ភ្នំពេញៈ គម្រោង BlocRice ដែលបង្កើតឡើងដើម្បីពង្រឹងតម្លាភាពក្នុងជំនួញស្រូវ-អង្ករ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា BlockChain ដើម្បីតភ្ជាប់កសិករទៅចង្វាក់ផ្គត់ផ្គង់សកល ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ដោយរំពឹងថា នឹងជួយធ្វើឲ្យកសិករទទួលបានតម្លៃកសិផលរបស់គេខ្ពស់ជាងមុន។
គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ Oxfam កម្ពុជា ដោយមានភាគីចូលរួមជាកសិករដាំស្រូវសរីរាង្គ ក្រុមហ៊ុនកែច្នៃនាំចេញ ក្រុមហ៊ុនផលិតផលិតផលពីអង្ករនៅប្រទេស ហូឡង់ និងអ្នកទិញ។
គម្រោងនេះត្រូវបានដាក់ឲ្យដំណើរការសាកល្បងតាំងពីខែ មេសា ហើយផ្តោតលើតម្លាភាព និងភាពដែលអាចតាមដានព័ត៌មាន និងទិន្នន័យបាន តាមរយៈការបញ្ចូលភាគីពាក់ព័ន្ធទាំងអស់ខាងលើចូលក្នុងកម្មវិធីអីុនធឺណិតតាមទូរស័ព្ទដៃ Smart Phone ដោយប្រើប្រាស់បច្ចេកវិទ្យា BlockChain។
លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការ Oxfam នៅក្នុងកម្ពុជា បានថ្លែងថា៖ «[តាមរយៈបច្ចេកវិទ្យានេះ] កសិករទទួលបានអំណាចនៃការតថ្លៃ តាមរយៈសហករណ៍កសិកម្ម ដែលបានធ្វើជាភាគីនៃកិច្ចព្រមព្រៀងនេះ»។
គម្រោង BlocRice របស់អង្គការ Oxfam កំពុងស្ថិតក្នុងការងារឆ្នាំដំបូងដោយមានកសិករស្រូវខ្នាតតូចចំនួន ៥០ នាក់នៅក្នុងខេត្តព្រះវិហារ។ កសិករទាំងនេះផលិតស្រូវសរីរាង្គ។ គម្រោងនេះនឹងដំណើរការដល់ខែមីនា ឆ្នាំ ២០១៩ ដែលជារដូវប្រមូលផលសំខាន់មួយរបស់កសិករ។
យោងតាមអង្គការ Oxfam បន្ទាប់ពីគម្រោង BlocRice ដំបូងបញ្ចប់ក្នុងឆ្នាំ ២០១៩ គម្រោងនេះនឹងពង្រីកដល់កសិករ ១,០០០ នាក់ក្នុងឆ្នាំ ២០២០ និងពង្រីកដល់ ៥,០០០ នាក់បន្ថែមក្នុងឆ្នាំ ២០២២។
គម្រោងនេះនឹងលើកកម្ពស់ «កិច្ចព្រមព្រៀងវៃឆ្លាត» មួយ ដែលជាកិច្ចព្រមព្រៀងធ្វើកសិកម្មតាមកិច្ចសន្យាឌីជីថលត្រីភាគី ដែលរួមមានភាគី កសិករសរីរាង្គ ក្រុមហ៊ុននាំចេញ និងអ្នកទិញអង្ករនៅហូឡង់។
គម្រោងនេះបានធ្វើឲ្យមានលក្ខណៈឌីជីថល ដែលធ្វើតាមបច្ចេកវិទ្យា blockchain ហើយព័ត៌មានលម្អិតដូចជាតម្លៃទិញបឋម ទំហំពាណិជ្ជកម្ម និងរបៀបដឹកជញ្ជូន ត្រូវបានកត់ត្រា។
ការទូទាត់ត្រូវបានធ្វើឡើងដោយមិនមានសាច់ប្រាក់នោះទេ ដែលកសិករស្រូវអង្ករអាចទទួលបានការទូទាត់តាមរយៈគណនីធនាគារ ដែលធ្វើឲ្យគ្រប់ភាគីអាចតាមដានព័ត៌មាននេះ។
អង្គការ Oxfam បានប៉ាន់ប្រមាណថា ៦០ ភាគរយនៃកម្លាំងពលកម្មរបស់កម្ពុជា ត្រូវបានធ្វើការងារនៅក្នុងឧស្សាហកម្មកសិកម្ម ហើយពួកគេជាច្រើនមិនមានកិច្ចព្រមព្រៀងសមរម្យជាមួយនឹងអតិថិជនរបស់ពួកគេនោះទេ។
លើសពីនេះ កង្វះចំណេះដឹងពីតម្លៃទីផ្សារ និងកម្ចីអត្រាការប្រាក់ខ្ពស់ បានដាក់សម្ពាធដល់ពួកគេធ្វើឲ្យពួកគេបង្ខំលក់ផលិតផល ដើម្បីតែជម្រះបំណុលប៉ុណ្ណោះ៕LA