ភ្នំពេញៈ គម្រោង WE Act ដែលជាគំនិតផ្តួចផ្ដើមថ្មីក្នុងគោលបំណងគាំទ្រសហគ្រិនស្ដ្រីវ័យក្មេងត្រូវបានដាក់ឲ្យដំណើរការកាលពីម្សិលមិញ ដែលគេរំពឹងថានឹងផ្ដល់អំណាចដល់សហគ្រិន និងភាពជាអ្នកដឹកនាំអាជីវកម្មស្ត្រី។
ទោះបីមានការប៉ាន់ប្រមាណថា ស្ដ្រីគ្រប់គ្រងអាជីវកម្មជាង ៦០ ភាគរយ នៅក្នុងប្រទេស កម្ពុជា ប៉ុន្តែពួកគេគ្រប់គ្រងក្រុមហ៊ុនខ្នាតតូច ដែលមានបុគ្គលិកចាប់ពី ១០ នាក់ ឬច្រើនជាងនេះ មានតែចំនួន ២៦ ភាគរយប៉ុណ្ណោះ។
ការប៉ាន់ប្រមាណបង្ហាញថា សហគ្រាសគ្រប់គ្រងស្ដ្រីតិចជាង ២ ភាគរយត្រូវបានចុះបញ្ជីផ្លូវការ ខណៈសហគ្រិនស្ដ្រីបានប្រឈមនឹងគម្លាតសេវា ព្រមទាំងឱកាសក្នុងការគាំទ្រជាប្រព័ន្ធជាតួអង្គក្នុងសេដ្ឋកិច្ច។
WE Act ជាគម្រោងគំនិតផ្តួចផ្ដើមថ្មីរបស់អង្គការ USAID ដែលមានមូលនិធិ ១០ លានដុល្លារដែលនឹងអនុវត្តរយៈពេល ៥ ឆ្នាំ ដោយអង្គការ Pact Cambodia។
គម្រោងនេះនឹងស្វែងរកការគាំទ្រដល់សហគ្រិនស្ដ្រីវ័យក្មេងចាប់ពីអាយុ ១៥ ឆ្នាំដល់ ៣៥ ឆ្នាំ ដើម្បីផ្ដល់អំណាចស្ដ្រី តាមរយៈការគាំទ្រគំនិត និងផ្នែកហិរញ្ញវត្ថុ។
លោកស្រី Sabine Joukes នាយកប្រចាំប្រទេសនៅអង្គការ Pact Cambodia និងជាប្រធានគម្រោង WE Act បានឲ្យដឹងថា គម្រោងនេះនឹងចាប់ផ្ដើមដំណើរការនៅភូមិសាស្ដ្រទីក្រុង ដែលចាប់ផ្ដើមនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង ព្រមទាំងសហការជាមួយសមាគមសហគ្រិនស្ដ្រីកម្ពុជា និងគម្រោងវិនិយោគ SHE ព្រមទាំងការបើកចំហសម្រាប់សំណើគម្រោងសាធារណៈផងដែរ។
លោកស្រីថ្លែងថា៖ «យើងផ្ដល់អំណាចដល់សហគ្រិនស្ដ្រី យើងនឹងធ្វើការងារជាមួយដៃគូ ដែលកំពុងបន្តសេវារួចហើយដល់សហគ្រិនស្ដ្រីវ័យក្មេង និងរួមគ្នាជាប្រព័ន្ធមួយ។ យើងមានបំណងលើកកម្ពស់សហគ្រិនស្ដ្រីទាំងអស់ នៅក្នុងការគាំទ្រពួកគេឆ្ពោះទៅរកកំណើន និងភាពជោគជ័យ»។
គម្រោង WE Act នឹងធ្វើ ការងារជាមួយស្ដ្រីវ័យក្មេងនៅតាមសាលាមធ្យមសិក្សា ហើយនឹងជំរុញឲ្យពួកគេចូលរួមក្នុងសកម្មភាពដែលលើកកម្ពស់ជំនាញសហគ្រិនដែលជំនាញទាំងនេះនឹងមានតម្លៃនៅក្នុងទិសដៅអាជីពណាមួយដែលពួកគេទទួលយក។
លោកស្រី ឡាំ គីមឡេង អគ្គនាយកនៃអគ្គនាយកដ្ឋាន សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានស្វាគមន៍គម្រោងថ្មីនេះដែលគាំទ្រសហគ្រិនស្ដ្រីវ័យក្មេង ខណៈវាជាផ្នែកមួយនៃការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោកស្រីបន្តថា៖ «យើងត្រូវការការគាំទ្រកាន់តែច្រើនពី ដៃគូអភិវឌ្ឍន៍ទាំងអស់ ដូចជា Pact Cambodia ហើយយើងសង្ឃឹមថា សហគ្រិននឹងបង្កើនជំនាញរបស់ពួកគេ និងការគ្រប់គ្រង ព្រមទាំងធ្វើឲ្យកាន់តែប្រសើរដល់ក្រុមហ៊ុនរបស់ពួកគេឲ្យក្លាយជាក្រុមហ៊ុន ផ្លូវការមានស្ដង់ដារ»។
លោកស្រីបន្តថា រដ្ឋាភិបាលកំពុងព្យាយាមក្នុងការលើកកម្ពស់ SME ដោយអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល។ លោកស្រីបន្ថែមថា៖ «នេះនឹងរួមចំណែកដល់ សេដ្ឋកិច្ចរបស់កម្ពុជា»។
លោកស្រី រស់ រតនៈ ស្ថាបនិកមុខម្ហូបខ្មែរ Rotanka-Home ដែលទើបនឹងចាប់ផ្ដើមអាជីវកម្មរបស់លោកស្រីកាលពីឆ្នាំមុន បានឲ្យដឹងបន្តថា គម្រោង We Act នឹងដើរតួនាទីដ៏សំខាន់ ក្នុងការគាំទ្រ សហគ្រិនវ័យក្មេង សម្រាប់ជំរុញ ការដោះស្រាយបញ្ហា ព្រមទាំងអ្នកជំនាន់ក្រោយនៃបណ្ដាញអាជីវកម្ម និងក្រុមហ៊ុន។
លោកស្រីថ្លែងថា៖ «យើងនឹងទទួលបានបណ្ដាញអាជីវកម្មជាច្រើនដែលរៀនសូត្រអំពីរបៀបក្នុងការដោះស្រាយបញ្ហា និងការជំរុញពីអ្នកជំនាន់ក្រោយអាជីវកម្មនៅក្នុងវិស័យនេះ»។
លោកស្រីបញ្ជាក់ថា៖ «ដោយមានគម្រោង We Act យើងនឹងមិនមានអារម្មណ៍ឯកោក្នុងការបង្កើតអាជីវកម្មដំបូងជាមួយនឹងគំនិតអាជីវកម្មណាមួយនោះទេ»៕LA