
កសិករនៅបាត់ដំបងបង្ហាញដំណាំកប្បាសក្នុងដំណាំខ្លួន កាលពីឆ្នាំ ២០០៩។ ហេង ជីវ័ន
ភ្នំពេញៈ ការដាំដុះកប្បាសដែលជាផលិតផលកសិ-ឧស្សាហកម្មដ៏មានសក្ដានុពលមួយមិនមានសញ្ញាបង្ហាញពីការរស់ឡើងវិញនោះទេ ទោះបីជាបច្ចុប្បន្នប្រទេស កម្ពុជា ពឹងផ្អែកលើវត្ថុធាតុដើមដែលផលិតឡើងដោយកប្បាសដើម្បីផ្គត់ផ្គង់ឧស្សាហកម្មដែលរីកចម្រើនរបស់ខ្លួន ដូចជាវិស័យកាត់ដេរក៏ដោយ។
លោក សុខ វណ្ណា អនុប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មនៅក្រសួងកសិកម្ម បានឲ្យដឹងថា កប្បាសមិនស្ថិតក្នុងកំណត់ត្រា របស់ក្រសួងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចាប់តាំងពីកសិករ បានផ្លាស់ប្តូរទៅផលិតផលផ្សេងទៀត ដូចជា ដំឡូងមី ពោត សណ្ដែកសៀង និង ស្វាយចន្ទី។
លោកថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ យើងឃើញ មានកសិករដាំដុះកប្បាស ប៉ុន្តែនៅពេលនេះការដាំដុះកប្បាស ត្រូវបានបញ្ចប់ហើយ»។
លោកបន្តថា៖ «យើងមិនមានទិន្នន័យណាមួយកត់ត្រាពីកប្បាសអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។
បើទោះបីយ៉ាងនេះក្តី លោកអះអាងថា មន្ទីរពិសោធន៍កសិកម្មនៅតែរក្សាពូជកប្បាសទុក ក្នុងករណីដែលមានតម្រូវការដាំដុះឡើងវិញ។
លោក សុខ វណ្ណា ឲ្យដឹងថាកន្លងមកកប្បាស ត្រូវបានដាំដុះនៅខេត្ត បាត់ដំបង ព្រះវិហារ និង កំពង់ចាម។
លោកបានឲ្យដឹងថា ទសវត្សរ៍ចុងក្រោយក៏មានរោងចក្រកែច្នៃកប្បាស ១ នៅខេត្ត កំពង់ចាម ផងដែរ។ លោក គីម សាវឿន ប្រធានមន្ទីរកសិកម្មខេត្ត កំពង់ចាម បានឲ្យដឹងថា កសិករនៅខេត្តនេះក៏បានបោះបង់អស់រយៈពេលជាច្រើនមកហើយដែរ ហើយក៏មិនទាន់ឃើញមានការដាំដុះឡើងវិញដែរ។
លោកថ្លែងថា៖ «កសិករបានបញ្ឈប់ការដាំដុះកប្បាស អស់រយៈពេលជាច្រើនឆ្នាំមកហើយទៅដាំដុះ ដំឡូងមី សណ្ដែកសៀង និង ស្វាយចន្ទី ដោយសារតែវាមានតម្រូវការនៅលើទីផ្សារ»។
លោក អិុន សុវណ្ណមុនី អនុ-ប្រធានមន្ទីរកសិកម្មខេត្ត បាត់ដំបង ឲ្យដឹងថាការដាំដុះកប្បាសលែងមានទៀតហើយ នៅក្នុងវិស័យកសិកម្មនៅខេត្តនេះ។
លោកថ្លែងថា៖ «យើងមិនមានទិន្នន័យណាមួយថា តើកសិករខ្នាតតូចប៉ុន្មាននាក់នៅតែកំពុងដាំដុះនៅឡើយទេ វាទំនងជាលែងមានទៅហើយ ដោយសារវាមិនមានទីផ្សារ»។
តាមលោក សុវណ្ណមុនី ពីមុនមានរោងចក្រកប្បាសមួយឈ្មោះ Seladamex នៅក្នុងខេត្តប៉ុន្តែនៅពេលនេះវាត្រូវបានប្តូរទៅជាប្រតិបត្តិការលើផលិតផលផ្សេងទៅវិញ»។
ក្រុមហ៊ុន Seladamex co.,Ltd បានចូលមកឧស្សាហកម្មកប្បាសកាលពីឆ្នាំ ២០០៩ ដោយបានវិនិយោគលើការសាងសង់រោងចក្រកែច្នៃក្នុងតម្លៃ ២ លានដុល្លារ។ក្រុមហ៊ុននេះបានបញ្ជាក់ថាបានដាំដុះកប្បាសលើផ្ទៃដី ១ ២០០ហិកតា។ នេះបើយោងតាមសេចក្តីរាយការណ៍កន្លងមក។
ឧស្សាហកម្មកប្បាស បានចាប់ផ្ដើមឈប់់ដំណើរការ ក្នុងអំឡុងសម័យខ្មែរក្រហម នៅពេលប្រភពកសិកម្មស្ទើរតែទាំងអស់ ត្រូវផ្ដោតលើការផលិតស្រូវ។ ឧស្សាហកម្មនេះ ត្រូវបានបង្កើតឡើងដោយប្រទេស បារាំង នៅចន្លោះឆ្នាំ ១៩៦៥ និង ១៩៧៥ ដែលពេលនោះវាមានការរីកចម្រើន ហើយដំណាំកប្បាសរាប់ពាន់ហិកតា ត្រូវបានប្រមូលផលក្នុងមួយឆ្នាំៗ៕LA