ភ្នំពេញៈ ប្រទេសកម្ពុជាបាននាំចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ២៣៥ ១៧១ តោន ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២០ កើនឡើងជាង ២២៥ ភាគរយ បើធៀបទៅនឹងរយៈពេល ៩ ខែដូចគ្នាកាលពីឆ្នាំ ២០១៩។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជាមានកំណើនគួរកត់សម្គាល់នេះគឺចាប់តាំងពីប្រទេសចិនទទួលស្គាល់ស្តង់ដាភូតគាមអនាម័យលើផ្លែចេកស្រស់របស់កម្ពុជា ដែលនេះជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលនៃវិស័យកសិឧស្សាហកម្ម។
លោកថ្លែងថា៖ «ខ្ញុំយល់ថាបរិមាណនៃការនាំចេញចេកអំបូងលឿងនេះនឹងបន្តកើនឡើងថែមទៀតនៅពេលអនាគត ព្រោះការបញ្ជាទិញពីប្រទេសចិនកំពុងកើនឡើង ខណៈក្រុមហ៊ុនជាច្រើនកំពុងពង្រីកផ្ទៃដីដាំដុះ។ ម្យ៉ាងទៀតគេថាផ្លែចេកស្រស់របស់យើងមានគុណភាពល្អ និងឈ្ងុយឆ្ងាញ់»។
យោងតាមលោក ងិន ឆាយ គិតត្រឹមដើមខែតុលានេះ ក្រុមហ៊ុនវិនិយោគលើដំណាំចេកបានពង្រីកផ្ទៃដីដាំដុះកើនដល់ ៣០ ០០០ ហិកតា ហើយកើនពីផ្ទៃដី ១០ ០០០ ហិកតាកាលពីឆ្នាំមុន។
លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីព្រហស្បតិ៍ថា ការនាំចេញកើនឡើងខ្ពស់ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំនេះ ដោយសារចេកអំបូងលឿងរបស់កម្ពុជាមានតម្រូវការខ្ពស់នៅទីផ្សារប្រទេសចិន។
លោកថ្លែងថា៖ «ការនាំចេញចេកអំបូងលឿងរបស់យើងកើនឡើងខ្ពស់នេះដោយសារចេកយើងមានស្តង់ដាអនាម័យគោរពតាមអ្នកបញ្ជាទិញនៅប្រទេសចិន»។
លោកបន្តថា ប្រទេសកម្ពុជាពិតជាមានសក្តានុពលក្នុងការពង្រីកចង្វាក់ផលិតកម្មចេកអំបូងលឿងបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារប្រទេសចិន និងទិសដៅទីផ្សារផ្សេងទៀត។ ការនាំចេញចេកអំបូងលឿងរបស់កម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីប្រទេសចិនអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់កាលពីឆ្នាំមុន។
លោកនិយាយថា៖ «ការនាំចេញរបស់ក្រុមហ៊ុនខ្ញុំមិនមានការប្រែប្រួលទេ ប៉ុន្តែទិន្នផលយើងកើនឡើងបន្តិច។ យើងសង្ឃឹមថា ការនាំចេញនឹងបន្តកើនឡើងនៅឆ្នាំនេះ និងឆ្នាំក្រោយៗទៀត»។
ក្រុមហ៊ុន Longmate Agriculture បានវិនិយោគទឹកប្រាក់ ៣២ លានដុល្លារ លើការដាំចេកអំបូងលឿងលើផ្ទៃដីជាង ១ ពាន់ហិកតា ក្នុងស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងវិនិយោគក្នុងដំណាក់កាលទី១ ដោយដាំចេកលើផ្ទៃដីទំហំ ៤០០ ហិកតា។
ចេកអំបូងលឿងជាប្រភេទចេកដែលមានភាពធន់ជាមួយការដឹកជញ្ជូនមិនងាយទុំជោរ និងមានសម្បកក្រាស់។ ចេកប្រភេទនេះអាចផ្តល់ផលពី ៦០-៧៣ តោនក្នុង ១ ហិកតា ក្នុង ១ ឆ្នាំ ដែលគេអាចប្រមូលផល ៣ ដងក្នុងរយៈពេល ២ ឆ្នាំ។
សព្វថ្ងៃប្រទេសចិន បានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគលើដំណាំចេកអំបូងលឿងនៅកម្ពុជាចំនួន ១៥ មានសិទ្ធិនាំចេញចេកជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន។
កាលពីឆ្នាំ ២០១៩ កម្ពុជាបាននាំចេញចេកអំបូងលឿងសរុបចំនួន ១៥៧ ៨១២ តោន ដែលជាមធ្យមកម្ពុជាបាននាំចេញចេកច្រើនជាង ៧៩៥ តោន ក្នុង ១ ថ្ងៃ។ ចេកអំបូងលឿងភាគច្រើនត្រូវបាននាំចេញទៅប្រទេសចិន ក្រៅពីនោះត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម និងជប៉ុន៕