ភ្នំពេញៈ គម្រោងវិនិយោគចំនួន ១០ ដែលមានទុនវិនិយោគសរុបជាង ៦០ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តក្នុងរយៈពេល ១៥ ថ្ងៃដំបូង នៃឆ្នាំ ២០២៤ ដោយក្នុងនោះមានគម្រោងចំនួន ៧ ស្ថិតក្នុងវិស័យវាយនភណ្ឌ។ នេះបើយោងតាម CDC។
សេចក្តីប្រកាសព័ត៌មានរបស់ CDC កាលពីថ្ងៃទី១៧ ខែមករា ឱ្យដឹងថា រយៈពេល ១៥ ថ្ងៃដំបូង ក្នុងឆ្នាំ២០២៤ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១០ ដែលមានទុនវិនិយោគសរុបជាង ៦០ លានដុល្លារ និងបង្កើតការងារបាន ១២ ៦៩៥ កន្លែង។ ក្នុងចំណោមគម្រោងទាំង ១០ គឺមាន ៧ គម្រោងស្ថិតក្នុងវិស័យវាយនភណ្ឌ។
ចំណែកគម្រោង ៣ ទៀតរួមមាន គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក, គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក(ធុងទឹកកក, ធុង និងប្រអប់រក្សាកម្ដៅ, និងទូកកាយ៉ាក់), គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ និងគ្រឿងបន្លាស់។
យោងតាម CDC គម្រោងទាំង ១០ខាងលើ គឺមាន ៥ នៅក្នុងខេត្តកំពង់ស្ពឺ, ២ នៅរាជធានីភ្នំពេញ, ២ នៅខេត្តតាកែវ, និង ១ នៅខេត្តកណ្តាល។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃទី១៨ ខែមករា ថា មុននឹងទៅបណ្តាក់ទុននៅប្រទេសណាមួយ ឬលើវិស័យណាមួយ គឺវិនិយោគិនតែងតែធ្វើការសិក្សាយ៉ាងលម្អិតលើលក្ខខណ្ឌជាច្រើនដូចជា ទីតាំងភូមិសាស្ត្រ ស្ថានភាពនយោបាយ ប្រព័ន្ធច្បាប់វិនិយោគ ទីផ្សារនាំចេញ កម្លាំងពលកម្ម និងប្រព័ន្ធដឹកជញ្ជូនជាដើម។ កំណើនការបណ្តាក់ទុនជាបន្តបន្ទាប់នេះ គឺបញ្ជាក់ពីទំនុកចិត្តរបស់វិនិយោគិនចំពោះស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។
លោកបន្តថា ភាពធូរស្បើយនៃវិបត្តិនយោបាយ និងសេដ្ឋកិច្ចសកលនាពេលនេះ ក៏ជាកត្តាសំខាន់ដែលលើកទឹកចិត្តឱ្យអ្នកវិនិយោគបញ្ចេញទុនមកវិនិយោគនៅកម្ពុជាផងដែរ ខណៈកម្ពុជាក្រៅពីមានទំនាក់ទំនងការទូត និងទីផ្សារជាមួយប្រទេសជាច្រើនលើពិភពលោកនោះ កម្ពុជាក៏បានចុះហត្ថលេខាជាមួយប្រទេសជាច្រើនទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ព្រមទាំងទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំទៅកាន់ទីផ្សារធំៗមួយចំនួនផងដែរ។
លោកបញ្ជាក់ថា៖«ទោះការនាំចេញផលិតផលមួយចំនួន ពិសេសផលិតផលវាយនភណ្ឌកម្ពុជាទៅទីផ្សារអន្តរជាតិ កាលពីឆ្នាំ២០២៣ ធ្លាក់ចុះ ប៉ុន្តែអ្នកវិនិយោគនៅតែមើលឃើញពីឱកាសក្នុងការវិនិយោគនៅកម្ពុជា ដែលអាចនឹងងើបឡើងវិញចាប់ពីឆ្នាំ២០២៤ នេះតទៅ»។
លោកលើកឡើងទៀតថា នៅពេលសេដ្ឋកិច្ចពិភពលោកល្អប្រសើរមនុស្សនឹងធ្វើដំណើរទេសចរណ៍ច្រើន ដូច្នេះប្រាកដណាស់គឺតម្រូវការផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលផ្សេងទៀតនឹងកើនឡើង។ លោកបញ្ជាក់ថា៖«ការនាំចេញផលិតផលវាយនភណ្ឌនឹងមានភាពល្អជាងឆ្នាំមុន»។
អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង មូនីកា បានប្រាប់ថា បន្ទាប់ពីជួបបញ្ហាជាច្រើនចាប់តាំងពីអំឡុងចុងឆ្នាំ២០២២ និងឆ្នាំ២០២៣ លោករំពឹងថា ផលិតកម្មវាយនភណ្ឌនៅក្នុងឆ្នាំ២០២៤ នេះអាចនឹងមានភាពល្អប្រសើរឡើងវិញខ្លះ។
លោកបាននិយាយថា៖«ខ្ញុំរំពឹងថាវិស័យនេះនឹងងើបឡើងវិញនៅឆ្នាំ២០២៤នេះ ដោយសារតែទីផ្សារសំខាន់ៗរបស់យើងទាំងនៅអាមេរិក អឺរ៉ុប ចក្រក្រភពអង់គ្លេស កាណាដា និងជប៉ុនកំពុងមានកំណើនឡើងជាពិសេសការនាំចេញទៅទីផ្សារចិន និងទីផ្សារដទៃៗទៀត»។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង កន្លងមកធ្លាប់បាននិយាយថា កំណើនក្រុមហ៊ុនវិនិយោគនៅកម្ពុជា ពិសេសក្នុងខេត្តកំពង់ស្ពឺ គឺកើតឡើងដោយសារកត្តាមួយចំនួនដូចជា កត្តាសន្តិភាព មានកម្លាំងពលកម្មជំនាញច្រើននិងតម្លៃសមរម្យ និងប្រព័ន្ធច្បាប់វិនិយោគអំណោយផល។
លោកបានលើកឡើងថា៖«អ្នកវិនិយោគគាត់ហ៊ានមករកទទួលទាននៅខេត្តកំពង់ស្ពឺ កាន់តែច្រើន គឺដោយសារតែសន្តិភាព សុខសុវត្ថិភាព ដែលធានាការពារដោយអាជ្ញាធរ និងដោយសារការខិតខំប្រឹងប្រែងធ្វើការងារ និងភាពស្មោះត្រង់របស់ក្រុមកម្មករ»៕