នុងប្រទេសកម្ពុជា ដោយបានរួមចំណែកលើកតម្កើងវប្បធម៌សិល្បៈកម្ពុជា។
មូលនិធិ Han Nefkens គឺជាអង្គការឯកជនមួយមិនស្វែងរកប្រាក់ចំណេញដែលបានបង្កើតឡើងនៅទីក្រុងបាសេឡូណាក្នុងឆ្នាំ២០០៩ ដោយអ្នកនិពន្ធនិងអ្នកឧបត្ថម្ភជនជាតិហូឡង់លោក Han Nefkens។
ស្នាដៃរបស់លោក ទុង នឹងត្រូវបានបង្ហាញនៅស្ថាប័នដៃគូនានា រួមទាំង San Art ប្រទេសវៀតណាម, គម្រោងសិល្បៈ ស-ស នៅកម្ពុជាមជ្ឈមណ្ឌលសិល្បៈ Jim Thompson ប្រទេសថៃ នៅ Museion ប្រទេសអ៊ីតាលីសារមន្ទីរសិល្បៈប៊ូសាន ប្រទេសកូរ៉េខាងត្បូង និងមូលនិធិសិល្បៈ Prameya ប្រទេសឥណ្ឌា។
កុំខកខានឱកាសនេះ ដើម្បីទទួលយកបទពិសោធន៍នៃពិភពដ៏ស្រស់បំព្រងនៃស្នាដៃសិល្បៈ ដែលបំណែកនីមួយៗដើរតួជាច្រកចូលទៅកាន់អាណាចក្រនៃក្តីសុបិន ការចងចាំ និងការឆ្លុះបញ្ចាំងពីជីវិតដ៏ស្មុគស្មាញ៕