គិតត្រឹម​ថ្ងៃទី ២៥ មករា កន្លងទៅនេះ តម្លៃប្រេងឆៅ​បានហក់ឡើង​មួយកម្រិតទៀត ដោយសារ​បញ្ហាចម្រូងចម្រាស​ជាច្រើន ដែលកំពុង​កើតឡើង​នៅទូទាំង​ពិភពលោក។  
 
ក្នុងនោះ ប្រេងឆៅ​របស់​អឺរ៉ុប ដែលគេស្គាល់​ថា​ជា Brent បានកើនតម្លៃ​បន្ថែម​ចំនួន ២,៣៩ ដុល្លារ ឬ ២,៩៩% ធ្វើឱ្យ​ប្រេងឆៅ Brent បច្ចុប្បន្ន​មានតម្លៃ ៨២,៤៣ ដុល្លារក្នុង​មួយបារ៉ែល។ ចំណែកឯ​ប្រេងឆៅ​របស់​អាមេរិក ដែលគេស្គាល់​ថា West Texas Intermediate បានកើនឡើង ២,២៧ ដុល្លារ ឬ ៣,០២% ដែលរុញ​ឱ្យតម្លៃ​បច្ចុប្បន្ន​ឡើងដល់ ៧៧,៣៦ ដុល្លារ។ 
 
ប៉ុន្តែយ៉ាងណា ការកើនឡើង​នៃតម្លៃ​ប្រេងនេះ មានមូលហេតុ​ចូលរួម​ជាច្រើន។ សហរដ្ឋអាមេរិក ដែលជា​អ្នកផលិតប្រេង​មួយដែរនោះ កំពុងរង​ឥទ្ធិពល​ព្យុះទឹកកក ដែលព្យុះនេះ​បានធ្វើ​ឱ្យ​ប៉ះពាល់ ដល់ផលិតកម្ម​បូមប្រេង​នៅតាម​រដ្ឋនីមួយៗ។ 
 
តាមរយៈ​បញ្ហាអាកាសធាតុ​បែបនេះ ការបូមប្រេង​របស់​អាមេរិក​បានធ្លាក់ចុះ​ប្រមាណជា ១ លាន​បារ៉ែល​ក្នុងមួយថ្ងៃ ក្នុងរយៈពេល​មួយសប្ដាហ៍​ចុងក្រោយនេះ ដែលនាំ​ឱ្យស្តុកប្រេងឆៅ​របស់​ប្រទេស​មហាអំណាច​មួយនេះ ធ្លាក់ចុះ​ផងដែរ។ 
 បញ្ហាភូមិសាស្ត្រ​នយោបាយ​នៅមជ្ឈិមបូព៌ា​និងការវាយប្រហារ​កប៉ាល់​ដឹកទំនិញ នៅសមុទ្រ​ក្រហម ក៏បានប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ការដឹក​ទំនិញ​ទូទាំង​ពិភពលោក ដែលក្នុងនោះ​ក៏មានការដឹក​ជញ្ជូន​ប្រេងផង។ 
 
មិនត្រឹមតែប៉ុណ្ណោះ កាលពី​ពេលថ្មីៗនេះ អ៊ុយក្រែន​បានបើកការវាយប្រហារ​ដោយប្រើប្រាស់​ដ្រូន គ្មានមនុស្ស​បើក​ទៅលើ​ទីតាំង​ស្តុកប្រេង​សំខាន់ៗ​របស់​រុស្ស៊ី។ សកម្មភាពនេះ ត្រូវបានគេជឿ​ថា តិចឬច្រើន​នឹងប៉ះពាល់​ដល់ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ប្រេង​របស់​រុស្ស៊ី។ 
  
តម្លៃ​ប្រេង​ក៏ទំនងនឹង​អាចឡើង​បន្ថែមទៀត ព្រោះសេដ្ឋកិច្ច​ចិន​នាពេលនេះ​កំពុងតែ​ខិតទៅរក​ភាពល្អ​ប្រសើរ​ជាបណ្ដើរៗ។ ចិន​ដែលជាប្រទេស​មានតម្រូវការ​ប្រើប្រាស់​ប្រេងធំ​ទី២​លើ​ពិភពលោក អាចធ្វើ​ឱ្យមាន​ការរង្គោះរង្គើ​តម្រូវការប្រេង​ទូទាំង​ពិភពលោក​បាន ប្រសិនបើ​សេដ្ឋកិច្ច​ប្រទេសនេះ ត្រឡប់​ទៅរកភាព​ប្រក្រតី​ឡើងវិញ។ 
 
ទាំងអស់នេះ​ហើយដែលធ្វើ​ឱ្យរំខាន​ដល់​សង្វាក់​ផលិតកម្ម និងការផ្គត់ផ្គង់​ប្រេងនៅ​ទូទាំង​ពិភពលោក ហើយក៏​ជាមូលហេតុ​ដែលរុញ​ឱ្យតម្លៃ​ប្រេងឡើង​ថ្លៃ​ផងដែរ។ 
 
បើទោះជា​តម្លៃប្រេង​មានការកើនឡើង​យ៉ាងណាក៏ដោយ សេដ្ឋកិច្ច​របស់​អាមេរិក នាត្រីមាស​ទី៤ នេះ មានកំណើន​រហូត​ដល់ ៣,៣% ហួសពី​ការព្យាករណ៍​របស់​កាសែត Wall Street Journalist ដែលថា​សេដ្ឋកិច្ច​អាមេរិក​ក្នុងរយៈពេលនោះ​អាចមានកំណើន​ត្រឹមតែ ២% ប៉ុណ្ណោះ៕