ភ្នំពេញៈ ក្នុងរយៈពេល ១០ ខែ ក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា ប្រមូលពន្ធដារបានជាង ៣ ពាន់លានដុល្លារ ដែលសម្រេចបាន ៨៥,៨៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៣ ខណៈប្រធានអគ្គនាយកដ្ឋានពន្ធដារប្តេជ្ញាអនុវត្តនិងការសម្រួលផ្នែកពន្ធដារតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងទិសដៅបន្ត ជាពិសេសជួយសម្រួលដល់វិស័យឯកជន។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្តីអំពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលដឹកនាំដោយលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលលរួមពីមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំនេះលោក គង់ វិបុល ក៏បានណែនាំឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការយកចិត្តទុកដាក់លើវិធានការលើកទឹកចិត្តនិងសម្រួលផ្នែកពន្ធដារដល់វិស័យឯកជន តាមអនុសាសន៍ប្រមុខរដ្ឋាភិបាល។
ក្នុងនោះដែរ សម្រាប់ខែតុលា រដ្ឋប្រមូលពន្ធអាករគ្រប់ប្រភេទដែលគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអនឡាញបានចំនួន ១ ០៥៥,១៧ ប៊ីលានរៀល ឬប្រមាណជា ២៦០,៤៤ លានដុល្លារ ស្មើនឹង ៧,២៩% នៃផែនការ ១ឆ្នាំ២០២៣។
ចំណែកសម្រាប់រយៈពេល ១០ ខែ ក្នុងឆ្នាំ ២០២៣ នេះវិញ រដ្ឋប្រមូលពន្ធបានសរុប ១២ ៤២១,០៧ ប៊ីលានរៀល ឬប្រមាណជា ៣ ០៦៦,៩៣ លានដុល្លារ ស្មើនឹង ៨៥,៨៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
អគ្គនាយកដ្ឋានពន្ធដារអះអាងថា ក្នុងរយៈពេល ១០ ខែ បានចុះបញ្ជីសហគ្រាសបានចំនួន ១៣ ៤៣៣ រៀបចំសិក្ខាសាលា និងបណ្តុះបណ្តាលបានចំនួន ៨៤៣ លើក, ផ្តល់សេវាពិគ្រោះដល់អ្នកជាប់ពន្ធបានចំនួន ៩៨ ៣៩៨ ករណី, ដោះស្រាយបញ្ហានិងសំណើក្នុងការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាព័ត៌មានសរុប ២៩ ៩២៤ ករណី, ដោះស្រាយបណ្តឹងសវនកម្មចំនួន ៣៦៨ករណី។
បន្ថែមពីនោះ បានអភិវឌ្ឍប្រព័ន្ធកម្មវិធីចំនួន ៥, បានពិនិត្យ និងសម្រេចសំណើកិច្ចព្រមព្រៀងចៀសវាងយកពន្ធត្រួតចំនួន ៣៦៥ សហគ្រាស និងជាពិសេសបានគ្រប់គ្រងប្រមូលពន្ធពីផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) បានចំនួន ២៥៤,៤១ ប៊ីលានរៀល ឬប្រមាណជា ៦២,៨២ លានដុល្លារ។
ជាមួយគ្នានេះ លោកគង់ វិបុល បានណែនាំឱ្យពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តដោយយកចិត្តទុកដាក់ចំពោះវិស័យឯកជនលើផ្នែកពន្ធដារនេះ ទៅតាមការស្នើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត គ្រាជំនួបរវាងរដ្ឋាភិបាលនិងផ្នែកឯកជន នៅថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ។
លោកបន្ថែមថា៖«អគ្គនាយកដ្ឋានពន្ធដារ បន្តយកចិត្តទុកដាក់តាមអានុសាសន៍រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាទិសដៅបន្ត ក្នុងការពង្រឹងការផ្តល់សេវាអ្នកជាប់ពន្ធ ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងសាធារណជនទូទៅ លើកកម្ពស់ការយល់ដឹងនិងអប់រំពីពន្ធដារ បំពេញការងារផ្អែកលើនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) លើគ្រប់ប្រភេទការងារនិងប្រភេទពន្ធ ជាដើម»។
ពាក់ព័ន្ធការប្រមូលពន្ធនេះ លោក ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងចំនួនជាង ៨៥% ក្នុងរយៈពេល ១០ ខែ មិនទាន់ឆ្លើយតបទៅនឹងផែនការនៅឡើយទេដោយនៅសល់ប្រមាណជាង ១៥% ទៀត។ ភាគរយទាបនេះ អាចបណ្តាលមកពីការទទួលរងឥទ្ធិពលវិបត្តិសេដ្ឋកិច្ច ជាពិសេសឥទ្ធិពលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទំនាស់អ៊ីស្រាអែល-ប៉ាឡេស្ទីន និងការពន្យារពេលបង់ពន្ធមួយចំនួន ក៏ដូចជាសំណៅឯកសារមួយចំនួនត្រូវប្រើថិរវេលាយូរ។
លោកថា នៅក្នុងរយៈពេលខាងមុខ ការប្រមូលពន្ធអាចនឹងស្របតាមផែនការ ឬអាចលើសផែនការផង បើសិនមានលក្ខខណ្ឌអំណោយផល ដោយសារនិន្នាការសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើង។
លោកថ្លែងថា៖«ពន្ធដារមានសារៈសំខាន់ណាស់ ជាឆ្អឺងខ្នងនៃការចំណាយរបស់រដ្ឋ បើកប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការ អាចទូទាត់សងសំណងកម្ចីបរទេស ឬសងពីហិរញ្ញប្បទានពីស្ថាប័នបរទេស សម្រាប់ប្រមូលជាថវិកាជាតិដើម្បីចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ ពង្រឹងស្ថាប័នរដ្ឋ ជាដើម»។
លោកបន្ថែមថា ចំណូលពីពន្ធដារនេះ សម្រាប់បើកលទ្ធភាពឱ្យរដ្ឋចំណាយសាធារណៈ បើសិនប្រមូលបានកាន់តែច្រើន រដ្ឋកាន់តែមានលទ្ធភាពចំណាយសម្រាប់យកទៅអភិវឌ្ឍប្រទេស និងសង្គមជាតិ ជាពិសេសសម្រាប់ជួយជនងាយរងគ្រោះជាដើម៕