ភ្នំពេញៈ ជាគ្រូពេទ្យដំបូងដែលជំនាញអូស្ទីអូប៉ាត់ (Osteopath) កូនខ្មែរធំធាត់នៅប្រទេសបារាំងបានព្យាបាលអ្នកជំងឺដែលមានបញ្ហាឈឺចុកចាប់ឆ្អឹង សាច់ដុំ និងសរសៃកំពុងតែទទួលបានការចាប់អារម្មណ៍។
លោក ថាច់ សុធារ៉ា វេជ្ជបណ្ឌិតផ្នែកអូស្ទីអូប៉ាត់ ដែលបានចាកចេញពីទីក្រុងលីយ៉ុងមកកាន់កម្ពុជានៅឆ្នាំ ២០១៣ បានបញ្ជាក់ប្រាប់ពីមូលហេតុដែលលោកបង្កើតគ្លីនីក Natural Wellness Center នៅទីក្រុងភ្នំពេញនេះថា៖ «ទី ១ ខ្ញុំចង់មករស់នៅប្រទេសកម្ពុជាវិញ ក្រោយពីរៀនចប់។ ទី ២ ខ្ញុំឃើញនៅស្រុកខ្មែរអត់ទាន់មានកន្លែងព្យាបាលតាមបែបអូស្ទីអូប៉ាត់ទេ ហើយខ្ញុំចង់ព្យាបាលប្រជាជនយើងពេលគាត់ឈឺឆ្អឹង ឈឺសាច់ដុំ ជាប់សរសៃអី ឲ្យជាសះស្បើយ ព្យាបាលតាមបែបធម្មជាតិដោយមិនបាច់លេបថ្នាំ»។
អូស្ទីអូប៉ាត់ (Osteopath) គឺជាវិធីសាស្ត្រម្យ៉ាងដែលធ្វើការព្យាបាលទៅលើបញ្ហាឆ្អឹង សន្លាក់ សរសៃ សាច់ដុំ ដែលជាប់គាំង ឬមានបញ្ហាត្រង់កន្លែងណាមួយដើម្បីសម្រួលចលនាកន្លែងនោះ និងរាងកាយទាំងមូលឲ្យមានលក្ខណៈល្អប្រសើរឡើងវិញដោយមិនប្រើប្រាស់ឱសថ។
ជាមួយតម្លៃព្យាបាលម្តង ៥០ ដុល្លារ អូស្ទីអូប៉ាត់ គឺត្រូវធ្វើឡើងដោយប្រើដៃទាំង ២ របស់អ្នកជំនាញ សម្រាប់ពិនិត្យ និងព្យាបាលតាមបែបវេជ្ជសាស្ត្រចលនាដែលមានការសិក្សាត្រឹមត្រូវពីសាកលវិទ្យាល័យពេទ្យ។
នៅគ្លីនិកលើមហាវិថីសុធារសក្បែរវាលព្រះមេរុ លោក ថាច់ សុធារ៉ា បានពន្យល់ប្រាប់ថាប្រជាជនខ្មែរភាគច្រើនឈឺសន្លាក់ ឈឺឆ្អឹង ពួកគេហាក់មិនសូវចាប់អារម្មណ៍ហើយទុកវាចោល ពេលខ្លះពួកគេលេបថ្នាំដើម្បីព្យាបាល ឬបំបាត់ការឈឺចាប់ និងទៅកន្លែងម៉ាស្សា ដើម្បីសម្រួលការចុកចាប់ ប៉ុន្តែកត្តាទាំងនេះអាចព្យាបាលត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ បន្ទាប់ពីនេះការឈឺចាប់នឹងវិលត្រឡប់មកវិញ។ ប៉ុន្តែការព្យាបាលតាមរយៈ អូស្ទីអូប៉ាត់ អ្នកជំងឺនឹងជាសះស្បើយ និងមិនឈឺចាប់បន្តទៀត ព្រោះអ្នកជំនាញបានស្វែងរកឃើញពីបញ្ហាដែលនាំឲ្យមានការឈឺចាប់។
ការព្យាបាលបែបអូស្ទីអូប៉ាត់មាន ៤ ដំណាក់កាលដូចជា៖ ទី១ អ្នកជំនាញ ត្រូវពិភាក្សាជាមួយអ្នកជំងឺស្វែងរកចំណុច រយៈពេល និងមូលហេតុនាំឲ្យឈឺចាប់។ ទី២ អ្នកជំនាញចាប់ផ្តើមពិនិត្យដោយដៃទាំង ២ ស្ទាបទៅលើទីតាំងដែលឈឺចាប់ ដើម្បីកំណត់ថាការឈឺចាប់នេះបណ្តាលមកពីបញ្ហាសាច់ដុំ សន្លាក់ ឬសរសៃណាមួយដែលត្បៀត និងប្រភពទាក់ទងផ្សេងទៀតដែលនាំឲ្យឈឺចាប់។ ទី៣ ដំណាក់កាលព្យាបាល អ្នកជំនាញធ្វើការកាច់ ការពត់ ឬទាញសាច់ដុំ និងសរសៃឲ្យត្រឡប់មកសភាពដើមវិញ និងបន្ថែមនូវឧបករណ៍ជប់ក្នុងការព្យាបាលបន្ថែមឲ្យមានប្រសិទ្ធភាព និងទី៤ អ្នកជំនាញ បង្រៀនអ្នកជំងឺពីបច្ចេកទេស ឬរបៀបធ្វើលំហាត់ប្រាណសម្រួលចលនារាងកាយកុំឲ្យជាប់បន្តទៀត។
លោកវេជ្ជបណ្ឌិតវ័យ ៣៤ ឆ្នាំ រូបនេះបានបន្តថា៖ «យើងព្យាបាលអ្នកជំងឺបានជាច្រើននាក់ ហើយរកឃើញថាអ្នកជំងឺមួយចំនួនពួកគាត់ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍យូរឆ្នាំទើបនាំឲ្យគាត់ឈឺនៅពេលឥឡូវ។ អ្នកខ្លះគាត់ធ្វើការធ្ងន់ធ្វើឲ្យវាជាប់សរសៃ ឬសាច់ដុំ ហើយរាលដាលទៅឈឺកន្លែងផ្សេងទៀត។ សម្រាប់ការព្យាបាលបើអ្នកជំងឺមានបញ្ហាតិច ព្យាបាលតែ ២ ដងគឺជាសះស្បើយបើអ្នកជំងឺឈឺយូរអាចព្យាបាល ៤ ទៅ ៥ ដង»៕
វីដេអូ៖