ភ្នំពេញៈ ក្រុមហ៊ុន NagaCorp ដែលទទួលបានអាជ្ញាប័ណ្ណតែ ១ គត់ក្នុងការវិនិយោគលើកាស៊ីណូ NagaWorld ក្នុងទីក្រុងភ្នំពេញបានប្រកាសគម្រោងអភិវឌ្ឍន៍ Naga 3 ដែលនឹងត្រូវចំណាយលើការវិនិយោគប្រមាណជិត ៤ ពាន់លានដុល្លារ នៅលើទីតាំងដីអតីតអគារប៊ុលឌិង។ នេះបើយោងតាមឯកសារ ២៩ ទំព័រ ផ្ញើទៅផ្សារហ៊ុនហុងកុង។
សេចក្ដីប្រកាសរបស់ក្រុមហ៊ុន គម្រោងនេះត្រូវបានយល់ព្រមជាគោលការណ៍ដោយរដ្ឋាភិបាលរួចហើយដើម្បីសាងសង់ Naga 3 ដែលមានអគារកម្សាន្តរួមគ្នា ៤ ប្លុក កម្ពស់ ៤២ ជាន់នៅលើផ្ទៃដី ៧ ៧៥៧ ម៉ែត្រការ៉េ។
ក្រុមហ៊ុននេះបានឲ្យដឹងថា ក្រោយមករដ្ឋាភិបាលបានផ្តល់ការយល់ព្រមជាគោលការណ៍លើកទី២ បន្ទាប់ពីក្រុមហ៊ុនបានទិញដីបន្ថែម ៩ ០៨០ ម៉ែត្រការ៉េ មានទីតាំងជាប់ដីអតីតអគារប៊ុលឌិង ដើម្បីសាងសង់អគារ ៥ ប្លុកមានកម្ពស់់ ៦៦ ជាន់ ដោយមានមុខងារជាកន្លែងកម្សាន្ត សណ្ឋាគារ និងអាផាតមិន។
ដីដែលមានព្រំប្រទល់ជាប់នឹងដីអតីតអគារប៊ុលឌិងមួយផ្នែកបច្ចុប្បន្នជាការិយាល័យរបស់ក្រុមហ៊ុន 7NG Group។
ភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងសុំការបញ្ជាក់ពីលោក ស្រី ចន្ធូ ប្រធានក្រុមហ៊ុន 7NG Development Co.,Ltd បានទេកាលពីម្សិលមិញ។
អគារដែលមានអាយុកាល ៥ ទសវត្សរ៍ ដែលមានប្រជាជន ៤៩២ គ្រួសាររស់នៅត្រូវបានវាយកម្ទេចចោលកាលពីឆ្នាំ ២០១៧ បន្ទាប់ពីដំណោះស្រាយមួយត្រូវបានធ្វើឡើងក្នុងសហប្រតិបត្តិការជាមួយ Arakawa Co ជាក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេស ជប៉ុន ក្រោមការសម្របសម្រួលពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍតំបន់នេះ។ ហើយផែនការដំបូងនឹងសាងសង់អគារកម្ពស់ ២១ ជាន់ ដោយចំណាយប្រហែល ៨០ លានដុល្លារ។
ប៉ុន្តែក្រោយមក ពាក្យចចាមអារ៉ាម ត្រូវបានលេចឮថា អចលនទ្រព្យមួយនេះនឹងត្រូវអភិវឌ្ឍទៅជា Naga 3 របស់ក្រុមហ៊ុន NagaCorp ដែលពេលនេះបានក្លាយជាការពិត។
ក្រុមហ៊ុននេះរំពឹងថា នឹងរកបានប្រាក់ប្រហែលពី ៣,៨ ពាន់លានដុល្លារអាមេរិកទៅ ៤ ពាន់លានដុល្លារអាមេរិកក្នុងការចំណាយមូលធនសម្រាប់ការអភិវឌ្ឍគម្រោង Naga 3 នេះ។ នេះបើតាមសេចក្តីប្រកាស។
ក្រុមហ៊ុនមិនបានបង្ហាញតម្លៃទិញដីនេះទេ ប៉ុន្តែយោងការស្រាវជ្រាវមួយដោយក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ពីដើមឆ្នាំ ២០១៩ ដីនៅតំបន់នេះមានតម្លៃជាមធ្យមពី ៤ ០០០ ដុល្លារទៅ ៦ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា លោកបានឮ អំពីគម្រោង Naga 3 នេះដែរ តែមិនផ្លូវការ។ លោកថ្លែងថា៖ «បញ្ហានេះចាំបាច់ត្រូវសួរទៅក្រសួងសេដ្ឋកិច្ច ហើយសម្រាប់ខ្ញុំព័ត៌មានមិនផ្លូវការ ខ្ញុំបានដឹងថា រដ្ឋាភិបាលបានយល់ព្រមរួចហើយ»។
ប៉ុន្តែលោកស្វាគមន៍គម្រោងអភិវឌ្ឍន៍ថ្មីនេះ ដែលនឹងនាំយកអត្ថប្រយោជន៍ប្រាក់ចំណូលពន្ធកាន់តែច្រើនសម្រាប់រដ្ឋាភិបាល ការបង្កើតការងារ និងនាំយកកំណើនទេសចរណ៍។
លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា មកដល់ពេលនេះក្រសួងមិនទាន់បានទទួលឯកសារណាមួយពីក្រុមហ៊ុននេះពីផែនការរបស់ពួកគេនៅឡើយទេ។
លោកថ្លែងថា៖ «ខ្ញុំបានឮថា ក្រុមហ៊ុននេះបានទទួលការយល់ព្រមពីរដ្ឋាភិបាលដែរសម្រាប់គម្រោង Naga 3 នេះ ប៉ុន្តែខ្ញុំមិនអាចបញ្ជាក់បានយ៉ាងណានោះទេ ផ្ដល់ព័ត៌មានលម្អិតបានទេ ដោយសារតែក្រសួងមិនទាន់ទទួលបានឯកសារណាមួយនោះទេ»។
លទ្ធផលហិរញ្ញវត្ថុដែលមិនទាន់ធ្វើសវនកម្មរយៈពេល ៣ ខែ ឆ្នាំ ២០១៩ បង្ហាញថា ក្រុមហ៊ុននេះបានរកប្រាក់ចំណូលពីល្បែងសុទ្ធជាង ៣២១ លានដុល្លារ កើនឡើង ៣២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំមុន NagaWorld បានបង្ហាញកំណើនប្រាក់ចំណូលដុលពីការលេងល្បែង ៥៥ ភាគរយដល់ ១,៤ ពាន់លានដុល្លារ និងប្រាក់ចំណេញសុទ្ធបានកើនឡើង ៥៣ ភាគរយដល់ ៣៩០,៦ លានដុល្លារ ធៀបនឹងឆ្នាំ ២០១៧។ NagaCorp ត្រូវបានរាយការណ៍ថា បានបង់ពន្ធលើប្រាក់ចំណូល ៨,៨១ លានដុល្លារកាលពីឆ្នាំមុន។
លោក ម៉ី វ៉ាន់ ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីមុនថា រដ្ឋាភិបាលប្រមូលបានប្រាក់ជាង ២០ លានដុល្លារកាលពីឆ្នាំ ២០១៣ និងឆ្នាំ ២០១៤។ ប៉ុន្តែលោកបានឲ្យដឹងថា ក្រុមហ៊ុននេះចាំបាច់ត្រូវបង់ពន្ធលើប្រាក់ចំណេញផ្សេងទៀតសម្រាប់ប្រាក់ចំណូលមិនមែនល្បែង។
NagaCorp បានដាក់ឲ្យដំណើរការ Naga2 ដោយជោគជ័យកាលពីចុងឆ្នាំ ២០១៧។ ហើយបើយោងតាមគម្រោង Naga 3 នឹងតភ្ជាប់ផ្លូវក្រោមដី NagaCity Walk ដែលតភ្ជាប់ Naga1 និង Naga 2 ដែលនឹងបង្ហាញផលិតផលបែបការរស់នៅ ដែលមានការលេងល្បែង កន្លែងមិនមែនល្បែង និងសេវាកម្មផ្សេងទៀត ដែលមិនមាននៅ Naga 1 និង Naga 2។ នេះបើតាមឯកសារនេះ។
លោក សន ជ័យ ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គម បារម្ភថា កំណើនចំនួនកាស៊ីណូនឹងក្លាយជាកន្លែងប្រើប្រាស់សម្រាប់ការលាងលុយ ប្រសិនបើរដ្ឋាភិបាលខ្វះការគ្រប់គ្រង។ លោកថ្លែងថា៖ «នៅពេលវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយនៅតែមានកម្រិត យើងបារម្ភថា កាស៊ីណូអាចជាកន្លែងសម្រាប់ការលាងលុយ»៕LA