ភ្នំពេញ៖ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០២០ សម្រេចបានជាង ៣៩ ម៉ឺនតោន កើនជាង ៤១ ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំមុន ដោយការនាំចេញនាពេលនេះ គឺមានកំណើនគ្រប់ទីផ្សារគោលដៅទាំងអស់។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ មានចំនួនសរុប ៣៩៧ ៦៦០ តោន កើនឡើង ៤១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមាន ២៨១ ៥៣៨ តោន។
ក្នុងនោះការនាំទៅទីផ្សារសហភាពអឺរ៉ុបបានកើនឡើង ៤៥,១៩ ភាគរយ ប្រទេសចិន កើន ២៥,២០ ភាគរយ តំបន់អាស៊ាន ៤៧,៦៩ ភាគរយ និងទិសដៅផ្សេងៗទៀត កើន ៧៩,២៦ ភាគរយ។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ការផលិតពូជស្រូវសុទ្ធល្អបានរួមចំណែកជំរុញឲ្យការនាំចេញអង្ករកើនឡើង ខណៈតម្រូវការអង្កររបស់កម្ពុជាមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ ១៩។ ទន្ទឹមនឹងនេះ ការពង្រីកការនាំចេញទៅកាន់ទីផ្សារថ្មីៗដូចជា ទីក្រុងហុងកុង និងប្រទេសអូស្ត្រាលី ក៏មានបរិមាណច្រើនផងដែរ។
លោកថ្លែងថា៖ «ការនាំអង្ករកម្ពុជាកើនឡើងដោយសារពូជស្រូវសែនក្រអូបរបស់កម្ពុជាសុទ្ធល្អសមស្របទៅនឹងតម្រូវការទីផ្សារ ជាពិសេសប្រភេទពូជស្រូវ ០១ ដែលជាពូជថ្មីក្រសួងទើបនឹងបញ្ចេញទៅឲ្យកសិករ ត្រូវបានទទួលស្គាល់ថាមានគុណភាពល្អនៅទីផ្សារសហភាពអឺរុប ប្រទេសចិន ដូច្នេះធ្វើឲ្យការនាំចេញទៅកាន់ទីផ្សារទាំងនោះកើនឡើង»។
លោកបន្តថា៖ «យើងឃើញថា ទីផ្សារនៅសហភាពអឺរ៉ុបមានការបញ្ជាទិញច្រើនជាងរាល់ឆ្នាំ ដែលភាគច្រើនគេទិញស្តុកទុកជាស្បៀងអាហារនៅក្នុងអំឡុងពេលមានរីករាលដាលជំងឺកូវីដ ១៩។ ចំណែកឯទីផ្សារអង្កររបស់កម្ពុជានៅក្នុងតំបន់អាស៊ានក៏កំពុងតែបន្តកើនឡើងផងដែរ»។
របាយការណ៍នេះបានឲ្យដឹងទៀតថា បច្ចុប្បន្នអង្ករកម្ពុជាត្រូវបាននាំចេញទៅប្រទេសចំនួន ៥៦ ក្នុងពិភពលោក ក្នុងនោះប្រទេសចិន និងសហភាពអឺរ៉ុប គឺជាទីផ្សារធំជាងគេ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បាននិយាយថា ការនាំចេញអង្ករក្នុងឆមាសទី១ នេះមានតម្លៃសរុបប្រមាណ ២៦៤,៥ លានដុល្លារ។
លោកក៏បានប៉ាន់ប្រមាណដែរថា ការនាំចេញអង្ករនៅក្នុងឆ្នាំ ២០២០ នេះនឹងអាចស្ថិតក្នុងរង្វង់ ៨០ ម៉ឺនតោន ព្រោះតម្រូវការទីផ្សារនៅតែខ្ពស់។
លោកថ្លែងថា៖ «កត្តាសត្យានុម័តនៅលើទីផ្សារអន្តរជាតិ គឺនៅតែមានកំណើនខ្ពស់ដដែល ដោយពុំបានថមថយទេ ហើយទីផ្សារសំខាន់ៗរបស់កម្ពុជា ដែលមានដូចជា ម៉ាឡេស៊ី គឺនៅមានសម្ទុះដដែល។ យើងអាចវាយតម្លៃថា រហូតដល់ចុងឆ្នាំនេះ ការនាំចេញប្រហែល ៨០ ម៉ឺនតោន»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ៦២០ ១០៦ តោនធ្លាក់ចុះ ០,៩៧ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ៦២៦ ២២៥ តោន។ ក្នុងនោះប្រាក់ទទួលបានពីការនាំចេញអង្ករមានចំនួន ៥០១ លានដុល្លារ ធ្លាក់ចុះ ៤,៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ៥២៤ លានដុល្លារ។
លោក សុខ សុភ័ក្រ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងប្រទេសចិន បានថ្លែងថា នៅពេល FTA នេះចូលជាធរមានវានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងជំរុញការនាំចេញផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារដ៏ធំជាងគេលើពិភពលោក តាមរយៈការឯកភាពគ្នាលើការបើកទីផ្សារទំនិញបន្ថែមទៀត។ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃអង្គារ។
លោកបានអះអាងថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងជួយពន្លឿនដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសកលលោក តាមរយៈការពង្រីកការចូលរួមរបស់កម្ពុជានៅក្នុងខ្សែចង្វាក់ផលិតកម្ម ក៏ដូចជាប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានសក្តានុពលក្នុងការទាក់ទាញវិនិយោគិនធ្វើជាមូលដ្ឋានផលិតកម្មសម្រាប់នាំចេញទំនិញទៅកាន់ទៅទីផ្សារប្រទេសចិន»៕ LA