ភ្នំពេញៈ ឥទ្ធិពលការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យចំណូលប្រចាំឆ្នាំ ២០២០ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) សម្រេចបានប្រមាណជាង ២៩ លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមទិន្នន័យពីកំពង់ផែស្វយ័តភ្នំពេញ។
សេចក្តីប្រកាសព័ត៌មាន ក.ស.ភ កាលពីសប្តាហ៍មុនឱ្យដឹងថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ ក.ស.ភ (មិនទាន់ធ្វើសវនកម្ម) ប្រចាំឆ្នាំ ២០២០ មានចំនួន ២៩,៤៨ លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយ បើធៀបនឹង ៣១,៣១ លានដុល្លារ (ធ្វើសវនកម្មរួច) កាលពីឆ្នាំ ២០១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើនៅក្នុងឆ្នាំ ២០២០ ទាំងមូល ក.ស.ភ ទទួលបាននាវាផ្ទុកទំនិញឆ្លងកាត់សរុប ២ ៣៦៣ ជើង ធ្លាក់ ១,៩១ ភាគរយ ពីចំនួន ២ ៤០៩ ជើង នាវាទេសចរណ៍មាន ១២៦ ជើង ធ្លាក់ចុះ ពីចំនួន ៣៩៧ ជើង ស្មើនឹង ៦៨,២៦ ភាគរយ ទំនិញប្រេងឥន្ធនៈមាន ៣ ៧៨០ ៥៣០ តោន ធ្លាក់ចុះ ០,២៤ ភាគរយ ពីចំនួន ៣ ៧៨៩ ៤៦៤ តោន កុងតឺន័រឆ្លងកាត់មាន ២៩០ ៨៥៧ TEU កើន ៣,៤៩ ភាគរយ ពីចំនួន ២៨១ ០៤៥ TEU និងអ្នកដំណើរមានចំនួន ៩ ៧៣៣ នាក់ ធ្លាក់ ៦៩,៨៧ ភាគរយ ពី ៣២ ៣០០ នាក់។
លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញមិនអាចទាក់ទងបានទេកាលពីថ្ងៃទី ១៨ ខែមករា ប៉ុន្តែកាលពីចុងសប្តាហ៍មុន លោកបានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ការធ្លាក់ចុះប្រាក់ចំណូលឆ្នាំ ២០២០ គឺដោយសារស្ថានភាពកូវីដ ១៩ រីករាលដាលដែលធ្វើឱ្យប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ លោកនិយាយថា៖ «ការថយចុះចំណូល ដោយសារតែបញ្ហាកូវីដ ១៩ ប៉ុន្ដែកំពង់ផែបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយដោះស្រាយបញ្ហានេះ»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភាកម្មកម្ពុជា (CLA) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា វិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ធ្វើឱ្យសកម្មភាពដឹកជញ្ជូនទំនិញ និងអ្នកដំណើរធ្លាក់ចុះនៅទូទាំងពិភពលោក ដោយកើតឡើងគ្រប់វិស័យទាំងការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និងអាកាស។ លោកបានបន្តថា សម្រាប់ប្រទេសកម្ពុជា សកម្មភាពដឹកជញ្ជូនកាលពីឆ្នាំ ២០២០ កន្លងមក បានចាប់ផ្តើមធ្លាក់ចុះខ្លាំងចាប់ពីអំឡុងខែមីនា រហូតដល់ខែកក្កដា ដោយសារតែរោងចក្រមួយចំនួនបានផ្អាកសកម្មភាព ក៏បិទដំណើរការ។
លោកបន្ថែមទៀតថា ទោះជាយ៉ាងណាការដឹកជញ្ជូនទំនិញនៅកម្ពុជា បានចាប់ផ្តើមងើបឡើងវិញខ្លះៗហើយចាប់តាំងពីខែសីហា ឆ្នាំ ២០២០ មក ពិសេសជាមួយប្រទេសចិន ដែលជាទីផ្សារសំខាន់របស់កម្ពុជា។
លោកបន្តថា៖ «ដោយសារកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិនច្រើន (ការផ្គត់ផ្គង់វត្ថុធាតុដើមផលិតពីប្រទេសចិន) ដូច្នេះការដឹកជញ្ជូនបានចាប់ផ្តើមមានដំណើរការឡើងវិញ បន្ទាប់ពីប្រទេសចិនអាចគ្រប់គ្រងជំងឺនេះបានដោយជោគជ័យ»។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅក្នុងខែធ្នូ ឆ្នាំ ២០២០ ប្រាក់ចំណូលរបស់ ក.ស.ភ មានចំនួន ២,៨៣ លានដុល្លារ ធ្លាក់ចុះ ២ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ខណៈបរិមាណនៃការឆ្លងកាត់របស់នាវាដឹកជញ្ជូនទំនិញមានចំនួន ២២៧ ជើង កើនឡើង ៣,១៨ ភាគរយ ចំនួនទូកុងតឺន័រឆ្លងកាត់មាន ២៦ ៤៣៣ TEU កើនឡើង ៣,៣៩ ភាគរយ និងការនាំចូលទំនិញប្រេងឥន្ធនៈ មានចំនួន ៣៨៨ ៥៤៥ តោន កើនឡើង ១៦,០៩ ភាគរយ។ ដោយឡែកសម្រាប់នាវាទេសចរណ៍ និងចំនួនភ្ញៀវទេសចរ គឺមិនមានទេ។
សម្រាប់ឆ្នាំ ២០២១ នេះ លោក ស៊ិន ចន្ធី បានប្រមើលឃើញថា៖ «សកម្មភាពនៃការដឹកជញ្ជូននឹងចាប់ផ្តើមរើបឡើងវិញបន្តិចម្តងៗ តែមិនឡើងជាគំហុកទេ»៕ LA