ក្រុងសេអ៊ូលៈ ប្រតិបត្តិករទេសចរណ៍ធំមួយបានឲ្យដឹងថា ប្រទេស កូរ៉េខាងជើង នឹងហាមឃាត់ភ្ញៀវទេសចរបរទេសមិនឲ្យចូលប្រទេសរបស់ខ្លួន ដើម្បីការពារខ្លួនពីវីរុសប្រភេទថ្មីដែលមានលក្ខណៈដូចជាវីរុសបង្កជំងឺសារស៍ (SARS) ដែលបានឆក់យកជីវិតយ៉ាងហោចណាស់មនុស្ស ៩ នាក់ នៅក្នុងប្រទេស ចិន និងបង្កឲ្យមនុស្សឈឺរាប់រយនាក់។
ប្រទេសមួយចំនួនដែលរួមទាំងអាមេរិកផងដែរបានបង្កើនល្បឿនត្រួតពិនិត្យលើអ្នកដំណើរតាមព្រលានយន្តហោះ ដើម្បីស្វែងរកមេរោគនេះដែលបានលេចឡើងលើកដំបូងនៅទីក្រុង វូសាន ស្ថិតនៅភាគកណ្ដាលប្រទេស ចិន ប៉ុន្តែការហាមឃាត់លើភ្ញៀវទេសចរនឹងជាករណីដំបូង។
វីរុសនេះបានបណ្ដាលឲ្យមានការប្រកាសអាសន្នក្នុងប្រទេសចិន និងប្រទេសផ្សេងទៀត ដោយសារតែហ្ស៊ែនរបស់វាស្រដៀងគ្នានឹងជំងឺ SARS ដែលបានសម្លាប់មនុស្សជិត ៦៥០ នាក់ នៅទូទាំងចិនដីគោក និងទីក្រុងហុងកុងពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៣។
ភាគច្រើនបំផុតនៃភ្ញៀវទេសចរបរទេសទៅកូរ៉េខាងជើងជាជនជាតិចិន ហើយចំនួនភ្ញៀវទេសចរទាំងនេះបានកើនឡើងខ្លាំងនៅឆ្នាំមុន ដោយសារទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងមានភាពកក់ក្ដៅដែលបង្កើតចំណូលជារូបិយប័ណ្ណបរទេសដ៏សំខាន់សម្រាប់កូរ៉េខាងជើង។
ប៉ុន្តែក្រុមហ៊ុនទេសចរណ៍ Young Pioneer Tours ដែលជាប្រតិបត្តិករឯកទេសមានមូលដ្ឋាននៅប្រទេសចិនបានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា គិតត្រឹមថ្ងៃពុធ ប្រទេសកូរ៉េខាងជើងនឹង «បិទជាបណ្ដោះអាសន្នព្រំដែនរបស់ខ្លួនមិនឲ្យភ្ញៀវទេសចរបរទេសទាំងអស់ចូល ដោយសារតែការបង្ការការឆ្លងវីរុសនេះ»។
ប្រតិបត្តិករនេះបានឲ្យដឹងថា ព័ត៌មានលម្អិតពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕ LA