ទោះបីជាមានភាពមិនច្បាស់លាស់ក្នុងតំបន់ និងពិភពលោកកាលពីឆ្នាំមុនក៏ដោយ ក៏ក្រុមហ៊ុនចុះបញ្ជីភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ពីដំណើរការអាជីវកម្មដ៏ល្អកាលពីឆ្នាំមុន ខណៈដែលកំពង់ផែមួយនេះ កំពុងពង្រីកការវិនិយោគ ដោយសារតែការកើនឡើងសកម្មភាពដឹកជញ្ជូនទំនិញ។
យោងតាមឯកសាររបស់ PAS ផ្ញើទៅ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ប្រាក់ចំណូលរបស់កំពង់ផែ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៣មានជាង ៨៩,២៦៣ លានដុល្លារធៀបនឹង ៨៤,១៤៧ លានដុល្លារ កើនឡើងជាង ៦ ភាគរយ។
លោក លូ គឹមឈុន ប្រធាន PAS បានឱ្យដឹងថា កំពង់ផែរបស់លោក នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្ម និងសេវាកម្មរបស់ខ្លួន ដើម្បីសម្រេចបានលទ្ធផលល្អបំផុតសម្រាប់ជាប្រយោជន៍ដល់ម្ចាស់ភាគហ៊ុន។
លោក លូ គីមឈន់ បានឱ្យដឹងនៅក្នុងឯកសារនេះថា៖ «PAS បានពង្រឹងប្រសិទ្ធភាពការងារ និងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងកើនឡើង និងកំណើនសេដ្ឋកិច្ចដែលកើនឡើង។ ជាមួយនឹងការកើនឡើងនៃបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ ក្រុមហ៊ុនផែបានជួសជុលកំពង់ផែថ្មី (សាងសង់កាលពីឆ្នាំ ១៩៦៩ មានប្រវែង ៣៥០ ម៉ែត្រ) ឱ្យក្លាយជាចំណតផែកុងតឺន័របន្ថែមដែលមានប្រវែង ២៥៣ ម៉ែត្រ ដែលបច្ចុប្បន្នមានចំណតផែ២តែប៉ុណ្ណោះ»។
លោកបានបន្តថា ក្រុមហ៊ុន PAS កំពុងសាងសង់ចំណតផែកុងតឺន័រថ្មី (ដំណាក់កាលទី ១) ដែលមានប្រវែង ៣៥០ ម៉ែត្រ គុណនឹង ១៤,៥ ម៉ែត្រ រួមទាំងការដំឡើងគ្រឿងចក្រលើកដាក់កុងតឺន័រទំនើប ប្រភេទ (QCs)ចំនួន ៣ គ្រឿង, ប្រភេទ RTGs ចំនួន ៩ គ្រឿង, រថលើកកុងតឺន័រទទេចំនួន ២ គ្រឿង និងរថយន្តកុងតឺន័រធំចំនួន ១៦ គ្រឿងនិងប្រព័ន្ធគ្រប់គ្រងចំណតផែកុងតឺន័រស្វ័យប្រវត្តិចំនួន ១ ឈុត។
លោកលើកឡើងថា៖ «ចំណតផែកុងតឺន័រថ្មីនេះនឹងអនុញ្ញាតឱ្យនាវាកុងតឺន័រធំ ៗ នៅក្នុងតំបន់ចូលចតនៅចំណតផែកុងតឺន័ររបស់ផែបាន។ ការណ៍នេះនឹងជួយធ្វើឱ្យប្រសើរឡើងនៃតម្លៃដឹកជញ្ជូនតាមមហាសមុទ្រនឹងមានតម្លៃដូចបណ្ដាប្រទេសជិតខាង និងក្នុងតំបន់ដែលនឹងរួមចំណែកដល់ការសម្របសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា»។
លោកបន្ថែមថា គម្រោងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៥ ហើយសមត្ថភាពផ្ទុកកុងតឺន័រនឹងកើនឡើងដល់ ១ ១៥០ ០០០TEUs ក្នុងរយៈពេល ១ឆ្នាំ នៅពេលដែលចំណតផែកុងតឺន័រថ្មីនេះនឹងត្រូវបានដាក់ឱ្យដំណើរការសម្រាប់ប្រតិបត្តិការក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕