ភ្នំពេញៈ ​ចំនួន​ទេសចរ​ចិន ដែល​មក​​ទស្សនា​ប្រទេស ​កម្ពុជា​ ក្នុង​​ឆ្នាំ​ ​២០១៨​ មាន​​ប្រមាណ ​២ ​លាន​​នាក់​ កើន​ឡើង​ជាង ​៧០ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ​២០១៧​ ដែល​បាន​ជំរុញ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ កើន​ឡើង​​ដល់​ជាង ៦ ​​​លាន​នាក់​។ ​នេះ​បើ​​​តាម​ការ​លើក​ឡើង​​​​របស់​​រដ្ឋមន្ត្រី​ក្រសួង​ ទេសចរណ៍​កម្ពុជា​។

លោក​ ថោង ​ខុន បាន​ឲ្យ​ដឹង​ថា ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​​នៅ​ឆ្នាំ ​២០១៨​ មាន​ចំនួន ​៦,២ ​លាន​​នាក់​ កើន​ឡើង​ ​១១ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ​២០១៧ ហើយ​ទេសចរ​ចិន​នៅ​តែ​បន្ត​ឈាន​មុខ​គេ ​២ ឆ្នាំ​ជាប់​គ្នា​។

ការ​បង្ហាញ​ពី​ទិន្នន័យ​ចំនួន​ទេសចរ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ហោ ​ណាំ​ហុង ​និង លោក​ ឡ ​ស៊ូកាង ​រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌ ​និង​​ទេសចរណ៍​ចិន​ ដែល​​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​កំណើន​ភ្ញៀវ​ទេសចរ​ចិន​ ​ជា​​កាលា​នុវត្តន៍​ដ៏​សំខាន់​សម្រាប់​វិស័យ​​ទេសចរណ៍ ​និង​ការ​បង្កើត​​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស ​កម្ពុជា​។

​លោក​ថ្លែង​ថា៖​ «ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​នៅ​ឆ្នាំ ​២០១៩​ កម្ពុជា​ក៏​ត្រូវ​ការ​ឲ្យ​មាន​ការ​វិនិយោគ​លើ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត និង​នវានុវត្តន៍»​។

លោក​ ថោង ​ខុន ​បន្ត​​ថា៖ ​«យើង​ខ្ញុំ​ក៏​សូម​សំណូមពរ​ ឯក​ឧត្តម​រដ្ឋមន្ត្រី ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ហោះហើរ​ត្រង់​ចេញ​ពី​​ចិន​មក​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​ដើម្បី​ជំរុញ​កំណើន​ទៅ​វិញ​ទៅ​មក​»។

ទំនាក់​ទំនង​រវាងក​ម្ពុជា ​និង ​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កាន់​តែ​ស្អិតល្មួត​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោ​យ​​ ខណៈ​កម្ពុជា​កំពុង​​រង​ការ​ព្រមាន​ពី​ការ​ដក​​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នាំចេញ​ទំនិញ​​ទៅ​សហភាព​អឺរុប ​ដែល​ជា​ទីផ្សារ​​ធំ​ជាង​គេ​របស់​កម្ពុជា។​​

លោក​ ឡ ​ស៊ូកាង ​ក៏​បាន​ជួប​លោក​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ ផង​ដែរ​សម្រាប់​ការ​ប្រកាស​ឆ្នាំ ​វប្បធម៌​ និង​ទេសចរណ៍ ​២០១៩​ កម្ពុជា​ ចិន ​ដែល​ជំនួប​នេះ​ជា​​ការ​បន្ត​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​​វិស័យ​វប្បធម៌​ និង​ទេស​ចរណ៍​រវាង​​ប្រទេស​ទាំង ​២ ឲ្យ​កាន់​តែ​រីក​ចម្រើន​។​

ដំណើរ​មក​កាន់​កម្ពុជា​របស់​លោក ​ឡ ​ស៊ូកាង ​ធ្វើ​ឡើង​តែ​ជាង​ ១ ​សប្តាហ៍​​ប៉ុណ្ណោះ ​បន្ទាប់​ពី​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​​ចិន​ ដែល​បាន​នាំ​មក​នូវ​កិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​ជា​ច្រើន​ ជា​មួយ​នឹង​ការ​សន្យា​​​ជំនួយ​ជាង ​៦០០ ​លាន​ដុល្លារ​ពី​​​ចិន​។ ​

ក្នុង​សុន្ទរក​ថា​ របស់​លោក​ ថោង ​ខុន ​បាន​ចាត់​ទុក​អនាគត​នៃ​វិស័យ​​ទេសចរណ៍​កម្ពុជា​ មិន​អាច​កាត់​ផ្តាច់​​ចេញ​ពី​ការ​ស្រូប​ទាញ​កំណើន​នៃ​លំហូរ​ទេសចរ ​និង​វិនិយោគិន​ចិន​បាន​ឡើយ។​ លោក​ថ្លែង​ថា៖ ​«កម្ពុជា​យល់​ច្បាស់​ពី​និន្នាការ​នេះ ​និង​បាន​ត្រៀម​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ ​និង​​វិនិយោគិន​ចិន ពិសេស​ការ​សម្រួល​បរិយាកាស​ទទួល​​បដិ​សណ្ឋារកិច្ច ​ភ្ញៀវ​ទេសចរ ​និង​វិនិយោគ​របស់​មហាមិត្ត​ចិន​នៅ​កម្ពុជា​។

អ្នក​ស្រី ​ឆាយ ​ស៊ីវលីន ​ប្រធាន​សមាគម​​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​បាន​សាទរ​ចំពោះ​កំណើន​នេះ​ និង​បាន​ចាត់​ទុក​ថា​ វា​កើត​ចេញ​ពី​ស្ថិរភាព និង​កំណើន​សេដ្ឋកិច្ច​​របស់​ប្រទេស​ កម្ពុជា​។ ​អ្នក​ស្រី​បន្ត​ថា៖ ​«ការ​បើក​ចំហ​ជើង​មេឃ ​តាម​រយៈ​ការ​ត​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​កាន់​តែ​ច្រើន ការ ពង្រឹង​សេវាកម្ម ​និង​ការ​កែ​លម្អ​ក្នុង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​បាន​ជំរុញ​ឲ្យ​មាន​កំណើន​ទាំង​នេះ»​។

ទោះបី​យ៉ាង​នេះ​ក្តី ​អ្នក​ស្រី​បន្ត​ថា ​កំណើន​យ៉ាង​គំហុក​នៃ​ការ​មក​ដល់​ភ្ញៀវ​ទេសចរ​ចិន​បាន​ផ្តល់​ភាព​អវិជ្ជមាន​ខ្លះ​ទាក់ទង​នឹង​សេវាកម្ម​។ ​អ្នកស្រី​បន្ត​ថា ​ភាព​អវិជ្ជមាន​ គឺ​សំដៅ​ដល់​ការ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​របស់​អ្នក​ផ្តល់​សេវា​ក្នុង​ស្រុក​ ដែល​ជំរុញ​ឲ្យ​ទេសចរ​ចិន​ងាក​ទៅ​ប្រើប្រាស់​សេវា​ ដែល​ផ្តល់​ដោយ​ជនជាតិ​ចិន​នៅ​កម្ពុជា​​។

អ្នក​ស្រី​អះអាង​ថា៖​ «នៅ​ពេល​លំហូរ​​ចូល​ទេសចរ​ចិន​យ៉ាង​គំហុក​បែប​​នេះ​ យើង​ត្រៀម​ខ្លួន​អត់​ទាន់​ដើម្បី​​ទទួល​ពួក​គេ ​សេវា​របស់​យើង​នៅ​មាន​កម្រិត​ធ្វើ​ឲ្យ​គេ​រត់​ទៅ​រក​សេវា​របស់​គ្នា​គេ​»។ ទោះ​យ៉ាង​ណា​ក៏​ដោយ​អ្នកស្រី​អះអាង​ថា ​ប្រជាពល​រដ្ឋ​នៅ​តំបន់​ទេសចរ​​ក៏​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ទាំង​ផ្ទាល់ និង​ប្រយោល​ផង​ដែរ​។

លោក​ ថោង ​ខុន ​​បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា ​កាល​ពី​ថ្ងៃ​ពុធ​ថា ​កម្ពុជា​រំពឹង​ថា​ នៅ​ឆ្នាំ ​២០២​០ ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ ៣ ​លាន​នាក់​ ហើយ​នឹង​កើន​ឡើង​ដល់ ​៥ លាន​នាក់​​នៅ ឆ្នាំ ​២០២៥ ​និង​ ៨ ​លាន​នាក់​នៅ​ឆ្នាំ ​២០​៣០​។

កម្ពុជា​​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប ​៥,៦​ លាន​នាក់​​កាល​ពី​ឆ្នាំ ​២០១៧ ​ក្នុង​នោះ​ទេសចរ​ចិន​មាន​ជាង ​១,២ ​លាន​​នាក់​។ ​កម្ពុជា​រក​ចំណូល​បាន ​៣,៦ ​ពាន់​លាន​ដុល្លារ​ពី​វិស័យ​ទេស​ចរណ៍​កាល​ពី​ឆ្នាំ ២០១៧​៕ LA