ភ្នំពេញៈ ក្រសួងកសិកម្មនៅថ្ងៃចន្ទនេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនចិន ហ្គ្រីនលីដឌ័រកម្ពុជាលើកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍវិស័យផលិតកម្មដំឡូងមីនៅកម្ពុជា ដែលនឹងគ្រោងធ្វើការដាំដុះលើផ្ទៃដីគំរូជិតពីរម៉ឺនហិកតា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម។
MOU មានគោលដៅអនុវត្តនៅក្នុងខេត្ត ដែលមានសក្តានុពល ដូចជាខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ខេត្តកំពង់ចាម ក្រចេះ និងខេត្តត្បូងឃ្មុំ។
លោក Zhan Sanhuo ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានបញ្ជាក់ថានៅក្នុងពិធីចុះហត្ថលេខាដែលមានរដ្ឋមន្ត្រីក្រសួងកសិកម្មជាអធិបតីថា ក្រុមហ៊ុននឹងអនុវត្តកិច្ចសន្យាកសិកម្ម (contract farming) ជាមួយដៃគូអ្នកផលិត ឬកសិករតាមរយៈការផ្តល់ទុន ពូជ ជី និងបច្ចេកទេសដាំដុះ រួចប្រមូលទិញមកវិញនូវផលិតផលក្នុងតម្លៃឯកភាពតាមខ្លឹមសារនៃកិច្ចសន្យា។
លោកបានបន្តទៀតថា ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីគម្រោងចាប់ផ្តើម ក្រុមហ៊ុននឹងធ្វើការសាងសង់រោចក្រកែច្នៃផងដែរដោយសន្យាប្រមូលទិញផលិតផលដំឡូងមីពីកសិករ នឹងអាចកាត់បន្ថយការហូរចេញដំឡូងមីស្រស់ទៅកាន់ប្រទេសជិតខាង៕