ភ្នំពេញៈ រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាលោក ស៊ុន ចាន់ថុល បានស្នើឲ្យក្រសួងដឹកជញ្ជូនប្រទេសចិនបន្តផ្តល់ការគាំទ្រដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវរថភ្លើងរបស់កម្ពុជា។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។
យោងតាមកិច្ចពិភាក្សាក្នុងជំនួបរវាង លោក ស៊ុន ចាន់ថុល និង លោក Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិនស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកាលពីថ្ងៃទី ២៧ មីនា ឆ្នាំ ២០១៩ នៅទីក្រុងប៉េកាំង លោក ស៊ុន ចាន់ថុល បានស្នើឲ្យភាគីចិនសិក្សាផែនការមេ ដើម្បីពង្រីកសមត្ថភាពកំពង់ផែ កាត់បន្ថយតម្លៃសេវា និងពង្រឹងប្រសិទ្ធភាពដឹកជញ្ជូនរបស់ប្រទេសកម្ពុជាផងដែរ។
កិច្ចពិភាក្សានេះបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
លោក Li Xiaopeng បាននិយាយថាកម្ពុជាបានដើរតួនាទីដ៏សំខាន់ជាសហស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងការគាំទ្រគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ។
លោក Li Xiaopeng ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់លោកក្នុងការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន និងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាព្រមទាំងបានសន្យាជំរុញវិនិយោគិនចិន ជាពិសេសប្រធានសហគ្រាសសាធារណៈធំៗរបស់ខ្លួនឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត តាមរយៈរូបភាព សាងសង់ធ្វើអាជីវកម្មផ្ទេរ៕