ក្រុង​បាងកក: ការព្យាបាល​អង់ហ្ស៊ីម​ដ៏​ប្លែក​របស់​ហាង​ស្ប៉ា Phrom Pong កំពុង​តែ​ពេញ​និយម​មិន​គួរ​ឲ្យ​ជឿ។ នៅ​ទីនោះ​ភ្ញៀវ​ដេក​ត្រាំ​អង់​ហ្ស៊ី​ម​អង្ករ​ពណ៌​ត្នោត​ក្ដៅ​ឧណ្ហៗជ​ម្រៅ ៩ តឹក​ក្នុង​បា​សាំង​ឈើ​ក្នុង​បន្ទប់​ក្ដៅ។

ចំពោះ​អ្នក​អត់​ដឹង អង់​ហ្ស៊ី​ម​អង្ករ គឺជា​សារធាតុ​គីមី​បង្កើតឡើង​ដោយ​បាក់តេរី។ សារធាតុ​ប្រភេទ​នេះ​ត្រូវ​បាន​លាយ​ជាមួយ​កន្ទក់​ស្ងួត​ដែល​មិន​ខុស​អី​ពី​ល្បាយ​ដី និង​ខ្សាច់។ អ្នកខ្លះ​ជឿ​ថា ប្រសិទ្ធភាព​ត្រាំ​អង់ហ្ស៊ីម និង​កម្ដៅ​អាច​ជួយ​បង្កើន​លទ្ធភាព​រំលាយ​អាហារ ដើម្បី​ព្យាបាល​អាកា​រហេវ​ហត់ និង​សម្លាប់​កោសិកា​មហារីក។

ការ​ស្ប៉ា​នេះ​មាន​ដើមកំណើត​នៅ​ប្រទេស​ជប៉ុន ភាគច្រើន​នៅ​តំបន់​ត្រជាក់​នៃ​កោះ​ហុក​កៃ​ដូ និង​មាន​តែ​មួយ​កន្លែង​គត់​នៅ​ទីក្រុង​បាងកក។

អំឡុងពេល​ត្រាំ​ព្យាបាល ១៥ នាទី ដែល​បើ​លើស​អាច​ប្រឈម​នឹង​កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន អ្នក​ងូតទឹក​អង់ហ្ស៊ីម​នេះ ត្រូវ​បាន​ជឿ​ថា បែក​ញើស​ច្រើន​ស្មើ​នឹង​ការ​រត់ ២ ម៉ោង​ឯណោះ។

កម្ទេច​កន្ទក់​ អង់ហ្ស៊ីមអង្ករ ដែល​ត្រូវបាន​សម្រាំង​សម្រាប់ស្ប៉ា។ At Ease

ដើម្បី​រក្សា​អនាម័យ បុគ្គលិក​ស្ប៉ា​បាន​ដួស​ល្បាយ​កន្ទក់ និង​អង់​ហ្ស៊ី​ម​ចេញពី​អាង រួច​បាញ់​កម្ដៅ​សម្លាប់​មេរោគ​នៅ​ចន្លោះ​អ្នក​ចូល​ត្រាំ​នីមួយ។ ថ្វី​ដ្បិត​តែ​ការ​ព្យាបាល​បែប​នេះ​ហាក់​ដូចជា​រាង​ចម្លែក​បន្ដិច​មែន តែ​វា​កំពុង​ពេញ​និយម​ខ្លាំង។ រៀង​រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង ៩ ព្រឹក​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ ក៏​ការ​ព្យាបាល​បែប​ជប៉ុន​តម្លៃ ៦០០ បាត (៧៤០០០ រៀល) នេះ​ត្រូវ​បាន​កក់​ទុក​ពេញៗ​តែ​ម្ដង។

ទាំង​បន្ទប់ និង​អាង​ត្រាំ​ត្រូវបាន​ដុត​កម្ដៅ​ដោយ​បច្ចេកវិទ្យា​អគ្គិសនី។ អាង​បា​សាំង​ត្រូវបាន​រក្សា​ស៊ីតុណ្ហ​ភាព​ប្រមាណ ៦០ អង្សា​សេ​តាមរយៈ​ការ​ត្រួត​ពិនិត្យ​បរិមាណ​ល្បាយ​បាក់តេរី។

ពេល​ងើប​ចេញពី​អាង​អង់​ហ្ស៊ី​ម អ្នកនឹង​ប្រឡាក់​ខ្លួន រួមទាំង​ក្រចកដៃ និង​គល់​សក់ តែ​ការ​ងូត​ទឹក​ជម្រះ​កាយ​ដាច់​ខាត​មិន​ប្រើ​សាប៊ូ​ឡើយ៕

HR