ភ្នំពេញៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ឱ្យដឹងថា ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា នៃក្រសួងពាណិជ្ជកម្ម ដែលមានមូលដ្ឋាននៅរដ្ឋធានីប៉េកាំង ប្រទេសចិន នឹងប្តូរទៅកាន់ទីតាំងថ្មី ដែលស្ថិតនៅក្បែរនឹងស្ថានទូតកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងចិនបន្ថែមទៀត។
លោក ប៉ែន សុវិជាតិ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែមករាថា ទីតាំងអគារការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាថ្មីនេះ គឺត្រូវបានក្រុមហ៊ុន Shenzhen Guoke Hydrogen Energy Technology Co., Ltd. និងក្រុមហ៊ុន Universal Capital Co., Ltd. ជាអ្នកផ្តល់ទីតាំងឱ្យ ដោយមិនមានការគិតថ្លៃនោះទេ ដែលធ្វើឱ្យក្រសួងកាត់បន្ថយការចំណាយ និងចំណេញពេលវេលា សម្រាប់មន្រ្តីក្នុងការបំពេញការងារនៅទីនោះ។
លោកបានឱ្យដឹងថា៖«កន្លងទៅយើងបានអនុញ្ញាតឱ្យវិស័យឯកជន បើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ច្រើនដែរហើយ នៅចិន ជប៉ុន និងបណ្តាប្រទេសផ្សេងទៀត ដែលមានភារកិច្ចផ្តល់ព័ត៌មានទាក់ទងនឹងវិស័យធុរកិច្ច,ការលក់ដូរផលិតផលរបស់ខ្លួនតែការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា ខុសពីមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលយើងធ្លាប់បើកនាពេលកន្លងទៅ ព្រោះជាកន្លែងសម្រាប់មន្រ្តីធ្វើកិច្ចការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ជាមួយដៃគូ រដ្ឋនិងឯកជនតែប៉ុណ្ណោះ»។
លោកបន្តថា៖«ការិយាល័យនេះបានរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងចិនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសការពង្រីកទីផ្សារផលិតផលខ្មែរទៅកាន់ទីផ្សារប្រទេសចិន»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការបង្កើតការិយាល័យពាណិជ្ជកម្មនេះ មានសារៈសំខាន់ណាស់ មិនថា តែរដ្ឋធានីប៉េកាំងនោះទេ ទោះជានៅតាមបណ្តាទីក្រុង ឬប្រទេសណាក៏ដោយ ដែលមិនខុសពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានោះទេ គ្រាន់តែមួយជាយន្តការ B2B ហើយមួយទៀតជាយន្តការ G2G ឬក៏ G2B។
លោកបញ្ជាក់ថា៖«កន្លងមកយើងធ្លាប់មានដែរ គឺអនុព័ន្ធពាណិជ្ជកម្មនៅតាមស្ថានទូតរបស់យើងនៅតាមបណ្តាប្រទេសនានា ប៉ុន្តែប្រសិទ្ធភាពហាក់នៅមានកម្រិតនៅឡើយ។ ទោះបីជាការិយាល័យពាណិជ្ជកម្មរបស់រដ្ឋបើកដំណើរការនេះ យើងនឹងចាំមើលថា តើដំណើរការបានកម្រិតណា។ យើងសង្ឃឹមថា ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា នៅចិននេះ នឹងមានដំណើរការល្អប្រសើរ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងធុរកិច្ចជាមួយគ្នាបន្ថែមទៀត»។
លោកបានបន្តថា កន្លងមកក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជន បើកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅប្រទេសចិន នារយៈពេលប៉ុន្មានខែកន្លងមកហើយ ខណៈដែលការបើកការិយាល័យទំនាក់ទំនងពាណិជ្ជកម្មបន្ថែមនេះ នឹងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មចិន កាន់តែមានភាពជិតស្និទ្ធ។
បើតាមក្រសួងពាណិជ្ជកម្ម រហូតមកទល់នឹងពេលនេះ កម្ពុជាបានបើកការិយាល័យពាណិជ្ជកម្ម ឬតំណាងពាណិជ្ជកម្ម ឬទីប្រឹក្សាផ្នែកពាណិជ្ជកម្មនៅតាមបណ្តាប្រទេសនានា ចំនួន១៩ហើយ ដែលការិយាល័យទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនាក់ទំនងពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគមកកម្ពុជាគ្រប់វិស័យ។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងឆ្នាំ២០២៣ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង១២ ២៦៤លានដុល្លារ កើនឡើង៤ភាគរយ។ ក្នុងនោះកម្ពុជា នាំចេញទៅចិនសម្រេចបានក្នុងទឹកប្រាក់ ១ ៤៧៨លានដុល្លារ កើនជិត២០ភាគរយ ខណៈនាំចូលពីចិនមកវិញ មានទំហំទឹកប្រាក់ ជាង ១០ ៧៨៦ លានដុល្លារ កើនជាង៣ភាគរយ ធៀបនឹងឆ្នាំ២០២២៕