ភ្នំពេញៈ រដ្ឋាភិបាលឥណ្ឌាបានផ្តល់ជំនួយឥតសំណងលើគម្រោងចំនួន ១៨ ដែលមានតម្លៃសរុបជិត ៩០ ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់ការអនុវត្តគម្រោងឆាប់ទទួលបានផល (QIP) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។
រដ្ឋាភិបាលទាំង ២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី ជំនួយឥតសំណងនេះនៅក្រសួងការបរទេសកម្ពុជាកាលពីម្សិលមិញ។
លោក លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា MOU នេះជាភ័ស្តុតាងដែលបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បាននិងកំពុងបោះជំហានទៅមុខយ៉ាងរលូនជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ។
លោកបន្តថា៖ «តម្លៃពិតនៃគម្រោងខ្នាតតូចៗទាំងនេះ គឺមានសារៈសំខាន់ណាស់ចំពោះកម្ពុជាក្នុងការបង្កើតនូវលទ្ធផលរូបីយ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកដល់សុខុមាលភាពប្រជាជនខ្មែរ»។
តាមលោក លុយ ដាវីត គម្រោងទាំង ១៨ ដែលមានតម្លៃសរុប ៨៩៥ ១៤៥ ដុល្លារ គឺអនុវត្តសម្រាប់ឆ្នាំ ២០១៩-២០២០ ក្រោមកិច្ចសហប្រតិបត្ដិការមេគង្គ-គង្គា។
ឥណ្ឌា គឺជាប្រទេសដំបូងដែលបានយល់ព្រមចូលរួមជាមួយបណ្តាប្រទេសមេគង្គ ក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គដំបូងគេដែលបច្ចុប្បន្ន ហៅថា «កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា»។
គម្រោងទាំង ១៨ នោះ រួមមាន ៦ គម្រោង ស្ថិតក្រោមក្រសួងសុខាភិបាល ៤ គម្រោងនៅក្រោមក្រសួងអភិវឌ្ឍន៍ជនបទ ២ គម្រោង នៅក្រោមក្រសួងធនធានទឹក និងឧតុនិយម ២ គម្រោង នៅក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ២ គម្រោង នៅក្រោមក្រសួងកិច្ចការនារី ១ គម្រោង នៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ១គម្រោងនៅក្រោមក្រសួងបរិស្ថាន។
តាមលោក ដាវីត ចាប់តាំងពីចាប់ផ្តើមគម្រោងឆាប់ទទួលបានផល (QIP) ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នៅឆ្នាំ ២០១៥ មក កម្ពុជាទទួលបានគម្រោងសរុបចំនួន ៣៤ ដែលមានវិសាលភាពគ្របដណ្តប់លើសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល កសិកម្ម អប់រំ បរិស្ថាន ការអភិវឌ្ឍជំនាញ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការអភិវឌ្ឍជនបទ ធនធានទឹក និងបច្ចេកទេសព័ត៌មានវិទ្យា។
លោកបន្តថា សមិទ្ធផលជាក់ស្តែងមួយទៀតដែលកើតចេញពីកិច្ចសហប្រតិបត្តិការនេះគឺ «សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី» ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១៤ ក្នុងខេត្តសៀមរាប។ កម្ពុជាប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់នេះ ដោយផ្អែកលើសកម្មភាពអនុវត្តជាក់ស្តែងដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា និងតំបន់មេគង្គទាំងមូល។
លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌាមានគម្រោងជាច្រើនជាមួយកម្ពុជា ដូចជាកម្មវិធីជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោកស្រីបន្តថា ឥណ្ឌាបានផ្តល់ជំនួយចាប់តាំងពីឆ្នាំ ២០១៥។
លោកស្រីបន្តថា ជាមួយនឹងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទាំង ១៨ នេះបានធ្វើឲ្យគម្រោងដែលរដ្ឋាភិបាលឥណ្ឌាជួយកម្ពុជាតាមរយៈ QIP ពីឆ្នាំ ២០១៦ មកកើនដល់ ៣៤ គម្រោងដែលមានតម្លៃសរុប ១,៧ លានដុល្លារ។
លោកស្រីថា៖ «រដ្ឋាភិបាលឥណ្ឌានឹងបន្តគាំទ្រ និងសហការជាមួយរដ្ឋាភិបាលកម្ពុជាក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា»៕LA