ភ្នំពេញៈ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកម្មវិធីសម្រាប់ភាពជាដៃគូប្រទេស (PCP) ក្នុងគោលបំណងដើម្បីគាំទ្រការអភិវឌ្ឍចង្វាក់តម្លៃកសិកម្ម ព្រមទាំងជំរុញការធ្វើពិពិធកម្ម និងនវានុវត្តន៍ឧស្សាហកម្មផងដែរ។
លោក LI Yong អគ្គនាយក UNIDO បានចុះហត្ថលេខាលើ PCP ជាមួយលោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី ១០ ខែធ្នូ តាមរយៈវីដេអូអនឡាញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
កម្មវិធីនេះនឹងគាំទ្រដល់ការអភិវឌ្ឍចង្វាក់តម្លៃកសិកម្ម ដែលរួមមានផលិតផលដែលជាប់ទាក់ទងទៅនឹងវិស័យទេសចរណ៍ ហើយវានឹងជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម និងនវានុវត្តន៍ ដែលរួមមានតាមរយៈការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
ការចុះហត្ថលេខាលើ PCP នេះត្រូវបានអមដោយការដាក់ឱ្យដំណើរការគម្រោងសំខាន់ៗផ្សេងទៀត រួមទាំងកម្មវិធីស្ដារឡើងវិញស្បៀងអាហារកសិកម្ម និងសហគ្រាសទេសចរណ៍ ដោះស្រាយបញ្ហាប្រឈមរបស់មីក្រូ សហគ្រាសធុនតូច និងមធ្យមចំពេលវិបត្តិជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន។
កម្មវិធីនេះចាប់ផ្ដើមពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ ដែលបានផ្ដល់មូលនិធិដោយទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC)។ លោក Markus Buerli នាយកទទួលបន្ទុកប្រតិបត្តិការបានតំណាងនៅក្នុងការចុះហត្ថលេខាលើកម្មវិធីនេះ។
លោក ចម ប្រសិទ្ធ បានកត់សម្គាល់ថា PCP បានដើរតួនាទីដ៏សំខាន់ការគាំទ្រការអនុវត្តឯកសារគោលនយោបាយដ៏សំខាន់ និងក្នុងការសម្រេចបានអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសទាក់ទងនឹងយុទ្ធសាស្ដ្រស្ដារឡើងវិញជាបន្ទាន់ ដែលបង្កើតឡើងដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ ១៩។
លោក ចម ប្រសិទ្ធ ថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់ទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ ម្ចាស់ជំនួយ ដៃគូ និងវិស័យឯកជន ដែលត្រូវចូលរួមជាកម្លាំងដើម្បីបង្កើនឥទ្ធិពលការអភិវឌ្ឍរបស់ PCP»។
លោកកត់សម្គាល់ថា៖ «ការដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធី PCP គឺទាន់ពេលវេលា និងចាំបាច់ដែលយើងត្រូវតែកៀរគរធនធានដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ ១៩ និងដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់យើង»។
ការចុះហត្ថលេខានៃកម្មវិធីសម្រាប់ភាពជាដៃគូប្រទេស (PCP) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការគាំទ្ររបស់ UNIDO សម្រាប់គោលដៅរបស់ប្រទេសកម្ពុជា ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០។
លោក Li បានបញ្ជាក់ថា៖ «តាមរយៈការផ្ដោតការយកចិត្តទុកដាក់លើវិស័យនានា ជាមួយនឹងសក្ដានុពលកំណើនខ្ពស់ PCP នឹងជួយប្រទេសនេះសម្រេចបានគោលបំណងការធ្វើឧស្សាហូបនីយកម្មរបស់ខ្លួន ស្របជាមួយនឹងរបៀបវារៈការអភិវឌ្ឍជាតិ។
លោក Li ថ្លែងថា៖ «PCP គឺជាដៃគូពហុភាគីពាក់ព័ន្ធក្នុងកម្រិតប្រទេស។ អាស្រ័យហេតុនេះ UNIDO នឹងចូលរួមជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់យ៉ាងសកម្មនៅក្នុងប្រទេសនេះមិនគ្រាន់តែសម្រាប់ការស្ដារឡើងវិញពីវិបត្តិជំងឺកូវីដ ១៩ ក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និង SDG»៕ LA