ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» ជាលើកដំបូងនៅដើមខែមីនាខាងមុខ ខណៈដែលកម្មវិធីនេះនឹងអមដោយពិព័រណ៍សិប្បកម្មខ្មែរផងដែរ ដើម្បីថែរក្សាប្រពៃណី កេរដំណែលអរូបីរបស់ដូនតាខ្មែរដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។
នាសន្និសីទសារព័ត៌មាន ទាក់ទងនឹងការត្រៀមរៀបចំកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ » អមដោយ «ពិព័រណ៍សិប្បកម្មខ្មែរ» កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងវប្បធម៌លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនិងជាប្រធានគណ:កម្មការរៀបចំកម្មវិធី បានលើកឡើងថា ការរៀបចំ «រាត្រីសមោសរ សំពត់បត់ខ្មែរ» នេះមានគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបីរបស់ដូនតាខ្មែរដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។
កម្មវិធីនេះជាការបំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួនជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរក្នុងសង្គមខ្មែរ។
លោកស្រី ឡងឌី សាន់ណារ៉ា បញ្ជាក់ថា៖ «គម្រោងរៀបចំកម្មវិធីនេះធ្វើឡើងក៏មានការចូលរួមសហការពីអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ដែរ។ គោលបំណងរបស់ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះ គឺជាកេរដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបានបន្សល់ទុកមក ដូច្នេះក្នុងនាមយើងជាទំពាំងស្នងឫស្សី យើងជាយុវជនខ្មែរ គឺយើងត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា»។
លោកស្រីបានបន្តទៀតថា ការរៀបចំ «រាត្រីសមោសរសំពត់បត់ខ្មែរ» ដែលអមដោយពិព័រណ៍សិប្បកម្មខ្មែរ» នឹងធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរ។ នៅក្នុងកម្មវិធីនេះ ក្រសួងវប្បធម៌បានលើកទឹកចិត្តដល់សាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន ចូលរួមទស្សនា និងផ្សព្វផ្សាយដោយសេរី ដើម្បីជាការលើកទឹកចិត្ត និងបន្តរួមគ្នាថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស។
លោក រ័ត្ន សណ្តាប់ អ្នកស្រាវជ្រាវផ្នែកវប្បធម៌ អរិយធម៌ខ្មែរ និងនយោបាយ បានថ្លែងនៅថ្ងៃទី ២៧ ខែកុម្ភៈថា រាត្រីសមោសរ សំពត់បត់ខ្មែរនេះ គឺជាកម្មវិធី ដ៏សំខាន់មួយ ដែលបង្ហាញពីការគិតគូររបស់ក្រសួង លើទំនៀមទម្លាប់ប្រពៃណី នៃការស្លៀកពាក់របស់ខ្មែរ ខណៈដែលបច្ចុប្បន្ននេះការស្លៀកសំពត់បានថយចុះគួរឱ្យកត់សម្គាល់។
លោកបន្ថែមថា ការហូរចូលមកនៃវប្បធម៌ អរិយធម៌បរទេស ពិសេសសម្លៀកបំពាក់បរទេស បានធ្វើឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយ មិនសូវចាប់អារម្មណ៍ លើការប្រើប្រាស់សំពត់បត់ខ្មែរជាប្រចាំថ្ងៃនោះទេ ពោលគឺគេឃើញមានការស្លៀកសំពត់តែនៅពេលមានកម្មវិធីផ្សេងៗប៉ុណ្ណោះ។
លោកបាននិយាយដូច្នេះថា៖ «យើងអបអរសាទរខ្លាំងមែនទែន ដែលក្រសួងវប្បធម៌ បានគិតគូររៀបំកម្មវិធីនេះជាកម្មវិធីមួយដែលខ្ញុំរំពឹងថា នឹងទាក់ទាញការចាប់អារម្មណ៍ច្រើនពីមហាជន។ ការស្លៀកសំពត់បត់ខ្មែរ គឺមានភាពស្រស់ស្អាតណាស់ ដែលមើលទៅសុភាពរាបសា ស្រគត់ស្រគំ។ ខ្ញុំមិនហាមឃាត់ការស្លៀកពាក់អ្វីនោះទេ គ្រាន់តែថា បើសិនជាយុវជនយើង គាត់ប្រើប្រាស់តែរបស់បរទេស ថ្ងៃមុខគាត់អាចនឹងភ្លេចសម្លៀកបំពាក់ប្រពៃណី ដែលដូនតាយើងខំបន្សល់ទុកឱ្យ»។
តាមការគ្រោងទុករបស់ក្រសួងវប្បធម៌ កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ»នឹងធ្វើឡើង នៅល្ងាចថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៤។ ក្នុងនោះដែរ ក្រៅពីកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» ក៏មាន «ពិព័រណ៍សិប្បកម្មខ្មែរ» ដែលនឹងប្រារព្ធធ្វើឡើងរយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤ នៅក្នុងបរិវេណសាលសន្និសីទចតុមុខ៕