ភ្នំពេញៈ កម្ពុជារំពឹងថានឹងអាចទាក់ទាញភ្ញៀវធ្វើដំណើរពីប្រទេស ឥណ្ឌូនេស៊ី បានកាន់តែច្រើន បន្ទាប់ពីការហោះហើរត្រង់រវាងប្រទេសទាំង ២ បានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃសុក្រ។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ស៊ីធីលីង បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីរសៀលថ្ងៃសុក្រជាមួយនឹងអ្នកដំណើរ ៦៧ នាក់។
ក្រុមហ៊ុន Citilink ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី ហ្គារូដានឹងធ្វើប្រតិបត្តិការហោះហើរត្រង់ ហ្សាការតា-ភ្នំពេញ ក្នុង ១ សប្តាហ៍ចំនួន ៣ លើក គឺថ្ងៃចន្ទ ពុធ និងថ្ងៃសុក្រ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បាននិយាយថា ឥណ្ឌូនេស៊ីជាទីផ្សារធំដែលមិនអាចមើលរំលងបាន ព្រោះជាប្រទេសមានសេដ្ឋកិច្ចធំ និងមានប្រជាជនច្រើន។ កន្លងមកដោយសារមិនមានការហោះហើរត្រង់ ការធ្វើដំណើររវាងក្រុងភ្នំពេញ និងហ្សាការតា ត្រូវចំណាយពេលយូរ និងថវិកាច្រើន។
លោកស្រីថ្លែងថា៖ «ការភ្ជាប់ជើងហោះហើរត្រង់ នឹងជួយឲ្យកម្ពុជាមានឱកាសចាប់យកភ្ញៀវទេសចរ និងអ្នកវិនិយោគឥណ្ឌូនេស៊ីកាន់តែច្រើនឲ្យធ្វើដំណើរមកកម្ពុជា។ ឥណ្ឌូនេស៊ីអាចនិយាយថា ជាទីផ្សារទេសចរណ៍ធំក្នុងតំបន់អាស៊ីតែម្តង»។
លោកស្រីលើកឡើងថា ទោះយ៉ាងណា នៅពេលមានការតភ្ជាប់នេះ កម្ពុជាក៏ត្រូវរៀបចំខ្លួនដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវឥណ្ឌូនេស៊ីដែរ ពិសេសម្ហូបអាហារបែប Halal។
លោកស្រីបន្តថា៖ «កន្លងមក ដោយសារសេវាកម្មផ្នែកទេសចរណ៍ [ម្ហូបអាហារបែប Halal] នៅកម្ពុជាមិនទាន់មានភាពធំទូលាយនោះ ភ្ញៀវទេសចរភាគច្រើនបានធ្វើដំណើរទៅតែតំបន់សំខាន់ៗដូចជាខេត្តសៀមរាប និងភ្នំពេញប៉ុណ្ណោះ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានឲ្យដឹងថា កន្លងមកដោយសារកម្ពុជា និងឥណ្ឌូនេស៊ី មិនមានជើងហោះហើរត្រង់ ធ្វើឲ្យកម្ពុជាមិនសូវទទួលបានភ្ញៀវទេសចរឥណ្ឌូនេស៊ីឡើយ។
លោកបន្តថា ប្រជាជនឥណ្ឌូនេស៊ីជាអ្នកចូលចិត្តធ្វើដំណើរកម្សាន្ត ដូច្នេះនៅពេលមានជើងហោះហើរត្រង់នេះ វានឹងអាចទាក់ទាញបានភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន។ ការភ្ជាប់ជើងហោះហើរត្រង់នឹងធ្វើឲ្យកម្ពុជាទទួលផលចំណេញជាច្រើន។ លោកបានបញ្ជាក់ថា៖ «ការភ្ជាប់ជើងហោះហើរត្រង់នេះ គឺអាចលើសពីវិស័យទេសចរណ៍ទៅទៀត [ការវិនិយោគលើផ្នែកជាច្រើននៅកម្ពុជា]»។
លោកប្រាប់ទៀតថា ការបើកជើងហោះហើរត្រង់មិនត្រឹមតែសម្រាប់ប្រជាជនឥណ្ឌូនេស៊ីប៉ុណ្ណោះទេ តែក៏វាអាចទាក់ទាញទៅដល់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកប្រទេសឥណ្ឌូនេស៊ីឲ្យបន្តដំណើរមកកម្ពុជាផងដែរ។
លោកបន្តថា ការភ្ជាប់ជើងហោះហើរថ្មីៗនេះ នឹងក្លាយជាចំណែកដ៏សំខាន់ជួយគាំទ្រដល់គោលនយោបាយរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការស្រូបទាញឲ្យបានភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជាឲ្យកើនដល់ជិត ៧ លាននាក់ ក្នុង ១ ឆ្នាំផងដែរ។
លោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា ការចាប់ផ្តើមការហោះហើរត្រង់ឡើងវិញរវាងទីក្រុងហ្សាការតា និងភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ពីការផ្អាករយៈពេលជិត ៥០ ឆ្នាំ។ លោកថ្លែងថា៖ «ខ្ញុំមានជំនឿថា ការហោះហើរត្រង់រវាងប្រទេសទាំង ២ នឹងជួយជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ»។
ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៩ ភ្ញៀវឥណ្ឌូនេស៊ីមាន ២១ ២៤៣ នាក់ មកទស្សនាកម្ពុជា កើនឡើង ១៦,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨។ នេះបើតាម លោក ហោ មុនីរ័ត្ន។
លោក Pak Heriyanto អនុប្រធានផ្នែកយុទ្ធសាស្រ្តសាជីវកម្មនៃក្រុមហ៊ុន Citilink Indonesia បានឲ្យដឹងថា ការបើកដំណើរការជើងហោះហើរនេះ គឺចំពេលកម្ពុជា និងឥណ្ឌូនេស៊ីប្រារព្ធខួបនៃទំនាក់ទំនងការទូតឆ្នាំទី៦០។
លោកថ្លែងថា៖ «យើងសង្ឃឹមថា ការហោះហើរត្រង់ថ្មីនេះនឹងមិនត្រឹមតែជាការតភ្ជាប់ប្រទេសនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ តែវាថែមទាំងជាសក្តានុភាពនៃភាពជាដៃគូនៅក្នុងវិស័យជាច្រើនទៀត ដូចជាវប្បធម៌ សេដ្ឋកិច្ច នយោបាយ សង្គមជាដើម»៕LA