ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រោងនឹងបញ្ចេញពូជពោតអ៊ីប្រ៊ីត (CHM01) ដែលជាប្រភេទពូជពោតនាំចូលឱ្យប្រើប្រាស់ជាសាធារណៈលើកដំបូងលើទីផ្សារកម្ពុជា បន្ទាប់ពីបានធ្វើពិសោធនៅតាមស្ថានីយកសិកម្ម និងចម្ការរបស់កសិករយ៉ាងហោច ២០០ កន្លែងតាំងពីឆ្នាំ ២០១៤ ដើម្បីកាត់បន្ថយការពឹងផ្អែកលើពូជនាំចូល និងបំពេញតម្រូវការលើឧស្សាហកម្មផលិតចំណីសត្វ។ នេះបើយោងតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌល KOPIA ប្រចាំនៅកម្ពុជាលើគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសស្ដីពី «ផលិតកម្ម និងការផ្សព្វផ្សាយគ្រាប់ពូជពោតអ៊ីប្រ៊ីត (CHM01) នៅប្រទេសកម្ពុជាកាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ ដើម្បីពង្រឹងសមត្ថភាពអ្នកស្រាវជ្រាវ និងការបង្កើតពូជពោតអ៊ីប្រ៊ីតថ្មី។
តាមរយៈអនុស្សរណៈនោះភាគីទាំង ២ នឹងបង្កើតជាទម្រង់ ឬគំរូមួយសម្រាប់ផលិតកម្ម និងចែកចាយគ្រាប់ពូជពោតអ៊ីប្រ៊ីត CHM01 ជូនកសិករ ព្រមទាំងធ្វើការបង្ហាញ និងផ្សព្វផ្សាយពូជពោតអ៊ីប្រ៊ីតនេះក្នុងទ្រង់ទ្រាយធំនៅតាមខេត្តសំខាន់ៗជាសាធារណៈដើម្បីឱ្យកសិករមានការយល់ដឹង និងទទួលយកកាន់តែទូលំទូលាយ។
ពោតត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំឡូងមី ដែលមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុកសម្រាប់បម្រើឱ្យវិស័យផលិតកម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចចុះបញ្ជិកាជាពូជពោតអ៊ីប្រ៊ីត (CHM01) ដំបូងគេនៅកម្ពុជាសម្រាប់ប្រើប្រាស់ជាសាធារណៈកាលពីខែឧសភា ឆ្នាំ ២០២០។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់ជាមួយ លោក Kim Yong Hwan ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជាកាលពីថ្ងៃ ទី ២៩ ខែធ្នូ ឆ្នាំ ២០២០ ថា អនុស្សរណៈនេះធ្វើឡើងក្នុងគោលបំណងជំរុញការប្រើប្រាស់ និងការធ្វើពាណិជ្ជកម្មលើពូជអ៊ីប្រ៊ីត (CHM01) លើទីផ្សារក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូលពីបរទេស។
លោកបន្ថែមថា អនុស្សរណៈនេះក៏ ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកសិក្សាស្រាវជ្រាវ និងការបង្កើតពូជពោតអ៊ីប្រ៊ីតថ្មី បង្កើតជាទម្រង់ ឬគំរូសម្រាប់ផលិតកម្ម និងចែកចាយគ្រាប់ពូជពោតអ៊ីប្រ៊ីតទៅកសិករ។ គម្រោងនេះមានរយៈពេល ៣ ឆ្នាំ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២១ រហូតដល់ខែធ្នូ ឆ្នាំ ២០២៣។
លោកមានប្រសាសន៍ថា៖ «យើងនឹងបន្តពិសោធរកពូជពោតអ៊ីប្រ៊ីតថ្មីៗទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ហើយយើងនឹងពង្រីកការផលិតគ្រាប់ពូជឱ្យបានច្រើនតាមលទ្ធភាពដែលធ្វើទៅបានដើម្បីចែកចាយទៅដល់ប្រជាកសិករ និងឈានទៅរកការធ្វើអាជីវកម្មលក់ឱ្យប្រជាកសិករជំនួសគ្រាប់ពូជនាំចូលពីក្រៅប្រទេស»។
លោកឱ្យដឹងទៀតថា តាមរយៈការចុះអនុស្សរណៈនេះ ក្រុមការងាររបស់អគ្គនាយកដ្ឋានកសិកម្មក៏នឹងបង្ហាញពូជពោត CHM01 ក្នុងទ្រង់ទ្រាយធំនៅតាមបណ្តាខេត្តសំខាន់ៗជាសាធារណៈសម្រាប់ឱ្យកសិករមានការយល់ដឹងអំពីប្រភេទពូជពោតអ៊ីប្រ៊ីត និងអនុវត្តសកម្មភាពនានា ដើម្បីបង្កើនការទទួលយករបស់កសិករចំពោះពូជពោតអ៊ីប្រ៊ីតសម្រាប់ប្រើប្រាស់ជាសាធារណៈ។
ការស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្មបង្ហាញថា ពូជពោតអ៊ីប្រ៊ីតថ្មីនេះធន់នឹងការប្រែប្រួលអាកាសធាតុ និងជំងឺបួស (Downy Mildew-DM) ព្រមទាំងផ្តល់ទិន្នផល ៨,៦០ តោនក្នុង ១ ហិកតាដែលខ្ពស់ជាងពូជពោតអ៊ីប្រ៊ីតដែលនាំចូលពីបរទេស។
លោក អ៊ុក ម៉ាការ៉ា អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពូជពោត CHM01 គឺប្រភេទពោតសម្រាប់បម្រើឱ្យឧស្សាហកម្មកែច្នៃចំណីសត្វ។
លោកថ្លែង៖ «គម្រោងរបស់ KOPIA នឹងជួយជំរុញឱ្យមានការប្រើប្រាស់ពូជពោតនេះកាន់តែទូលំលាយជាលក្ខណៈពាណិជ្ជកម្មនៅស្រុកយើង»។
លោក ផែន នឿន កសិករដាំពោតនៅស្រុកសំពៅលូន ខេត្តបាត់ដំបងលើផ្ទៃដីជិតកន្លះហិកតាបានស្វាគមន៍ចំពោះការបញ្ចេញពូជពោតថ្មីនេះ ដោយលោករំពឹងថា តម្លៃនឹងទាបជាងពូជពោតនាំចូលពីប្រទេសថៃ ខណៈលោកត្រូវចំណាយប្រាក់ប្រមាណ ១ ០០០ បាត ក្នុង ១ រដូវ (១០ គីឡូក្រាម) ដើម្បីទិញពូជពោតដែលនាំចូលពីប្រទេសថៃ។
លោកនិយាយថា៖ «យើងនឹងប្រើពូជពោតរបស់យើងនៅពេលគាត់បញ្ចេញលក់នៅទីនេះ។ ខ្ញុំសង្ឃឹមថាគ្រាប់ពូជពោតយើងនឹងមានតម្លៃធូរថ្លៃសមរម្យ ជាងការនាំចូល»។
បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រផលិតចំណីសត្វក្នុងស្រុកចំនួន ១៨ កំពុងដំណើរការ ដោយមានសមត្ថភាពផលិតចំណីសត្វសរុបជាង ១,២ លានតោនក្នុង ១ ឆ្នាំ ស្មើ ៥៦ ភាគរយនៃការផ្គត់ផ្គង់ទូទាំងប្រទេស។ នេះបើតាមលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម។
របាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មគិតត្រឹមថ្ងៃទី ២៩ ខែធ្នូ បានឱ្យដឹងថា កម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤ ៥៩៨ ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ៧៣៥ ៥៥១ តោន ក្នុង ១ ឆ្នាំ៕ LA