ភ្នំពេញៈ ការភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ី នឹងចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា ២០១៩ នេះ ដែលជាផ្នែកមួយនឹងធ្វើឲ្យកម្ពុជាអាចសម្រេចគោលដៅក្នុងការទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦,៦ លាននាក់ ក្នុងឆ្នាំ ២០១៩ នេះ។ នេះបើតាមអ្នកនៅក្នុងវិស័យទេសចរណ៍។
ការប្រកាសពីការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំង ២ នេះ ធ្វើឡើងនៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃសៅរ៍នៅទីក្រុងភ្នំពេញដោយក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ ឥណ្ឌូនេស៊ី Citilink។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Citilink បានឲ្យដឹងថា នេះគឺជាការភ្ជាប់ជើងហោះហើរជាអន្តរជាតិទី៣ របស់ខ្លួននៅក្នុងឆ្នាំនេះ បន្ទាប់ពីការហោះហើរទៅទីក្រុង Surabaya និងទៅកាន់ទីក្រុងគូឡាឡាំពួប្រទេស ម៉ាឡេស៊ី។ ក្រុមហ៊ុននឹងប្រើប្រាស់យន្តហោះប្រភេទ Airbus A320 ដែលអាចដឹកអ្នកដំណើរបាន ១៨០ នាក់ ក្នុង ១ លើកមកកាន់កម្ពុជា។
លោក Juliandra Nurtjahjo ប្រធានក្រុមហ៊ុនអាកាសចរណ៍ Citilink បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការបើកផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ គឺដើម្បីអបអរខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេស ឥណ្ឌូនេស៊ី និងកម្ពុជា។
លោកបន្តថា ការបន្ថែមផ្លូវហោះហើរថ្មីនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ Citilink ក្នុងការពង្រីកបណ្តាញហោះហើរអន្តរជាតិ និងដើម្បីគាំទ្រដល់កម្មវិធីរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការបង្កើនចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេស ឥណ្ឌូនេស៊ី ផងដែរ។
លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ី ធ្លាប់មានកាលពីមុនឆ្នាំ ១៩៧០ តែត្រូវបោះបង់ចោលដោយសារសង្គ្រាមនៅកម្ពុជា។
លោកថ្លែងថា៖ «នៅពេលមានការតភ្ជាប់ត្រង់នេះ កម្ពុជាមិនត្រឹមតែទទួលបានភ្ញៀវទេសចរឥណ្ឌូនេស៊ីតែមួយប៉ុណ្ណោះទេ តែកម្ពុជានឹងទទួលបានភ្ញៀវបរទេសដែលមកកម្សាន្តនៅឥណ្ឌូនេស៊ី ហើយចង់បន្តដំណើរមកកម្ពុជា»។
លោក ជំនោរ បានឲ្យដឹងថាកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលទេសចរអ៊ិស្លាម។ លោកបន្តថាក្រសួងទេសចរណ៍ សហការជាមួយក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំសេវាស្នាក់នៅ និងអាហារ (Halal) ជាច្រើនសម្រាប់សេវាទេសចរអ៊ិស្លាម។ លោកថ្លែងថា៖ «យើងមានកន្លែងជាច្រើនសម្រាប់ទទួលពួកគាត់ ហើយយើងក៏តែងតែធ្វើការជំរុញឲ្យមានការវិនិយោគលើកន្លែងសម្រាប់ពួកគាត់ផងដែរ»។
Citilink ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនក្នុងស្រុកតម្លៃទាបនេះ គឺបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូនេស៊ី PT Garuda Indonesia (Persero)។ បច្ចុប្បន្ន Citilink មានជើងហោះហើរក្នុង ១ ថ្ងៃ ជាង ៣១០ ជើង ទៅគោលដៅចំនួន ៧៤ ក្នុងប្រទេសចំនួន ៤៣។
ទិន្នន័យពីក្រសួងទេសចរណ៍ បង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរឥណ្ឌូនេស៊ី ១៥ ៤១១ នាក់ កើន ១០,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ កាលពីឆ្នាំ ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរឥណ្ឌូនេស៊ី ចំនួន ៥៥ ៧៥៣ នាក់ កើនឡើង ១១,៨ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានចាត់ទុកការហោះហើរត្រង់ជាមួយឥណ្ឌូនេស៊ី ជាព័ត៌មានល្អសម្រាប់វិស័យទេសចរណ៍កម្ពុជា ខណៈឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជន ជាង២៦០ លាននាក់ និងមានសេដ្ឋកិច្ចរឹងមាំមួយនៅក្នុងតំបន់។
លោកថ្លែងថា៖ «ការបើកផ្លូវហោះហើរត្រង់នេះ នឹងធ្វើឲ្យភ្ញៀវទេសចរឥណ្ឌូនេស៊ីជាច្រើនធ្វើដំណើរមកកម្ពុជា។ ខណៈប្រជាជនឥណ្ឌូនេស៊ីភាគច្រើនសុទ្ធតែប្រើប្រាស់ភាសាអង់គ្លេសនោះ ដូច្នេះវាមិនសូវជាមានបញ្ហាចោទសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាទេ»។
យ៉ាងណាក៏ដោយ លោក វណ្ឌី បញ្ជាក់ថា សេវាសម្រាប់ទេសចរអ៊ិស្លាមនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយនាពេលនេះ។ លោកថ្លែងថា៖ «បើពួកគាត់សម្រុកមកច្រើនក្នុងពេលតែមួយនោះ យើងក៏នឹងជួបបញ្ហាបន្តិចបន្តួចដែរ ជាពិសេសសេវាកម្មម្ហូបអាហារ»។
ការហោះហើរត្រង់រវាងទីក្រុងហ្សាការតា និងរាជធានីភ្នំពេញនេះនឹងធ្វើឡើងចំនួន ៣ ដងក្នុង ១ សប្តាហ៍ ដែលនឹងត្រូវចំណាយពេល ៣ ម៉ោងកន្លះ។ នេះបើតាមលោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា។
លោកថ្លែងថា៖ «ជាមួយនឹងកំណើននៃប្រជាជនខ្មែរក្នុងការធ្វើដំណើរទៅក្រៅប្រទេសដែលមានចំនួនជិត ២ លាននាក់កាលពីឆ្នាំមុន យើងជឿថា ជើងហោះហើរដោយត្រង់នេះ នឹងជួយបង្កើនភាពទាក់ទាញទេសចរឲ្យធ្វើដំណើរទៅកាន់ប្រទេសទាំង ២ កាន់តែច្រើន»៕LA