ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍វៀតណាមបង្កើនជើងហោះហើររវាងប្រទេសទាំង ២ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញនៃការមកដល់របស់ភ្ញៀវទេសចរ។
ការស្នើឡើងនេះធ្វើឡើង ខណៈពេលព្រលានយន្តហោះអន្តរជាតិសំខាន់ទាំង ៣ របស់កម្ពុជាកាលពីថ្ងៃពុធបានប្រារព្ធពិធីស្វាគមន៍អ្នកដំណើរ ១០ លាននាក់ ដែលជាទំព័រថ្មីមួយសម្រាប់ក្រុមហ៊ុន Cambodia Airport។
បច្ចុប្បន្នក្នុង ១ ថ្ងៃមានជើងហោះហើររវាង កម្ពុជា និងវៀតណាម ចំនួន ២៣ ជើង រួមមាន ភ្នំពេញ-ហូជីមិញ,សៀមរាប-ហូជីមិញ, សៀមរាប-ហាណូយ, សៀមរាប-ដាណាង និងពីខេត្តព្រះសីហនុ-ហូជីមិញ ដែលភាគច្រើនប្រតិបត្តិការដោយក្រុមហ៊ុន Vietname Airline ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ និងក្រុមហ៊ុន Vietjet ជាដើម។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍។
ថ្លែងនៅក្នុងពិធីចែកពានរង្វាន់ដល់ទីភ្នាក់ងារទេសចរណ៍ ដែលមានស្នាដៃល្អក្នុងការលក់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីល្ងាចថ្ងៃទី ១៩ ខែ ធ្នូ បានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍វៀតណាមជួយពង្រីកជើងហោះហើរបន្ថែមទៀតជាមួយកម្ពុជាដើម្បីជួយជំរុញឲ្យវិស័យទេសចរណ៍នៃប្រទេសទាំង ២ ទទួលបានទេសចរកាន់តែច្រើន។
លោកបន្តថា កំណើនភ្ញៀវទេសចរមកទស្សនាកម្ពុជា ដែលកំពុងកើនឡើងនាពេលនេះគឺដោយសារគោលនយោបាយបើកចំហជើងមេឃរបស់រដ្ឋាភិបាល និងការប្រឹងប្រែងពី គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនតាមច្រកទ្វារអន្តរជាតិនានា។
លោកថ្លែងថា៖ «បច្ចុប្បន្នឧស្សាហកម្មដឹកជញ្ជូន និងធ្វើដំណើរគឺជាដៃគូមិនអាចខ្វះបានក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក្នុងនោះការដឹកជញ្ជូនតាមផ្លូវអាកាសក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឈរលើគោលការណ៍សុវត្ថិភាពខ្ពស់ និងចំណេញពេលវេលាធៀបនឹងមធ្យោបាយផ្សេងៗទៀត»។
កាលពីឆ្នាំ ២០១៧ ចំនួនអ្នកដំណើរឆ្លងកាត់តាមព្រលានយន្តហោះអន្តរជាតិកម្ពុជា មានចំនួន ៨,៨ លាននាក់ ក្នុងនោះព្រលានយន្តហោះអន្តរជាតិភ្នំពេញមានចំនួន ៤,២ លាននាក់ សៀមរាប ៤,២ លាននាក់ និងខេត្តព្រះសីហនុ ជិត ៤០ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Cambodia Airports។
អ្នកជំនាញនៅក្នុងវិស័យទេសចណ៍កម្ពុជា បានចាត់ទុកថាគោលបំណងនៃការពង្រីកជើងហោះហើរជាមួយប្រទេស វៀតណាម នឹងជួយធ្វើឲ្យកម្ពុជា អាចទទួលបានភ្ញៀវទេសចរបរទេសបន្តពីប្រទេស វៀតណាម កាន់តែច្រើន។
លោក ធួន ស៊ីណា ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក-កម្ពុជា (PATA) កាលពីម្សិលមិញបានប្រាប់ថា បច្ចុប្បន្នប្រទេស វៀតណាម មានជើងហោះហើរត្រង់ជាមួយទីក្រុងធំៗជាច្រើនលើពិភពលោក ដូច្នេះប្រសិនបើកម្ពុជាមានជើងហោះហើរច្រើន ជាមួយវៀតណាមនោះ វានឹងអាចជួយឲ្យកម្ពុជាស្រូបបានភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត។
លោកថ្លែងថា៖ «វៀតណាមទទួលបានភ្ញៀវទេសចរជាច្រើនលាននាក់រៀងរាល់ឆ្នាំ ដូច្នេះបើមានការពង្រីកផ្លូវហោះហើរជាមួយគ្នា វានឹងធ្វើឲ្យកម្ពុជាកាន់តែមានឱកាសស្រូបទាញភ្ញៀវទេសចរបន្តពីប្រទេស វៀតណាម»។ លោកបន្តថា៖ «ការពង្រីកជើងហោះហើរត្រង់ទោះជាមួយប្រទេសណាក៏ដោយ គឺសុទ្ធតែផ្តល់អត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចកម្ពុជា»។
លោកបន្តទៀតថា ការពង្រីកជើងហោះហើរជាមួយបរទេស គឺជាអ្វីដែលអ្នកនៅក្នុងវិស័យទេសចរណ៍ប្រាថ្នាចង់បាន។
លោកបានថ្លែងថា៖ «ខ្ញុំក៏សង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងជំរុញឲ្យមានការហោះហើរត្រង់ពីបរទេសកាន់តែច្រើនបន្ថែមទៀត ពិសេសជាមួយប្រទេស ឥណ្ឌា ប៉ាគីស្ថាន និងឥណ្ឌូនេស៊ី ជាដើម ព្រោះបច្ចុប្បន្ននេះអ្នកទេសចរពីប្រទេសទាំងអស់នោះបានចូលមកទស្សនាប្រទេសជិតខាងកម្ពុជាជាច្រើនរៀងរាល់ឆ្នាំ»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា ប្រទេស វៀតណាម មានប្រជាជន និងភ្ញៀវទេសចរច្រើនហើយទីក្រុងធំៗមួយចំនួនរបស់វៀតណាម ក៏នៅឆ្ងាយពីកម្ពុជាដែរ ដូច្នេះបើមានជើងហោះហើរកាន់តែច្រើនវានឹងធ្វើឲ្យចំនួនភ្ញៀវទេសចរប្រទេសទាំង ២ មានចំនួនកាន់តែច្រើនផងដែរ។
លោកស្រីបានអះអាងថា៖ «ប្រទេស វៀតណាម ជាទីផ្សារធំ ដែលអាចជួយឲ្យកម្ពុជាទទួលបានភ្ញៀវទេសចរពីវៀតណាមកាន់តែច្រើន»។
លោកស្រីលើកឡើងថា ការពង្រីកជើងហោះហើរនឹងជួយឲ្យប្រទេសទាំង ២ ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ជាពិសេសវិស័យទេសចរណ៍ និងដឹកជញ្ជូន។
តួលេខរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០១៨ នេះកម្ពុជាទទួលបានទេសចរបរទេសសរុបជាង ៤,៨ លាននាក់ ក្នុងនោះជនជាតិវៀតណាម មានចំនួន ៦១៩ ១៩៦នាក់ ធ្លាក់ចុះ ៤,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដោយឈរនៅលេខ ២ បន្ទាប់ពីប្រទេស ចិន ដែលមានចំនួន ១ ៦២៨ ៨៤៦ នាក់៕ LA