ភ្នំពេញៈ គម្រោងដំណាំកសិកម្មនិងបន្លែមានតម្លៃ ២០ លានដុល្លារ នៅខេត្តតាមបណ្ដោយដងទន្លេមេគង្គ បានផ្គត់ផ្គង់បន្លែជាង ៦០ តោនប៉ុណ្ណោះក្នុង ១ ថ្ងៃ នៃបរិមាណដែលបានកំណត់ ១៦០ តោន។ នេះបើយោងតាមមន្ដ្រីមកពីក្រសួងកសិកម្ម។
កម្មវិធីជំរុញការផលិតស្បៀងរបស់ក្រសួងកសិកម្ម ដែលដាក់ឲ្យដំណើរការជាលើកដំបូងរយៈពេល ៣ ឆ្នាំកាលពីពាក់កណ្ដាលឆ្នាំ ២០១៦ ដើម្បីគាំទ្រដល់អ្នកដាំដុះដំណាំកសិកម្ម នៅតាមបណ្ដោយដងទន្លេមេគង្គ និងបានកំណត់ទិសដៅផ្គត់ផ្គង់ទីផ្សារបន្លែក្នុងស្រុក ១៦០ តោន ក្នុង ១ ថ្ងៃ នឹងបញ្ចប់ត្រឹមចុងឆ្នាំ ២០១៩។
លោក គៀន សុភា អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំនៃក្រសួងកសិកម្ម បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានកសិករ ២,០៦០ នាក់និងសហករណ៍ស្រូវ ២៦០ នៅក្នុងខេត្តតាមបណ្ដោយដងទន្លេមេគង្គ កំពុងចូលរួមក្នុងគម្រោងនេះ។
លោកថ្លែងថា កម្មវិធីរយៈពេល ៣ ឆ្នាំនេះ នឹងធ្វើឲ្យរីកចម្រើនឡើងវិញការដាំដុះបន្លែដែលអនុវត្តតាមស្ដង់ដារធ្វើកសិកម្មល្អ (GAP) ដែលបានបង្កើតឡើងដោយក្រសួងកសិកម្ម ដោយផ្ដោតលើដំណាំកសិកម្ម អាទិភាព ១៣ ប្រភេទ រួមមាន សាលាដ ម្ទេស ស្ពៃក្រញាញ់ ប៉េងប៉ោះ ត្រសក់ និងននោង។
បច្ចុប្បន្ន បន្លែក្នុងគម្រោងនេះអាចផ្គត់ផ្គង់បាន ៦២ តោនដល់ទីផ្សារនៅក្នុងតំបន់របស់ពួកគេ ដោយមួយចំនួនត្រូវបានបញ្ជូនមកលក់នៅភ្នំពេញ។
លោក គៀន សុភា រំពឹងថា គម្រោងនេះនឹងអាចផ្គត់ផ្គង់ ១០០ តោន ក្នុង ១ ថ្ងៃត្រឹមចុងឆ្នាំ ២០១៩ ជាពេលដែលគម្រោងនេះនឹងត្រូវបញ្ចប់។ លោកថ្លែងថា៖ «ស្ថិតក្រោម GAP បច្ចុប្បន្នបន្លែកំពុងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជនក្នុងស្រុក ទោះបីជាវាមានតម្លៃខ្ពស់បន្តិចក៏ដោយ ប៉ុន្តែពួកគេមានទំនុកចិត្តលើការផលិតក្នុងស្រុក»។ លោកបន្តថា កសិករមានការយល់ដឹងកាន់តែច្រើន អំពីបច្ចេកទេស ក្នុងការដាំដុះ ដើម្បីទទួលបានទិន្នផល និងគុណភាពកាន់តែខ្ពស់។
បច្ចុប្បន្នកម្ពុជាប្រើប្រាស់បន្លែប្រមាណ ៥០០ តោនក្នុង ១ ថ្ងៃ ដែលមានតម្លៃចន្លោះពី ២០ ម៉ឺន ទៅ ៣០ ម៉ឺនដុល្លារ។
កម្ពុជានាំចូលបន្លែ និងផ្លែឈើប្រហែល ៤០ ភាគរយក្នុងតម្លៃប្រហែល ២០០ លានដុល្លារក្នុង ១ ឆ្នាំ ជាពិសេសពីប្រទេស វៀតណាម ដែលត្រូវបានគេដឹងថា មានផ្ទុកសារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិត។
លោក ស៊ុន សុខហេង ជាកសិករ ១ រូប ដែលបានចូលរួមក្នុងគម្រោងនេះ និងកំពុងដាំដុះលើផ្ទៃដីកន្លះហិកតា បានឲ្យដឹងថា បន្ទាប់ពីការចូលរួមក្នុងគម្រោងនេះមក លោកអាចបង្កើនទិន្នផលពី ១០ តោនក្នុង ១ ឆ្នាំ ដល់ ១៣ តោនក្នុង ១ ឆ្នាំ ដែលរកប្រាក់ចំណូលបានពី ២,០០០ ដុល្លារ ទៅ ៤,០០០ ដុល្លារក្នុង ១ ឆ្នាំ។
លោកលើកឡើងថា៖ «យើងរៀនសូត្របានច្រើនអំពីការដាំដុះដោយអនុវត្តតាម GAP ហើយយើងអាចលក់ក្នុងតម្លៃកាន់តែប្រសើរ»។ ប៉ុន្តែលោកបន្ថែមថា កសិករចង់ឲ្យមានការធ្វើកសិកម្មតាមកិច្ចសន្យា ដែលនឹងរក្សាការដាំដុះរបស់ពួកគេកាន់តែមានសុវត្ថិភាព។
លោកបានបញ្ជាក់ថា៖ «វាជាបញ្ហាប្រឈមផងដែរសម្រាប់ពួកយើង ដោយសារទីផ្សារមិនមានសុវត្ថិភាពសម្រាប់ពួកយើង ខណៈអ្នកទិញរបស់ពួកយើងមិនចង់ធ្វើកិច្ចសន្យាជាមួយយើងនោះទេ»។
លោក ហាច ហៀន ជាអ្នកទិញក្នុងស្រុកម្នាក់ដែលអះអាងថា បានប្រមូលទិញបន្លែយ៉ាងហោចណាស់ ៥០០ គីឡូក្រាមក្នុង ១ ថ្ងៃពីកសិករបានឲ្យដឹងថា លោកមិនអាចធ្វើកិច្ចសន្យាជាមួយកសិករបានទេ ខណៈលោកនៅតែប្រឈមការប្រកួតប្រជែងជាមួយបន្លែនាំចូល និងអ្នកដាំក្នុងស្រុកផ្សេងទៀត។
លោកថ្លែងថា៖ «ទោះបីជាខ្ញុំអាចលក់ក្នុងតម្លៃកាន់តែប្រសើរក៏ដោយ ក៏ប៉ុន្តែខ្ញុំនៅតែមិនអាចធ្វើកិច្ចសន្យាបានទេ ដោយសារតែខ្ញុំត្រូវតែប្រកួតប្រជែងតម្លៃជាមួយអ្នកផ្គត់ផ្គង់បន្លែផ្សេងទៀត និងបន្លែនាំចូលក្នុងស្រុក ដោយមានតម្លៃកាន់តែទាបផងដែរ»៕LA