ភ្នំពេញៈ រដ្ឋាភិបាលគ្រោងនឹងបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ ២ ៨៧០,៦៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ ២០១៩ កើនឡើង ២២០,៣៩ មេហ្គាវ៉ាត់ ពីឆ្នាំ ២០១៨ ដែលមាន ២ ៦៥០,២៦ មេហ្គាវ៉ាត់។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។
របាយការណ៍បង្ហាញថា ក្នុងចំណោមប្រភពថាមពលសរុបទាំងនេះ កម្ពុជាគ្រោងនឹងនាំចូលថាមពលពីប្រទេសជិតខាង ក្នុងបរិមាណដដែលដូចនឹងឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨ គឺ ៤៤២,៥០ មេហ្គាវ៉ាត់ ក្នុងនោះគ្រោងនាំចូលពីប្រទេស វៀតណាម ២៧៧ មេហ្គាវ៉ាត់ នាំចូលពីថៃ ១៣៥,៥០ មេហ្គាវ៉ាត់ និងពីឡាវ ៣០ មេហ្គាវ៉ាត់។
របាយការណ៍ដដែលបង្ហាញថា តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីនៅកម្ពុជា នៅក្នុងឆ្នាំ ២០១៩ នឹងបង្កើនឲ្យដល់ ១០ ៨០៧,៧១ ជីហ្គាវ៉ាត់ក្នុងមួយម៉ោង (GWh) ពីចំនួន ៩ ៣០៧,៤៤ GWh ក្នុងឆ្នាំ ២០១៨។
របាយការណ៍វឌ្ឍនភាពសំខាន់ៗរបស់វិស័យអគ្គិសនីកម្ពុជាឆ្នាំ ២០១៨ បង្ហាញថា ក្នុងរយៈពេល ១៥ ឆ្នាំគិតត្រឹមឆ្នាំ ២០១៨ នេះការផ្គត់ផ្គង់ប្រភពថាមពលអគ្គិសនីរបស់កម្ពុជា បានកើនឡើង ១២,៥ ដងពី ២០៨ មេហ្គាវ៉ាត់ក្នុងឆ្នាំ ២០០៤ ដល់ ២៦៥០ មេហ្គាវ៉ាត់ ក្នុងឆ្នាំ ២០១៨ ខណៈបរិមាណប្រភពថាមពលកើនឡើង ១១,៤ ដង ពី ៨១៤ GWh ដល់ ៩ ៣០៧ GWh។
លោក ទី ថានី អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបាននិយាយថា កំណើននៃការប្រើប្រាស់អគ្គិសនីរយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ បានកើនឡើងយ៉ាងច្រើនហួសពីការប៉ាន់ស្មាន ពិសេសការមកដល់នៃវិនិយោគិនចិននៅក្នុងខេត្តព្រះសីហនុ។
លោកបានថ្លែងថា៖ «តម្រូវការប្រើប្រាស់អគ្គិសនីដ៏ច្រើនក្នុងក្រុងព្រះសីហនុបានតម្រូវឲ្យអគ្គិសនីនៅកម្ពុជាត្រូវបង្កើនសមត្ថភាពផ្គត់ផ្គង់បន្ថែមទៀតនៅឆ្នាំក្រោយ»។ លោកបន្តទៀតថា៖ «នៅឆ្នាំ ២០១៩ យើងរំពឹងថា ការតបណ្តាញអគ្គិសនីនឹងគ្របដណ្តប់នៅគ្រប់ភូមិទាំងអស់នៅកម្ពុជា ហើយអត្រាប្រើប្រាស់នៅតាមផ្ទះ អាចនឹងកើនឡើងដល់ប្រហែល ៨០ ភាគរយខណៈបច្ចុប្បន្ននេះមានត្រឹមតែជាង ៧០ ភាគរយប៉ុណ្ណោះ»។
របាយការណ៍បូកសរុបប្រចាំឆ្នាំ ២០១៨ របស់អាជ្ញាធរអគ្គិសនី បានឲ្យដឹងថា គិតមកដល់ចុងឆ្នាំនេះអាជ្ញាធរអគ្គិសនីកម្ពុជាបានចេញអាជ្ញាប័ណ្ណឲ្យធ្វើការចែកចាយអគ្គិសនីលើតំបន់ចំនួន ៣៦៣ ដែលមានដែនអាជ្ញាប័ណ្ណសរុបគ្របដណ្តប់លើភូមិ ១៤ ០៧២ ភូមិ ស្មើនឹង ៩៩,៣២ ភាគរយនៃចំនួនភូមិសរុបទូទាំងប្រទេសដែលមានចំនួន ១៤ ១៦៨ ភូមិ។
របាយការណ៍បានឲ្យដឹងទៀតថានៅចុងឆ្នាំ ២០១៨ នេះ «បណ្តាញជាតិ» មានលទ្ធភាពនាំចូលប្រភពអគ្គិសនីពីប្រទេស វៀតណាម ថៃ និងឡាវ និងទទួលប្រភពថាមពលបានមកពីការផលិតរបស់ប្រភពអគ្គិសនីក្នុងស្រុកនានា ដែលបានអភិវឌ្ឍមកលាយបញ្ចូលគ្នាតម្រូវទៅតាមសេចក្តីត្រូវការប្រើប្រាស់ រួចបញ្ជូនទៅប្រភពថាមពលទាំងនេះទៅផ្តល់ឲ្យរាជធានី ខេត្តចំនួន ២០ ដោយផ្ទាល់តាមរយៈអនុស្ថានីយ។
ជាមួយនឹងផែនការពង្រីកការចែកចាយបណ្តាញអគ្គិសនីជាតិឲ្យគ្របដណ្តប់បាន ១០០ ភាគរយក្នុងឆ្នាំ ២០២០ នោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីសេសានក្រោម ២ ដែលមានអានុភាព ៤០០ មេហ្គាវ៉ាត់ កាលពីថ្ងៃទី ១៧ ខែធ្នូ ក៏បានប្រកាសថា តម្លៃអគ្គិសនីនៅទូទាំងប្រទេស កម្ពុជា នឹងធ្លាក់ចុះនៅដើមឆ្នាំក្រោយ។ លោកបានថ្លែងបញ្ជាក់ថា៖ «ថ្ងៃនេះថ្ងៃទី ១៧ (ខែធ្នូ)នៅសល់តែ ១៤ ថ្ងៃទៀតតម្លៃអគ្គិសនីថ្មីនឹងមកដល់»។
តារាងតម្លៃអគ្គិសនីសម្រាប់ឆ្នាំ ២០១៩ បានបង្ហាញថា សម្រាប់លំនៅឋានដែលប្រើប្រាស់អគ្គិសនីចាប់ពី ១-១០ គីឡូវ៉ាត់ម៉ោងក្នុង ១ ខែ តម្លៃអគ្គិសនីនឹងត្រូវចុះពី ៤៨០ រៀលនៅឆ្នាំ ២០១៨ មកនៅ ៣៨០ រៀលឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ការប្រើប្រាស់ចាប់ពី ១១-៥០ គីឡូវ៉ាត់ក្នុង ១ ខែ នឹងត្រូវចុះពី ៦១០ រៀលនៅឆ្នាំ ២០១៨ ទៅ ៤៨០ រៀលនៅឆ្នាំ ២០១៩ និងឆ្នាំ២០២០ ខណៈលំនៅឋានដែលប្រើចាប់ពី ៥១-២០០ គីឡូវ៉ាត់ក្នុង ១ ខែតម្លៃអគ្គិសនីនឹងត្រូវចុះពី ៧៧០ រៀលនៅឆ្នាំ២០១៨ ទៅ ៦១០ រៀល។
ចំណែកលំនៅឋានដែលប្រើចាប់ពី ២០០ គីឡូវ៉ាត់ឡើងទៅក្នុង ១ ខែតម្លៃអគ្គិសនីនឹងត្រូវចុះពី ៧៧០ រៀលនៅឆ្នាំ ២០១៨ ទៅ ៧៤០ រៀលនៅឆ្នាំ ២០១៩ និង ៧៣០ រៀលនៅឆ្នាំ ២០២០។
លោក លី វិសាល ប្រធានប្រតិបត្តិសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នតម្លៃអគ្គិសនីខ្ពស់នៅកម្ពុជាគឺជាឧបសគ្គមួយដែលធ្វើឲ្យទំនិញកម្ពុជា ពិបាកប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសជិតខាង។ អគ្គិសនីនៅកម្ពុជាមានតម្លៃខ្ពស់ជាងប្រទេសជិតខាង ៣០-៤០ ភាគរយ។
លោកថ្លែងថា៖ «យើងស្វាគមន៍ចំពោះការបញ្ចុះតម្លៃអគ្គិសនី ព្រោះវានឹងជួយដល់ម្ចាស់អាជីវកម្មក្នុងការធ្វើឲ្យថ្លៃដើមផលិតធ្លាក់ចុះបន្តិច»។ ទោះយ៉ាងណា លោកបញ្ជាក់ថា៖ «តម្លៃនេះគឺនៅតែខ្ពស់»។
លោកលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាល មានគោលការណ៍ក្នុងការ កំណត់តំបន់សម្រាប់ការអភិវឌ្ឍរោងចក្រនិងសហគ្រាសហើយកំណត់តម្លៃអគ្គិសនីទាបទៀតនោះ ជាការល្អណាស់៕ រាយការណ៍បន្ថែមដោយ ហ៊ គីមសាយ