សមាគម​ផលិត​អំបិល​កម្ពុជាបាន​រំពឹងថា អំបិល​កម្ពុជា ដែលជា​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ «GI» នឹង​ទទួលបាន​ការបញ្ជាទិញ​កាន់តែច្រើន​ពី​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំនេះ ខណៈដែល​សមាគម​កំពុង​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែម ស្រប​ពេលដែល​ការផលិត​អំបិល​អាច​នឹងមាន​កំណើន​នៅ​ឆ្នាំនេះ​។​

លោក ប៊ុន ណារិន ប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ​១២ ខែកុម្ភៈ​ថា ដោយសារតែ​អាកាសធាតុ​អំណោយផល បានធ្វើឱ្យ​ការផលិត និង​ការប្រមូល​ផល​អំបិល ត្រឹម​រយៈពេល​ ៦​ សប្តាហ៍​ដើមឆ្នាំ​ ២០២៤ ​នេះ ទទួលបាន​បរិមាណ​ជិត​ ១​ ម៉ឺន​តោន ខណៈដែល​រយៈពេល​ដូចគ្នា​នា​ឆ្នាំមុន បាន​តិចជាង​នេះ​។​

លោក​បាន​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា ឆ្នាំនេះ យើង​នឹង​អាច​ផលិត​បាន​អំបិល​ចន្លោះ​ពី​ ៨​ ទៅ​ ១០ ម៉ឺន​តោន ដោយសារតែ​កត្តា​អាកាសធាតុ ដោយ​យើង​បានចាប់ផ្តើម​ប្រមូល​ផល​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ ​២០២៣​ មកម្ល៉េះ​។​ ដូច្នេះ​បើ​គិត​ទៅ ការប្រមូល​ផល​គិត​មកទល់​ថ្ងៃនេះ តាម​ការប៉ាន់ស្មាន​បាន​ប្រហែល​ជិត​ ១​ ម៉ឺនតោន​ ហើយ ហើយ​ការប្រមូល​យើង​នឹងធ្វើ​បន្តបន្ទាប់​រហូតដល់​ដំណាច់​ខែមេសា​»​។​

លោក ប៊ុន ណារិន បាន​ប្រាប់​ឱ្យដឹងទៀតថា កន្លងទៅ​ការនាំចេញ​អំបិល ធ្វើឡើង​តាមរយៈ​ការនាំ​ចេញទៅ​ជាមួយ​ម្រេច ដោយ​នាំចេញ​តែ​អំបិល លក្ខណៈ​ដាច់ដោយឡែក​នៅមាន​តិចតួច​នៅឡើយ​។ នៅក្នុង​នោះ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣​កន្លងទៅ កម្ពុជា​បាន​នាំចេញ​ទៅបាន​១​ទូ​កុងតឺន័រ ដែល​ស្មើនឹង​ប្រមាណ​ជាង​ ១៧​ តោន ទៅកាន់​ទីផ្សារ​អឺរ៉ុប ខណៈដែល​កន្លងទៅ​ធ្លាប់​នាំចេញ​ពីរ​ទៅ​៣​ដង​រួចមកហើយ ក្នុង​ទំហំ​តិចតួច​។​

លោក​បាន​បញ្ជាក់ថា៖ «​យើង​កំពុងតែ​គិតគូរ​ជំរុញ​ការនាំចេញ​បន្ថែមទៀត​នៅ​ឆ្នាំ​២០២៤ សម្រាប់​អំបិល​របស់​យើង​។​

សង្ឃឹមថា យើង​នាំចេញ​បាន​ច្រើន ដោយសារតែ​ខាង​បរទេស ជាពិសេស​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​អាស៊ី ដោយសារតែ​អំបិល​បាន​ជាប់​ជា​អំបិល GI»​។​

«​ថ្ងៃមុន ខាង​ក្រុមហ៊ុន​របស់​កូរ៉េខាងត្បូង បាន​ចុះមក​មើល​ផលិតកម្ម​អំបិល​របស់​យើង ដោយ​គេ​មានបំណង ចង់​នាំ​ចូលទៅ​ប្រទេស​កូរ៉េ សម្រាប់​ផលិត​គីម​ឈី​។ ចំណែក​ទីផ្សារ​ចិន ក៏​យើង​កំពុង​ទាក់ទង និង​ក្នុង​ទីផ្សារ​ក្នុង​អាស៊ី​មួយចំនួនទៀត​ផងដែរ​»​។ លោក ប៊ុន ណារិន បានបញ្ជាក់​ប្រាប់​បន្ថែម​។​

បើតាម​ប្រធាន សមាគម​ផលិត​អំបិល​កម្ពុជា អំបិល ដែល​បាន​នាំ​ចេញទៅ​ក្រៅប្រទេស​រួមមាន អំបិល​ម៉ដ្ត​,​អំបិល​ក្រួស​, ផ្កាអំបិល និង​អំបិល​ស្លឹក​។​

​បែបនេះ​ក្តី លោក ហេង សុខ​គង់ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យដឹង​ដែរ​ថា ការផលិត​អំបិល​បច្ចុប្បន្ន នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​ឯកសារ​ដីស្រែ​អំបិល​មិនទាន់មាន​ភាពច្បាស់លាស់ និង​មិនទាន់មាន​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​កង្វះខាត​កម្លាំង​ពលកម្ម ខណៈ​ការផលិត​នៅ​ធ្វើ​តាមបែប​ប្រពៃណី​នៅឡើយ ដែល​ពុំទាន់​មាន​កម្រិតស្តង់ដា​ត្រឹមត្រូវ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រសួង និង​អ្នកពាក់ព័ន្ធ កំពុង​យកចិត្តទុកដាក់ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឱ្យបាន​រួចរាល់​នាពេលខាងមុខ ដ្បិត​អំបិល គឺជា​មុខទំនិញ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។ ខ្ញុំ​ជឿជាក់ថា អំបិល​កម្ពុជា​នឹងមាន​ឱកាស​កាន់តែ​ល្អ សម្រាប់​ទីផ្សារ​អឺរ៉ុប​នាពេលខាងមុខ​»​។​

លោក​បាន​បន្ថែមថា បច្ចេកទេស​នៃ​ការផលិត និង​ការពិនិត្យ​គុណភាព​អំបិល ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​អ្នក​ផលិត​អំបិល​នៅ​កម្ពុជា​ដែរ ដែល​ទាមទារ​ឱ្យមាន​ការជួយ​បណ្តុះបណ្តាល និង​បង្កើត​កន្លែង​ពិសោធន៍​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​អាច​ប្រកួតប្រជែង និង​ឈានដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅក្នុង​ឆ្នាំ​២០២៣ កន្លងទៅ កម្ពុជា​ផលិត​អំបិល​បាន​ជាង​ ៧,៩​ ម៉ឺន​តោន និង​នៅសល់​បន្ទាប់ពី​ការប្រើប្រាស់​រួច​ចំនួន​ជាង​ ១​ ម៉ឺន ​៧ ​ពាន់​តោន​៕