ភ្នំពេញ៖ ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)បានកើនប្រមាណ ២ ភាគរយ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ ធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២០។ នេះបើយោងតាមសេចក្តីប្រកាសរបស់ PPAP។
របាយការណ៍មិនបានធ្វើសវនកម្ម ដែល PPAP ផ្ញើទៅផ្សារមូលបត្រកម្ពុជាកាលពីសប្តាហ៍មុនឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបាន ៧ ៧៧០ ៧៤២ ដុល្លារ កើនពីចំនួន ៧ ៦០៣ ៨៧៧ ដុល្លារ ឬស្មើនឹងកំណើន ២ ភាគរយធៀបទៅត្រីមាសទី១ ឆ្នាំ ២០២០។
របាយការណ៍ឱ្យដឹងទៀតថា កំណើន ២ ភាគរយនេះ គឺបានមកពីការរួមចំណែកយ៉ាងច្រើនពីចំណូលពីប្រតិបត្តិការផែ (Port Operation) ដែលមានចំនួន ៦ ២០២ ៧៩៦ ដុល្លារ កើនឡើង ៨ ភាគរយពីចំនួន ៥ ៧៣៥ ៥៣៩ ដុល្លារ កាលពីត្រីមាសទី១ ឆ្នាំ ២០២០។
ចំណែកចំណូលពីប្រភពផ្សេងទៀតបានធ្លាក់ចុះទាំងអស់ ដូចជា ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួន ៨៨៤ ៨៨៦ ដុល្លារ ធ្លាក់ចុះ ២២ ភាគរយ ពីចំនួន ១ ១២៧ ៩៦៣ ដុល្លារ ចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានចំនួន ៧៧ ៥៥០ ដុល្លារ ធ្លាក់ចុះ ៣៨ ភាគរយ ពីចំនួន ១២៥ ៦៧៩ ដុល្លារ និងចំណូលផ្សេងៗ (Other Income) មានចំនួន ៦០៥ ៥១០ ដុល្លារ ធ្លាក់ចុះ ១ ភាគរយ ពីចំនួន ៦១៤ ៦៩៦ ដុល្លារ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃចន្ទនេះថា ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ ១៩ មក ការដឹកជញ្ជូនលើគ្រប់មធ្យោបាយ គឺមិនមានភាពរស់រវើកដូចមុនទេ។ ការរក្សាបាននូវភាពវិជ្ជមានទោះក្នុងកម្រិតទាប ក៏ជារឿងល្អផងដែរនៅក្នុងដំណាក់កាលនេះ។
លោកថ្លែងថា៖«ការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យផលប៉ះពាល់យ៉ាងច្រើនសម្រាប់វិស័យដឹកជញ្ជូនទំនិញ»។
បច្ចុប្បន្នមានទំនិញប្រមាណតែ ២០ ភាគរយប៉ុណ្ណោះ ដែលត្រូវបាននាំចេញ និងនាំចូលទៅទីផ្សារអន្តរជាតិដោយឆ្លងកាត់តាមកំពង់ផែស្វយ័តភ្នំពេញ ខណៈភាគច្រើនធ្វើឡើងតាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើយោងតាមលោក ចន្ធី។
ខណៈបច្ចុប្បន្នការរីករាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យដំណើរការរោងចក្រសហគ្រាសមួយចំនួនផ្អាកសកម្មភាព លោក ចន្ធី បាននិយាយថា ការដឹកជញ្ជូនទំនិញនឹងមានផលប៉ះពាល់កាន់តែខ្លាំង បើសិនព្រឹត្តិការណ៍នេះ នៅអូសបន្លាយពេលកាន់តែយូរ។
ទោះយ៉ាងណា លោកអះអាងថា ជាមួយនឹងការដាក់ចេញនូវវិធានការជាបន្តបន្ទាប់របស់រដ្ឋាភិបាល លោករំពឹងថា អ្វីៗនឹងមានភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ៕