ភ្នំពេញៈ ក្រុមហ៊ុនផលិតដែកថែបចិន Baowu Group បានបង្ហាញផែនការក្នុងការរើរោងចក្រចម្រាញ់ដែករបស់ខ្លួនពីតំបន់ Xinjiang របស់ចិន មកកម្ពុជា ដែលនឹងក្លាយជាគម្រោងផលិតកម្មនៅក្រៅប្រទេសដំបូងគេរបស់ក្រុមហ៊ុន Baowu។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters។ គម្រោងនេះត្រូវបានស្វាគមន៍ដោយមន្រ្តីពាណិជ្ជកម្ម និងតំណាងវិស័យឯកជនកម្ពុជា ជាអ្វីដែលគេរំពឹងថាផលិតកម្មដែកថែបនេះនឹងឆ្លើយតបនឹងកំណើនតម្រូវការដែកនៅក្នុងស្រុកដែលកំពុងកើនឡើង។ កំណើនវិស័យសំណង់នៅកម្ពុជា បានធ្វើឲ្យតម្រូវការដែកកើនឡើងយ៉ាងខ្លាំង តែកន្លងមកសម្ភារនេះត្រូវបានពឹងផ្អែកលើការនាំចូលពីក្រៅប្រទេស។
សេចក្តីរាយការណ៍បានដកស្រង់សម្តីប្រធានផ្នែកផលិតកម្មជាន់ខ្ពស់របស់ក្រុមហ៊ុន Baowu បានឲ្យដឹងថា ក្រុមហ៊ុន Baowu កំពុងស្វែងរកលទ្ធភាពនៃការដឹកជញ្ជូនឡចម្រាញ់ដែក ២ ដោយមានសមត្ថភាពរួមបញ្ចូលគ្នាស្មើនឹង ៣,១ លានតោន រួមជាមួយនឹងឧបករណ៍បំប្លែងដែកទៅជាដែកថែប មកប្រទេស កម្ពុជា នៅចុងឆ្នាំ ២០១៩។ ប្រធានផ្នែករូបនេះ សូមមិនបង្ហាញឈ្មោះ ដោយសារតែលោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធព័ត៌មាន។
របាយការណ៍នេះបន្តថា គ្រឿងម៉ាស៊ីននេះ នឹងយកមកពីរោងចក្រ Xinjiang Bayi Nanjiang Steel Baicheng Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Baowu មានមូលដ្ឋាននៅតំបន់ Aksu នៅភាគពាយព្យរបស់ប្រទេស ចិន។ រោងចក្រនេះត្រូវបានបិទទ្វារកាលពីឆ្នាំ ២០១៧។ លោកថ្លែងថា៖ «ឧបករណ៍នេះអាចត្រូវបានមើលឃើញថា ហួសសម័យនៅក្នុងប្រទេស ចិន ប៉ុន្តែវានៅតែទំនើបមួយសម្រាប់ផលិតកម្មនៅក្នុងប្រទេស កម្ពុជា»។
វិស័យសំណង់របស់ប្រទេសកម្ពុជា កំពុងរីកចម្រើនយ៉ាងរហ័សដែលធ្វើឲ្យតម្រូវការដែកថែបកើនឡើងយ៉ាងខ្លាំងដែរ។ ប្រទេស កម្ពុជា បានក្លាយជាប្រទេសនាំចូលដែកថែបពីវៀតណាមឈានមុខគេ ដែលស្រូបយកជិត ៤០ ភាគរយ នៃអ្វីដែលវៀតណាមបាននាំចេញក្នុងរយៈពេល ៧ ខែដំបូងនាឆ្នាំ ២០១៨ កន្លងទៅ។ នេះបើយោងតាមទិន្នន័យបានពីអាជ្ញាធរគយរបស់ប្រទេស វៀតណាម។
ក្នុងអំឡុងពេលនេះ ប្រទេស កម្ពុជា នាំចូលដែកថែបមកពីប្រទេស វៀតណាម ចំនួន ៧១៧ ៥៧២ តោន កើនឡើង ៤៩ ភាគរយ ធៀបនឹងរយៈពេល ៧ ខែ ដំបូងកាលពីឆ្នាំ ២០១៧។ ទាក់ទងនឹងតម្លៃវិញ ការនាំចូលនេះមានតម្លៃ ៤៦២,៧៣ លានដុល្លារ កើនឡើង ៧៧,៩ ភាគរយ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ការមានការផលិតដែកថែបនៅក្នុងប្រទេស កម្ពុជា គឺជាអ្វីដែលប្រទេសនេះកំពុងស្វែងរក ហើយអាជ្ញាធរនឹងស្វាគមន៍រោងចក្រនេះ។ លោកបន្ថែមថា ខណៈតម្រូវការសម្ភារសំណង់កំពុងកើនឡើង មានតែស៊ីម៉ងត៍ប៉ុណ្ណោះ ត្រូវបានផ្គត់ផ្គង់ភាគច្រើនដោយក្រុមហ៊ុនក្នុងស្រុក ខណៈសម្ភារជាច្រើនពឹងផ្អែកលើការនាំចូលមកពីបរទេស។
លោកថ្លែងថា៖ «បើក្រុមហ៊ុននេះនឹងចូលមកមែន គឺនឹងមានប្រយោជន៍ច្រើនសម្រាប់យើង។ យើងចង់មានឧស្សាហកម្មនេះសម្រាប់បំពេញតម្រូវការក្នុងវិស័យសំណង់ដែលកំពុងកើនឡើង» ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឲ្យដឹងកាលពីម្សិលមិញថា កំណើនវិស័យសំណង់នៅក្នុងប្រទេស កម្ពុជា ភាគច្រើនត្រូវបានជំរុញដោយវិនិយោគិនចិន ។ ដូច្នេះ វាជាការល្អដែលវិនិយោគិនចិន បង្កើនរោងចក្រផលិតដែកនៅទីនេះ។ លោកលើកឡើងថា៖ «ខ្ញុំគិតថា ជាង ៩០ ភាគរយ នៃការប្រើប្រាស់ដែកថែបនៅក្នុងវិស័យសំណង់របស់កម្ពុជា ត្រូវបាននាំចូល»។
លោកបន្ថែមថា៖ «ប្រសិនបើគម្រោងនេះចេញជារូបរាងមែន វាល្អក្នុងការផ្គត់ផ្គង់ដែកថែបដល់ទីផ្សារក្នុងស្រុក ហើយវានឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មកម្ពុជា»។
យ៉ាងណាក៏ដោយ អ្នកវិភាគមួយរូបនៅប្រទេស ចិន បានឲ្យដឹងថា ការបង្កើតឧស្សាហកម្មដែកថែបនៅក្នុងប្រទេស កម្ពុជា ទាំងការដឹកជញ្ជូន ឬការផលិតថ្មី មានបញ្ហាប្រឈមច្រើន។
ទោះបីយ៉ាងនេះក្តីលោក Ming He អ្នកវិភាគនៅក្រុមហ៊ុន Wood Mackenzie មានមូលដ្ឋាននៅទីក្រុងប៉េកាំងបានប្រាប់ទីភ្នាក់ងារ Reuters ថា៖ «វានឹងមានការពិបាកខ្លាំង ក្នុងការបង្កើតរោងចក្រដែកថែបនៅក្នុងប្រទេស កម្ពុជា ដោយសារតែកង្វះហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវដែក និងឧបករណ៍ប្រើប្រាស់ និងបរិយាកាសវិនិយោគដែលមិនសូវល្អ»៕ LA