ភ្នំពេញ: ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ (MPTC) បាន​លុប​អាជ្ញាប័ណ្ណ​សេវាកម្ម​ ៣ ​របស់​ក្រុមហ៊ុន ឈួន វៃ (​ខេមបូឌា) (Chuan Wei (Cambodia)) ​ដែល​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម និង​បាន​ដំណើរការ​ចាប់តាំងពី​ឆ្នាំ​ ២០០៨ ដោយ​អះអាង​ថា ក្រុមហ៊ុន​នេះ​ពុំបាន​អនុវត្ត​តាមច្បាប់ និង​គោរព​តាម​លក្ខខណ្ឌ​អាជ្ញាប័ណ្ណ​។

ក្នុង​រយៈពេល​ប្រមាណ​ ២ ​ខែ​ចុងក្រោយ​នេះ MPTC បាន​លុប​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ផ្តល់​សេវា​បច្ចេកវិទ្យា​យ៉ាងហោច​ ១៨ ដោយ​អះអាងថា ពួកគេ​បរាជ័យ​ក្នុង​ការអនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ជា​ធរមាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​នេះ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បានឱ្យ​ដឹងថា អាជ្ញាប័ណ្ណ​ដែល​ត្រូវបាន​លុប​ទាំង​ ៣ ​នេះ​រួមមាន អាជ្ញាប័ណ្ណ​សេវា​បណ្តាញ​សេវា​សំឡេង​តាមរយៈ​ពិធីការ​អ៊ីនធឺណិត អាជ្ញាប័ណ្ណ​សេវា​ទូរស័ព្ទ​ចល័ត​ 4G និង អាជ្ញាប័ណ្ណ​សេវា​បណ្តាញ​ខ្សែកាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ​។

ក្រសួង​បានឱ្យដឹងថា ខ្លួន​នៅ​រក្សាទុក​អាជ្ញាប័ណ្ណ​សេវា​អ៊ីនធឺណិត​ (ISP) ​ឱ្យ​ក្រុមហ៊ុន​នេះ​បន្ត​អាជីវកម្ម​ដដែល ប្រសិនបើ​ក្រុមហ៊ុន​នេះ​សងបំណុល​ដែល​ជំពាក់​រដ្ឋ​។

ទោះយ៉ាងណា​ក្រសួង​មិន​បាន​បញ្ចេញ​ចំនួន​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​នេះ​ជំពាក់​រដ្ឋ​នោះទេ ហើយ​ក៏បាន​ព្រមាន​លុប​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀត​ក្នុង​ករណី​មិន​សងបំណុល​ជំពាក់​រដ្ឋ​។

MPTC ​បញ្ជាក់​៖ «​ក្រសួង​នឹង​បន្ត​ចាត់វិធានការ​លុប​អាជ្ញាប័ណ្ណ​នៃ​ប្រតិបត្តិករ​ទូរគមនាមន៍​ទាំងឡាយ​ដែល​គេចវេះ​មិន​អនុវត្ត​តាមច្បាប់ និង​មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​អាជ្ញាប័ណ្ណ ដូចជា មិនមាន​ប្រតិបត្តិការ​មិន​បាន​ធ្វើ​ស្វ័យ​ប្រកាស​បង់​ចំណូល​ត្រឹមត្រូវ មិន​ផ្តល់​ឯកសារ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​គ្រប់គ្រាន់ មិន​សងបំណុល ឬ​មិន​បង់​ចំណូល​ជូន​រដ្ឋ ជាដើម​»​។

ក្រុមហ៊ុន ឈួន វៃ (​ខេមបូឌា​) ​ចូល​ជា​សមាជិក​របស់​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (IBC) និង​ជា​សមាជិក​របស់​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) នឹង​បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០០៨ ដែល​គ្រប់គ្រង​ដោយ​អ្នកវិនិយោគ​សញ្ជាតិ​កម្ពុជា​។

កាលពី​ថ្ងៃទី​ ២១ តុលា ឆ្នាំនេះ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​សម្រេច​លុប និង​ព្យួរ​អាជ្ញាប័ណ្ណ​ប្រតិបត្តិករ​ទូរគមនាគមន៍​ចំនួន​ ១៧ ​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិការ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត អាជ្ញាប័ណ្ណ​សម្រាប់​ផ្តល់​សេវា​អ៊ីនធឺណិត​ (ISP) និង ហ្វ្រេកង់​សម្រាប់​ដំណើរការ Broadband Wireless Access (BWA) ដោយមាន​មូលហេតុ​ដូច​ការលុប​អាជ្ញាប័ណ្ណ​ដែល​បាន​ធ្វើឡើង​លើក​ចុងក្រោយ​នេះដែរ​។

ជាមួយ​គ្នា​នេះ MPTC ក៏​​បាន​លុប និង​ព្យួរ​អាជ្ញាប័ណ្ណ​សម្រាប់​ផ្តល់​សេវា​សំឡេង​តាមរយៈ​ពិធីការ​អ៊ីនធឺណិត​ (VoIP) និង​អាជ្ញាប័ណ្ណ​សម្រាប់​ប្រព័ន្ធ​បណ្តាញ និង​សេវា​កំណត់​ទីតាំង និង​តម្រង់ទិស​តាម​ផ្កាយរណប​ផង​ដែរ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ MPTC​។

កាលពី​ខែតុលា​ឆ្នាំនេះ អ្នក​នាំពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រតិបត្តិករ​ទាំងអស់​គឺ​មាន​កាតព្វកិច្ច​ស្វ័យ​ប្រកាស​បង់​ចំណូល​ពន្ធ​ជូន​រដ្ឋ​ដែល​ត្រូវធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​។

ក្រុមហ៊ុន​ជាច្រើន​បាន​ចាប់​យក​ឱកាស​ពង្រីក​ការវិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា​ក្នុង​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​ចាប់​តាំងពី​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ខ្ពស់ និង​ការកើនឡើង​នៃ​អ្នកប្រើប្រាស់ ប៉ុន្តែ​ពួកគេ​ក៏រង​ការប្រកួតប្រជែង​ដ៏ខ្លាំង​ក្នុងអំឡុង​ពេលនេះ​។

បើតាម​ TRC បច្ចុប្បន្ន សេវា​ទូរស័ព្ទ​ចល័ត និង​អ៊ីនធឺណិត​បណ្តាញ​ 4G របស់​កម្ពុជា​បាន​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​ចំនួន​ ៥៣ ​ភាគរយ​ ​នៃ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជាង​ ១៥ ​លាន​នាក់ ខណៈ​កម្ពុជា​មាន​បណ្តាញ​ខ្សែកាប្លិ៍​អុកទិក​មេ​ប្រវែង​ជាង​ ៤៤ ២៥១ ​គីឡូម៉ែត្រ​៕LA