ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Hong Lai Huat Group Ltd និងក្រុមហ៊ុន China Machinery Engineering Corp (CMEC) បានសហការគ្នា ដើម្បីសម្រេចបានគម្រោងបន្ទះសូឡា ២០០ មេហ្គាវ៉ាត់នៅ Aoral Eco-City នៅក្នុងប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរួមមួយបានឲ្យដឹងកាលពីថ្ងៃទី ២៦ ខែមេសាថា ក្រុមហ៊ុន Hong Lai Huat and CMEC បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមិនភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ ដើម្បីបង្កើតយានពិសេសមួយ (SPV) និងសហការគ្នាយ៉ាងហោចណាស់រយៈពេល ២០ ឆ្នាំ ជាមួយនឹងជម្រើសបន្តជាថ្មីរយៈពេល ២០ ឆ្នាំ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
គម្រោងនេះនឹងនាំឲ្យមានការសាងសង់រោងចក្រថាមពលសូឡាឈានមុខគេរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមលោក Ong Jia Jing ជានាយកគ្រប់គ្រងទូទៅ និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat Group។
Aoral Eco-City គឺជាគម្រោង «ទីក្រុងអេកូកសិកម្មរួមដ៏ធំ» មួយកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Hong Lai Huat នៅក្នុងប្រទេសកម្ពុជា។
ការសាងសង់ឧទ្យានសូឡាទំហំដូចនោះនៅក្នុងអេកូស៊ីធីនឹងតម្រូវឲ្យមានការវិនិយោគសរុបប្រហែល ២០០ លានដុល្លារ (១៦៥ លានអឺរ៉ូ)។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនពីរនេះ។
CMEC នឹងផ្ដល់ច្រកចេញចូលតែមួយជាដំណោះស្រាយរោងចក្រសូឡាពេញលេញសម្រាប់គម្រោងនេះ ដែលរួមទាំងការរៀបចំផែនការបឋម វិស្វកម្ម លទ្ធកម្ម និងការសាងសង់ (EPC) ហិរញ្ញប្បទាន ប្រតិបត្តិការ និងការថែទាំ។
នៅពេលបញ្ចប់នៃការសាងសង់ ឧទ្យានសូឡានេះនឹងលក់ថាមពលឲ្យអគ្គិសនីកម្ពុជា (EDC) ដែលគ្រប់គ្រងដោយរដ្ឋ ខណៈដែលក្រុមហ៊ុន Hong Lai Huat នឹងមានសិទ្ធិក្នុងការទិញអគ្គិសនីក្នុងអត្រាតម្លៃដូចគ្នានឹង EDC ផងដែរ។
អនុលោមតាមការចុះហត្ថលេខានៃកិច្ចព្រមព្រៀងដែលចងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់នេះ ដៃគូរបស់គម្រោងទាំងពីរនេះនឹងចែករំលែកប្រាក់ចំណូលដែលរកបានស្ថិតក្រោមកិច្ចព្រមព្រៀងការទិញថាមពល (PPA)៕LA