ភ្នំពេញៈ ប្រទេសចិន បានអនុញ្ញាតក្រុមហ៊ុនវិនិយោគលើដំណាំចេកអំបូងលឿងនៅកម្ពុជាចំនួន ៥ ថ្មីបន្ថែមទៀតមានសិទ្ធិនាំចេញចេកជាផ្លូវការទៅកាន់ទីផ្សាររបស់ខ្លួន។
អ្នកនៅក្នុងវិស័យនេះមានសុទិដ្ឋិនិយមថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០២០ នេះ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា រដ្ឋបាលគយប្រទេសចិនកាលពីថ្មីៗនេះបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និងក្រុមហ៊ុន ៤ ទៀតទទួលបានសិទ្ធិជាផ្លូវការនាំចេកអំបូងលឿងទៅកាន់ទីផ្សារចិនជាលើកទី ៤ នេះ។
ទំព័រហ្វេសប៊ុកខាងលើបានឲ្យដឹងទៀតថា ការអនុញ្ញាតឲ្យក្រុមហ៊ុន ៥ ទៀតនេះបាននាំឲ្យក្រុមហ៊ុនកើនដល់ចំនួន ១៥ ដែលមានសិទ្ធិនាំចេញចេកអំបូងលឿងទៅប្រទេសចិន។
ទំព័រហ្វេសប៊ុកស្ថានទូតចិនបន្តថា៖ «ចម្ការចេកក្នុងប្រទេសកម្ពុជាដែលបានចុះឈ្មោះទាំងនេះមានផ្ទៃដីដាំដុះជាង ៨ ០០០ ហិកតា និងរោងចក្រវេចខ្ចប់ចំនួន ២១ កន្លែង ដែលវានឹងជួយបង្កើនសមត្ថភាពកែច្នៃផលិតកម្ម និងការប្រកួតប្រជែងរបស់កម្ពុជា»។
លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co., Ltd ដែលវិនិយោគលើចម្ការចេកទំហំ ១ ០០០ ហិកតា នៅក្នុងខេត្តកំពតប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការផ្តល់សិទ្ធិឲ្យក្រុមហ៊ុនកាន់តែច្រើននាំចេញចេកអំបូងលឿងពីកម្ពុជានឹងជួយជំរុញ និងទាក់ទាញឲ្យមានការវិនិយោគលើដំណាំចេកកាន់តែច្រើនឡើងនៅកម្ពុជា។
លោកបន្តថា ប្រទេសចិនមានតម្រូវការទីផ្សារចេកប្រមាណ ១២ លានតោនក្នុង ១ ឆ្នាំ។ លោកថ្លែងថា៖ «ការនាំចេញចេកអំបូងលឿងរបស់កម្ពុជាកាន់តែច្រើនទៅទីផ្សារចិន ហើយការវិនិយោគលើដំណាំចេកនឹងកើនឡើង ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់វិស័យកសិកម្មនៅកម្ពុជា»។
លោកមានសុទិដ្ឋិនិយមថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០២០ នេះ។ ការនាំចេញចេកអំបូងលឿងរបស់កម្ពុជាកាលពីឆ្នាំ ២០១៩ សម្រេចបានជាង ១៥ ម៉ឺនតោន។
លោកនិយាយថា៖ «ការនាំចេញចេករបស់យើងប្រហែលកើនឡើងទ្វេដង អាចចន្លោះពី ២៥ ទៅ ៣០ ម៉ឺនតោននៅឆ្នាំនេះ មូលហេតុមកពីការវិនិយោគលើដំណាំចេកបានកើនឡើង អ៊ីចឹងទិន្នផលក៏កើនដែរ»។
លោកស្រី ហេង ដាវី ប្រធានក្រុមហ៊ុន Long Sreng Hua Jian Agriculture Development Co.,Ltd ដែលមានផ្ទៃដីប្រមូលផលចេកអំបូងលឿងប្រមាណ ២០០ ហិកតានៅខេត្តកំពង់ចាមបានឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយតម្រូវការចេកអំបូងលឿងខ្ពស់នៅទីផ្សាររបស់ប្រទេសចិន ក្រុមហ៊ុនលោកស្រីគ្រោងនឹងពង្រីកផ្ទៃដីដាំដុះឲ្យកាន់តែធំបន្ថែមទៀត។
លោកស្រីថ្លែងថា៖ «បច្ចុប្បន្នការផ្គត់ផ្គង់របស់ក្រុមហ៊ុនទៅប្រទេសចិនគឺ មិនទាន់ឆ្លើយតបនឹងបរិមាណនៃការបញ្ជាទិញនោះទេ»។
ការនាំចេញចេកអំបូងលឿងស្រស់ពីកម្ពុជាទៅទីផ្សារអន្តរជាតិគិតចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ៨ ខែកក្កដា សម្រេចបាន ១៤៧ ៧៦០ តោន កើនឡើងជាង ១៥០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក សាខុន ថ្លែងថា៖ «គុណភាពចេកអំបូងលឿងកម្ពុជា និងទំនាក់ទំនងល្អផ្នែកពាណិជ្ជកម្មបានធ្វើឲ្យការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅទីផ្សារអន្តរជាតិកើនឡើងជាលំដាប់ ពិសេសក្នុងឆ្នាំ ២០២០ នេះ»៕LA