​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា វិនិយោគិន​ថៃ គ្រោង​នឹង​មកកាន់​ប្រទេស​កម្ពុ​ជា នា​ដើមខែ​មីនា​ខាងមុខនេះ ដើម្បី​សិក្សា​លើ​គម្រោង​ចំនួន​ ៣ ដែលមាន​ទុនវិនិយោគ​ប៉ាន់ប្រមាណ​ប្រហែល ១​ ពាន់​លាន​ដុល្លារ ខណៈដែល CDC ​រំពឹងទុក​ផងដែរ​ពី​កំណើន​នៃ​ការវិនិយោគ​របស់​ប្រទេស​ថៃ​នៅ​កម្ពុ​ជានា​ឆ្នាំនេះ​។​

នា​វេទិកា​ការទូត​សេដ្ឋកិច្ច​ក្រោម​ប្រធានបទ «​កម្ពុជា​ទំព័រ​ថ្មី | ឱកាស​ធុរកិច្ច និង​ការវិនិយោគ​» កាលពី​រសៀល​ថ្ងៃទី​ ១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នៅ​រាជធានី​បាងកក ប្រទេស​ថៃ លោក សួន សុផល អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា (​គ​.​វ​.​ក​.) ក្នុងនាម​ជា​វាគ្មិន ដែល​បាន​ចូលរួម​នៅក្នុង​វេទិកា​ការទូត​សេដ្ឋកិច្ច​នេះ​ផងដែរ​។​

​ក្នុង​វេទិកា​នោះ​លោក​បាន​រំលេច​ពី​បរិយាកាស​វិនិយោគ​ដែលមាន​ស្ថិរភាព និង​ភាព​ទាក់ទាញ​ខ្ពស់​,​របប​វិនិយោគ​ដែលមាន​បច្ចុប្បន្នភាព និង​មាន​ទំនោរ​ជ្រោមជ្រែង​ការរីក​ធំធាត់​របស់​វិស័យ​ឯកជន​, យន្តការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ប្រកបដោយ​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​ភាពកក់ក្តៅ​, កញ្ចប់​លើកទឹកចិត្ត​ដែលមាន​ភាពបត់បែន និង​សម្រប​ជាមួយនឹង​និន្នាការ​ថ្មី​នៃ​ចរន្ត​សេដ្ឋកិច្ច​សកល​និង​សេវា​ថែទាំ​វិនិយោគ​ដែល​គួរ​ជាទី​ទុកចិត្ត​សម្រាប់​វិនិយោគិន​។​

​លោក​បាន​ថ្លែងថា៖ «​ស្របគ្នា​ជាមួយនឹង​វេទិកា​នេះ វិនិយោគិន​ថៃ​ដែល​ធ្លាប់បាន​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​ថៃ​កាលពី​ថ្ងៃទី ​៧ ខែកុម្ភៈ ​កន្លងទៅ​ថ្មីៗ​នេះ​បានបង្ហាញ​ការជឿទុកចិត្ត​មក​សិក្សា​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ក្រោម​ម្លប់​នៃ​ការដឹកនាំ​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ហើយ​គ្រោង​នឹង​អញ្ជើញ​មក​ទឹកដី​កម្ពុ​ជានា​ដើមខែ​មីនា​ខាងមុខ​ដើម្បី​សិក្សា​លើ​គម្រោង​ចំនួន​ ៣ ដែលមាន​ទុនវិនិយោគ​ប៉ាន់ប្រមាណ​ប្រហែល ១​ ពាន់​លាន​ដុល្លារ​»​។​

​បើតាម CDC មាន ប្រធានបទ​ចំនួន​ ៤ ដែល​ប្រតិភូ​តំណាង​ប្រទេស​កម្ពុជា បានជ្រើសរើស​ទៅធ្វើ​បទឧទ្ទេសនាម​ជូន​អង្គ​វេទិកា ការទូត​សេដ្ឋកិច្ច រួមមាន​៖ ទី​១ «​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា បរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​» ធ្វើ​បទឧទ្ទេសនាម​ដោយ លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ប្រធានបទ​ទី​២ «​ឱកាស​ធុរកិច្ច​នៅ​កម្ពុជា​» ធ្វើ​បទឧទ្ទេសនាម​ដោយ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​, ចំណែក​ប្រធានបទ​ទី​៣«​ធុរកិច្ច និង​ការវិនិយោគ​៖ ហេតុអ្វី​វិនិយោគ​នៅ​កម្ពុជា​?» ធ្វើ​បទឧទ្ទេសនាម​ដោយ​លោក សួន សុផល អគ្គលេខាធិការរង គ​.​វ​.​ក​. និង​ប្រធាន​ទី​៤ «​នីតិវិធី​និង​ដំណើរការ​ពន្ធដារ​៖ ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​លើ​នីតិវិធី​នៃ​ការវិនិយោគ និង​ពន្ធ ការផ្ទេរ​ដើមទុន លក្ខខណ្ឌ និង​ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ពន្ធ​ត្រួតគ្នា (DTA)» ធ្វើ​បទឧទ្ទេសនាម​ដោយ​វាគ្មិន​កិត្តិយស លោកស្រី ប៊ុន នារី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​លោក តាន់ មុនី​វណ្ណ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ថៃ​មិន​ត្រឹមតែ​ជា​ប្រទេសជិតខាង តែ​ជា​ដៃគូ​ពាណិជ្ជកម្ម យ៉ាង​ជិតស្និទ្ធ និង​មិនអាច​ខ្វះ​បាន​របស់​កម្ពុជា ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ ក្នុង ១​ឆ្នាំៗ​រាប់ពាន់​លាន​ដុល្លារ​។​

​លោក​បាន​បន្ថែមថា នា​វេទិកា​ធុរកិច្ច​កម្ពុជា​-​ថៃ ដែល​សហការ​រៀបចំ​ដោយ សភាពាណិជ្ជកម្ម​កម្ពុជា សភាពាណិជ្ជកម្ម​ថៃ និង​គណៈកម្មាធិការ​ពា​ណិ​ជ្ជ​កម្ម​ថៃ កាលពីដើម​ខែកុម្ភៈ​កន្លងទៅ មាន​គោលបំណង​សំខាន់​ណាស់ ជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទ្វេភាគី​កម្ពុជា​-​ថៃ ជាពិសេស​ការទាក់ទាញ​ក្រុមហ៊ុន​ធំៗ​របស់​ប្រទេស​ថៃ ឱ្យមក​ដើម្បី​ពិភាក្សា និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​មក​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ទាំង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ថៃ និង​វេទិកា​ការទូត​សេដ្ឋកិច្ច ដែលមាន​តំណាង​រាជរដ្ឋាភិបាល​ចូលរួម​នៅឯ​ប្រទេស​ថៃ​នេះ មាន​គោលបំណង​សំខាន់​តែមួយគត់​គឺ​ការទាក់ទាញ​អ្នកវិនិយោគ​ពី​ថៃ​មក​កម្ពុជា​បន្ថែមទៀត​។ យើង​បានឃើញ​ច្បាស់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ និង​ថែរក្សា អ្នកវិនិយោគ​ដែលមាន​ស្រាប់ ខណៈដែល​វិស័យ​ឯកជន​យើង ដែលមាន​សភាពាណិជ្ជកម្ម ជា​តំណាង ក៏​បាននិងកំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​ដូចគ្នា​ក្នុង​កិច្ចការងារ​នេះ​»​។​

​យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​ថៃ នៅក្នុង​ឆ្នាំ​ ២០២៣ សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង​ ៣ ៧១២​ លាន​ដុល្លារ ថយចុះ ​១៧ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២​។ ដោយឡែក​នៅក្នុង​ខែមករា ឆ្នាំ​ ២០២៤ ​នេះ​វិញ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ៣៤១​ លាន​ដុល្លារ កើនឡើង​ ០,២​ ភាគរយ ធៀប​ខែមករា ឆ្នាំ​ ២០២៣​។​

​ដោយឡែក​ចំពោះ​ការវិនិយោគ របស់​វិនិយោគិន​ថៃ មកកាន់​កម្ពុជា​វិញ បើតាម​របាយការណ៍​ស្ថិតិ​ចុងក្រោយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ស្តីពី​ស្ថានភាព​វិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​បានបង្ហាញ​ថា​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ការវិនិយោគ​ផ្ទា​ល់ពី​វិនិយោគិន​ថៃ នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​៧,៨​ទ្រី​លាន​ដុល្លារ (​ជិត​២​ពាន់​លាន​ដុល្លារ​) ស្មើនឹង​ប្រមាណ​៤,៥​ភាគរយ នៃ​ការវិនិយោគ​ពី​បរទេស​សរុប ជាប់​លំដាប់ថ្នាក់​ទី​៧ ក្នុងចំណោម​ប្រទេស​ចំនួន​១០៕​