ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ែន សុវិជាតិ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អង្គារ​ថា ក្រសួង​ពុំទាន់​បានទទួល​ការស្នើសុំ​ណាមួយ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី TESLA របស់​អាមេរិក​បោះទីតាំង​នៅ​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​។

ការអះអាង​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​មាន​ផ្ទុះ​ការចាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់ទង​នឹង​វត្តមាន​របស់​ការិយាល័យ​តាំង​បង្ហាញ (Showroom) ដោយមាន​ដាក់​រូប​រថយន្ត Tesla នៅតាម​មហាវិថី​សហព័ន្ធរុស្ស៊ី ទល់​មុខ​នឹង​ក្រសួង​ពាណិជ្ជកម្ម​។

លោក ប៉ែន សុវិជាតិ បាន​ថ្លែងថា​៖ «​ចំពោះ​ករណី​ដែល​លេចឮ​ព័ត៌មាន​ក្នុងសង្គម​ហ្វេសប៊ុក និង​បណ្តាញ​សារព័ត៌មាន​ថា TESLA ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​បាន​មក​បោះ​ទីតាំង​នៅ​កម្ពុជា ដោយ​មាន​ការលើក​ស្លាក​សញ្ញា TESLA នៅ​ទីតាំង​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ជាដើម​យោងតាម​ការពិនិត្យ​ជាក់ស្តែង​ក្នុង​បញ្ជីពាណិជ្ជកម្ម ក្រុមហ៊ុន TESLA របស់​មហាសេដ្ឋី Elon Musk មិនទាន់​មាន​នៅក្នុង​បញ្ជីពាណិជ្ជកម្ម​របស់​ក្រសួង​នៅឡើយ​ទេ​»​។

លោក​បន្ថែមថា​៖ «​ចំពោះ​អ្នកទទួល​សិទ្ធិផ្តាច់មុខ​ក្នុង​ការចែកចាយ​លក់​រថយន្ត TESLA នេះ​ក្រសួង​ក៏បាន​ពិនិត្យ​បញ្ជី​ទទួល​តម្កល់​សិទ្ធិផ្តាច់មុខ​ខាង​កម្មសិទ្ធិបញ្ញា​ដែរ ហើយ​បាន​រកឃើញ​ថា ពុំទាន់​មាន​បុគ្គល ឬ​ក្រុមហ៊ុន​ណា​ទទួលបាន​សិទ្ធិផ្តាច់មុខ និង​បាន​យកមក​តម្កល់​នៅ​ក្រសួង​ពាណិជ្ជកម្ម​នៅឡើយ​ទេ​ចំពោះ​ទំនិញ​ម៉ាក TESLA នេះ​»​។

ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ធ្វើការ​ពិនិត្យមើល​ទៅ​លើ​ការចុះបញ្ជី​ក្រុមហ៊ុន​នៅ​ក្រសួង​ពាណិជ្ជកម្ម គឺ​មាន​ក្រុមហ៊ុន​ចំនួន ២ ​ដែលមាន​ឈ្មោះ Tesla នេះ​រួមមាន Tesla Engineering and Construction Co., Ltd.(​ថេសឡា អេនជីនារីង អេន ខនស្ត្រាក់សិន ឯ.ក) និង Tesla Industries Co., Ltd. (​ថេសឡា អ៊ិនដាសស្ទ្រី​) ​ដែល​ក្រុមហ៊ុន​ទាំង ២ នេះ​ត្រូវបាន​ចុះបញ្ជី​តាំងពី​ឆ្នាំ​ ២០១៣ កាន់កាប់​ដោយ​លោក Chieu ADISORN​។

លោក Chieu ADISORN បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​របស់ខ្លួន​គឺ​មិន​ជាប់​ទាក់ទង​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី TESLA របស់​អាមេរិក​ឡើយ​។ លោក​ប្រាប់ថា ក្រុមហ៊ុន​របស់លោក​គឺ​បម្រើ​សេវាកម្ម​ផ្នែក​បច្ចេកវិទ្យា​។

លោក​អះអាង​ថា​៖ «​ឈ្មោះ​ក្រុមហ៊ុន​ខ្ញុំ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​តាំងពី​ឆ្នាំ​ ២០១៣ មក​ម្ល៉េះ និង​មិន​ជាប់​ពាក់ព័ន្ធ​ក្រុមហ៊ុន​ផលិត​រថយន្ត TESLA ទេ​។ ក្រុមហ៊ុន​យើង​គឺ​ដាក់ឈ្មោះ​យក​តាម​អ្នកវិទ្យាសាស្ត្រ​ដ៏ល្បី​ឈ្មោះ​ម្នាក់​ដែល​មាន​ឈ្មោះថា Nikola Tesla»​។

«​ខ្ញុំ​សូមបញ្ជាក់​ឱ្យ​ច្បាស់​ថា ក្រុមហ៊ុន​ខ្ញុំ​មិនបាន​ទទួល​សិទ្ធិ​ចែកចាយ​ណាមួយ​ពី​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី TESLA របស់​អាមេរិក​ទេ​»​។ នេះ​បើ​យោងតាម​ការអះអាង​របស់​លោក​។

ភ្នំពេញ ​ប៉ុស្តិ៍​ ក៏បាន​ផ្ញើ​អ៊ីមែល​ទៅ​ក្រុមហ៊ុន TESLA ផ្ទាល់​ដែលមាន​មូលដ្ឋាន​នៅក្នុង​រដ្ឋកាលីហ្វ័រនីញ៉ា​សហរដ្ឋអាមេរិក និង​ទីតាំង​ចែកចាយ​ប្រចាំ​តំបន់​អូស្ត្រាលី ទ្វីបអាស៊ី និង​ទីតាំង​ចែកចាយ​ប្រចាំ​នៅ​ប្រទេស​ចិន​ដែរ ប៉ុន្តែ​ពុំមាន​ការឆ្លើយតប​ទេ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​។

លោក សុវិជាតិ បាន​ពន្យល់ថា ការលើក​ស្លាក​នេះ​អាច​ជា​អ្នកទទួល​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការចែកចាយ​លក់​នៅ​កម្ពុជា (Exclusive distributor/dealership) ដែល​ទទួល​សិទ្ធិ​បន្ត​ពី​តំណាង TELSA ក្នុង​តំបន់ ឬ​ទទួល​សិទ្ធិ​ផ្ទាល់​ពី​ម្ចាស់​ដើម ដូច​ករណី​តំណាង​ចែកចាយ​រថយន្ត​ម៉ាក​ផ្សេងទៀត​ដូចជា MAZDA, Volvo, Mitshubishi ជាដើម ឬគ្រាន់តែ​ជា​អ្នកនាំចូល​រថយន្ត​ម៉ាក​នេះ​មក​លក់​ធម្មតា ហើយ​លើក​ស្លាក​ក្នុង​បំណង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ទីផ្សារ​។ ក្រសួង​នឹង​តាមដាន​បន្តទៀត​ចំពោះ​ករណីនេះ​។

លោក​ប្រាប់ថា​៖ «​ជារួម​ក្រសួង​ពាណិជ្ជកម្ម​ស្វាគមន៍​នូវ​រាល់​ការរីកចម្រើន​សម្បូរបែប​នៃ​មុខទំនិញ​ម៉ាក​ល្បីៗ​ដែល​ចូលមកក្នុង​ទីផ្សារ​កម្ពុជា ដែល​នេះ​ជា​សញ្ញា​មួយ​នៃ​ទំនុកចិត្ត​របស់​ធុរជន និង​អាជីវកម្ម​ធំៗ​ដែល​ផ្តល់​ការជឿជាក់​មកលើ​បរិយាកាស​ធុរកិច្ច​ប្រកប​ដោយ​តម្លាភាព និង​ស្ថិរភាព​របស់​កម្ពុជា ហើយ​ក៏​ជា​ភ័ស្តុតាង​បង្ហាញថា​ទីផ្សារ​កម្ពុជា​មាន​កម្លាំង​ទិញ​គ្រប់គ្រាន់​ដែល​អាច​ស្រូប​ទាញ​ម៉ាក​ល្បី​ទាំងនេះ​ឱ្យចូល​មក​»​។

បើ​យោងតាម​របាយការណ៍​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​យក្ស​អាមេរិក​មួយ​នេះ កាលពី​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ ខ្លួន​ផលិត​រថយន្ត​បាន​ជាង ១៨០ ០០០ ​គ្រឿង និង​បាន​ចែកចាយ​លក់​ប្រមាណ​ជា ១៨៥ ០០០ ​គ្រឿង​ ទៅ​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​៕ LA

វីដេអូ៖