​ភ្នំពេញៈ​សមា​គម​ស្វាយ​ចន្ទី​កម្ពុជាបាន​លើក​ឡើង​ថា ក្រោយ​ពី​បាន​សង្កេត​បាតុ​ភូត​អែល​នី​ណូ ​និង​ផល​ប៉ះ​ពាល់​លើ​ដំណាំ​ស្វាយ​ចន្ទី​ ដោយ​ចន្ទី​ចាប់​ផ្តើម​គាំង​ក្តឹប​និង​ខូច​ផ្កា ​និង​ការ​កកើត​សត្វ​ល្អិត​បំផ្លាញ​ច្រើន​មក​ សមា​គម​បាន​ទម្លាក់​ការ​ព្យាករ​ទិន្នផ​ល​ឆ្នាំ២០២៤ ​នេះ ​នឹង​បន្ត​ធ្លាក់​ចុះ ​១០ ទៅ ​៣០ ​ឬ​លើស​នេះ ​បើ​ធៀប​នឹង​ឆ្នាំ២០២៣​។​

​លោក​ អួន ស៊ី​ឡុ​ត ប្រធាន​សមា​គម​ស្វាយ​ចន្ទី​កម្ពុជា ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ​ខែកុម្ភៈ​ថា ​កាលពី​​ចុងឆ្នាំ​២០២៣ ​សមា​គម​ធ្លាប់​បាន​ព្យា​ករ​ថា​ ទិន្ន​ផល​នឹង​កើន​ក្នុង​រង្វង់​ ១០ ​ភាគ​រយ​ នៅ​ឆ្នាំ​នេះ ​ប៉ុន្តែ​ចាប់​ពី​ដើម​ខែ​កុម្ភៈ​មក​ តា​មរយៈ​ការ​រាយ​ការណ៍​ពី​សមា​ជិក​របស់​សមា​គម​ រួម​ទាំង​ការ​ចុះ​សង្កេត​ផ្ទាល់​នៅ​តាម​ចម្ការ​នានា​នៅ​ខេត្ត​ទាំង​ ១០ ​រួច​មក​ ឃើញ​ថា ទិន្ន​ផល​មិន​ត្រឹម​តែ​មិន​អាច​កើន​ឡើង​ដូច​ការ​ព្យា​ករ​ពី​មុន​នោះ​ទេ ថែម​ទាំង​ធ្លាក់​ចុះ​ក្នុង​រង្វង់​ ៣០ ​ភាគ​រយ​ទៀត​។​

​លោក​បាន​បញ្ជាក់​ដូច្នេះ​ថា​៖«​ក្រោយ​ពី​យើង​តាម​ដាន​អាកាស​ធាតុ​ ជា​ពិសេស​ដើម​ខែ​កុម្ភៈ​នេះ ​ឃើញ​ថា ទិន្ន​ផល​នឹង​មាន​ការ​ធ្លាក់​ចុះ​។ ស្វាយ​ចន្ទី​ ដែល​គាំង​ក្តឹប​និង​ខូច​ផ្កា ​រួម​ទាំង​មាន​ការ​កកើត​សត្វ​ល្អិត​បំផ្លាញ​ច្រើន​នោះ ​យើង​មិន​ទាន់​អាច​គណ​នា​ទំហំ​ប៉ះ​ពាល់​នៅ​ឡើយ​ទេ ​ប៉ុន្តែ​យើង​បាន​ចុះ​ទៅ​មើល​តាម​ចម្ការ​ដោយ​ផ្ទាល់​ ឃើញ​ថា​ ប៉ះ​ពាល់​ច្រើន​ដែរ ។​សមា​គម​យើងព្រួយ​បានរ​ម្ភ​ពី​ស្ថាន​ភាព​នេះ ​ដែល​នឹង​ធ្វើ​ឱ្យ​កសិ​ករ​បាក់​ទឹក​ចិត្ត​កាន់​តែ​ច្រើន​»​។​

​លោក អួន ស៊ី​ឡុត ​បាន​បន្ត​ថា ​វា​គឺជា​ការ​បារម្ភ​ធំ​ណាស់ ​សម្រាប់​ស្វាយ​ចន្ទី​កម្ពុជា​ ព្រោះ​កត្តា​អាកាស​ធាតុ​នេះ ជា​កត្តា​មួយ​ដែល​មិន​អាច​យក​ឈ្នះ​បាន​ទេ ​ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្តី ​សមា​គម​ស្វាយ​ចន្ទី​កម្ពុជា ​បាន​ចេញ​សារ​ព្រមាន​ កាល​អំឡុង​ឆ្នាំ​២០២៣ ​រួច​មក​ហើយ​ពី​បាតុ​ភូត​បាតុ​ភូត​ El Nino ​នេះ​នឹង​បង្កឱ្យ​មាន​ភាព​ក្ដៅ​ស្ងួត​អូស​បន្លាយ ​ខ្វះ​ទឹកក្នុង​ដី​ គ្មាន​សំណើម​ ដើម្បី​ជួយ​រុក្ខ​ជាតិ​ឱ្យ​លូត​លាស់​ល្អ និង​បង្ក​ឱ្យ​មាន​សត្វ​ចង្រៃ​បំផ្លាញ​ស្វាយ​ចន្ទី​ដូច​ជា ​ចៃ​ស ​ដង្កូវ​គ្រប់​ប្រភេទ​ ស្រមើល និង​ពីង​ពាង​ក្រហម​ ជា​ដើម​។​

លោក​ អួន​ ស៊ី​ឡុត ​បាន​បញ្ជាក់​បន្ថែមថា៖​«​យើង​បាន​ប្រាប់​ដល់​សមា​ជិក​របស់​យើងក្នុង​ការ​ត្រៀម​ខ្លួន​រួច​ហើយ​ ក្នុងកា​រ​ទប់​ទល់​នឹង​បញ្ហា​នេះ​។​ដូច្នេះ​សមាជិក​សមា​គម​ភាគ​ច្រើន ​គឺ​គាត់​បាន​ធ្វើ​ហើយ​ជោគ​ជ័យ ​មាន​ន័យ​ថា ​គាត់​ខិត​ខំ​ធ្វើ​យ៉ាងណា​ឱ្យ​បាន​ចេញ​ក្តឹប​នៅ​ខែធ្នូ ​និង​មករា ​ដោយ​មក​ទល់​ពេល​នេះ ស្វាយ​ចន្ទី​គាត់​បាន​ទុំ​ហើយ ​គឺ​គាត់​ធ្វើ​ជោគ​ជ័យ​ច្រើន​។ ដូច​នេះ​កសិករ​យើង​មិន​សូវ​ប៉ះ​ពាល់​ទេ​ អ្នក​ដែល​ប៉ះ​ពាល់​ច្រើន​គឺ​កសិករ ដែល​មិន​មែន​ជា​សមា​ជិក​យើង​»​។

​អ្នក​នាំ​ពាក្យ​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ ​និង​នេ​សាទ  កញ្ញា ​អ៊ឹម រចនា ​បាន​ប្រាប់​ដែរ​ថា ក្រសួង​បាន​ដឹង​ពី​បាតុ​ភូត​ El Nino នេះ (​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​) តាម​រយៈ​ការ​ព្យាករ​របស់​ក្រសួង​ធន​ធានទឹ​ក​ និង​ឧតុ​និយម ​និង​ធ្លាប់​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​ប្រជា​កសិករ​ឱ្យ​បាន​ជ្រាប​ពី​បាតុ​ភូត​នេះ ​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ទប់​ទល់ ​និង​ថែទាំ​ដំណាំ ​ក្នុង​ពេលដែ​ល​កម្ពុជា​ត្រូវ​រង​ឥទ្ធិ​ពល​ពី​បាតុ​ភូត​ El Nino ​នេះ​។​

​កញ្ញា​បាន​បញ្ជាក់​ថា​៖ «​ចំពោះ​បាតុ​ភូត​ El Nino ដែល​កំពុង​តែ​ជះឥទ្ធិ​ពល​មកលើ​ប្រទេស​កម្ពុជា វា​នឹង​ប៉ះ​ពាល់​ដល់​ទិន្ន​ផល​ដំណាំ​ដោយ​ចៀស​មិន​រួច​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក្រសួង​បាន​ណែ​នាំ​ដល់​មន្ទីរ​កសិកម្ម​ទូទាំង ​២៥ ​រាជ​ធានី​ ខេត្ត​ ឱ្យធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​កសិករ ​ដើម្បី​ជួយ​ដល់​កសិករ ​ក្នុង​ការផ្ត​ល់​បច្ចេក​ទេស​នានា ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​ដំណាំ​នានា ​ដោយ​សារ​បាតុ​ភូត El Nino ​ខណៈ​ដែល​សមា​គម​ស្វាយ​ចន្ទី​កម្ពុជា ក៏​អំពាវ​នាវ​និង​ផ្តល់​ការ​ណែ​នាំ​ដល់​អ្នក​ដាំ​ដុះ​ស្វាយ​ចន្ទី​ចំពោះ​បញ្ហា​នេះ​ដែរ​»​។

​ដោយ​ឡែក​ចំពោះ​ការ​កែ​ច្នៃ​ផលិត​ផល​ស្វាយ​ចន្ទី​វិញ​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ បញ្ជាក់​ថា ​ក្រសួង​បាន​សង្កេត​ឃើញ​ពី​និន្នា​ការ​វិជ្ជ​មាន​ពាក់​ព័ន្ធ​នឹង​ការ​កែច្នៃ​ផលិត​ផល​ស្វាយ​ចន្ទី​ ដោយ​ក្នុង​អំឡុង​ចុង​ឆ្នាំ​២០២៣ ​និង​ដើម​២០២៤​ នេះ​ ការ​កែច្នៃ​ក្នុង​ស្រុក​បាន​កើន​ឡើង​ពី​ ៥​ ភាគ​រយ​ មក​ដល់ ​១០​ ភាគ​រយ ​ខណៈ​ដែល​ការ​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ ​ក៏មាន​ការ​ថយ​ចុះ​តាម​នោះ​ដែរ​។​

​កញ្ញា ​អ៊ឹម រចនា បាន​លើក​ឡើង​ដូច្នេះ​ថា​៖ «​ក្រសួង ​ព្រម​ទាំង​ដៃគូ​ពាក់​ព័ន្ធ នឹង​បន្ត​ធ្វើ​ការ​ដោយ​ឥតខ្លាច​​នឿយ​ហត់ ​ដើម្បី​ជំរុញ​ឱ្យ​ការ​កែ​ច្នៃ​គ្រាប់​ស្វាយ​ចន្ទី​នៅ​ក្នុង​ស្រុក​មាន​កំណើន​កាន់​តែ​ច្រើន​ឡើងៗ​បន្ថែម​ទៀត និង​មាន​គុណភា​ព​ខ្ពស់ ​ទាំង​សម្រាប់​ការ​ផ្គត់​ផ្គង់​នៅ​ទីផ្សារ​ក្នុង​ស្រុក​ និង​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​»​។​

​របាយ​ការណ៍​ពី​ក្រសួង​កសិ​កម្ម បាន​បង្ហាញ​ថា កម្ពុ​ជា​មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយច​ន្ទី​ប្រមាណ ​៤៧២ ​៩៤៦ ​ហិក​តា និង​ទទួល​បាន​ទិន្ន​ផល​សរុប​ចំនួន ​៧០៩ ​៤១៩​ តោន​ ចំណែក​ឯ​ការ​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ទៅ​ទីផ្សារ​អន្ត​ជាតិ​បាន​ចំនួន​ប្រមាណ​ ៦៥៦​ ០០០ តោន ​ទៅ​កាន់​ប្រទេស​ ចិន​ ជប៉ុន បង់​ក្លា​ដែ​ស ​ឥណ្ឌា ​វៀត​ណាម និង​ថៃ និង​គ្រាប់​ស្វាយ​ចន្ទី​កែច្នៃ​ទៅ​កាន់​ប្រទេស​ ចិន សា​ធា​រណ​រដ្ឋ​ឆែក​ ជប៉ុន កូរ៉េ​ខាង​ត្បូង​ ហូ​ឡង់ ​វៀត​ណាម ​និង​សហ​រដ្ឋ​អាមេ​រិក​៕