ក្រុងហុងកុងៈ តម្លៃប្រេងឆៅបានកើនឡើង តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់រយៈពេលជាង ៦ ឆ្នាំហើយតម្លៃភាគហ៊ុនបានធ្លាក់ចុះកាលពីថ្ងៃចន្ទ បន្ទាប់ពីការសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ដោយអាមេរិកកាលពីសប្ដាហ៍មុនបានធ្វើឲ្យមានការបារម្ភអំពីជម្លោះដ៏ធំមួយនៅមជ្ឈិមបូព៌ា។
លោក ដូណាល់ ត្រាំ បានព្រមានពី «ការសងសឹកដ៏ធំមួយ» ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ បន្ទាប់ពីទីក្រុងនេះបានគំរាមកំហែងសងសឹកដោយសារតែការសម្លាប់កាលពីថ្ងៃសុក្រនៃមេបញ្ជាការ Qasem Soleimani ដែលបានធ្វើឲ្យភ្ញាក់ផ្អើលដល់ទីផ្សារពិភពលោក និងបណ្ដាលឲ្យមានការលក់ចេញភាគហ៊ុន និង ការកើនឡើងតម្លៃប្រេងឆៅ។
ប្រទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃអាទិត្យពីការកាត់បន្ថយការប្ដេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀត ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈដែលសភារបស់ប្រទេសអ៊ីរ៉ាក់បានទាមទារឲ្យយោធាអាមេរិកចាកចេញពីប្រទេសនេះ ដោយសារលទ្ធផលពីការវាយប្រហាររីករាលដាល។
វិបត្តិនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមវិនិយោគិនដែលមានអារម្មណ៍សុទិដ្ឋិនិយម ខណៈដែលប្រទេសចិន និងអាមេរិកត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មខ្នាតតូចរបស់ពួកគេនៅសប្ដាហ៍ក្រោយ ស្របពេលដែលទិន្នន័យចង្អុលបង្ហាញពីភាពប្រសើរឡើងតិចតួចនៅក្នុងសេដ្ឋកិច្ចពិភពលោក។
តម្លៃប្រេងឆៅសំខាន់ទាំង ២ ក្នុងកិច្ចសន្យាអនាគតបានកើនឡើងជាង ២ ភាគរយនៅក្នុងការជួញដូរនៅពេលព្រឹកនៅអាស៊ីដោយតម្លៃប្រេងឆៅ Brent មានតម្លៃជាង ៧០ ដុល្លារជាលើកដំបូងចាប់តាំងពីខែកញ្ញានៅពេលមានការវាយប្រហាររយៈពេលខ្លីលើរោងចក្រចម្រាញ់ប្រេងចំនួន ២ របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបានកាត់បន្ថយទិន្នផលពាក់កណ្ដាលនៃទិន្នផលពិភពលោក។ តម្លៃប្រេងឆៅ West Texas Intermediate ត្រូវបានជួញដូរក្នុងតម្លៃ ៦៤,៤២ ដុល្លារក្នុង ១ បារ៉ែល។
ទីផ្សារមូលធនបានខាតបង់នៅតំបន់ហិរញ្ញវត្ថុ Wall Stre-et របស់អាមេរិកដោយសន្ទស្សន៍ភាគហ៊ុនធំៗទាំង ៣ បានធ្លាក់ចុះពីកំណើនខ្ពស់បំផុត ខណៈដែលផ្សារហ៊ុនទាំងអស់ ៧ របស់ប្រទេសដែលជាសមាជិករបស់ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែរ្ស៍បានបិទទីផ្សារជាមួយនឹងការធ្លាក់ចុះយ៉ាងខ្លាំង ដោយប្រទេសមួយចំនួនបារម្ភពីការសងសឹករបស់ប្រទេសអ៊ីរ៉ង់តាមរយៈការវាយប្រហារលើទ្រព្យសម្បត្តិ ឬយោធាអាមេរិក។
ការខាតបង់លើទីផ្សារមូលធនបានបន្តទៅក្នុងអាស៊ីជាមួយនឹងសន្ទស្សន៍ហ៊ុននៅទីក្រុងតូក្យូធ្លាក់ចុះ ២ ភាគរយគិតត្រឹមម៉ោងសម្រាកពេលថ្ងៃម្សិលមិញ ខណៈឈ្មួញជួញដូរបានវិលត្រឡប់មកវិញជាលើកដំបូងចាប់តាំងពីឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។ សន្ទស្សន៍ផ្សារហ៊ុនក្រុងហុងកុងបានធ្លាក់ចុះ ០,៧ ភាគរយ ហើយសន្ទស្សន៍ផ្សារហ៊ុនស៊ីដនីបានធ្លាក់ចុះ ០,៤ ភាគរយ។
សន្ទស្សន៍ផ្សារហ៊ុនសិង្ហបុរីបានធ្លាក់ចុះ ០,៥ ភាគរយ សន្ទស្សន៍ផ្សារហ៊ុនក្រុងសេអ៊ូលបានធ្លាក់ចុះ ១ ភាគរយ សន្ទស្សន៍ផ្សារហ៊ុនក្រុងតៃប៉ិបានខាតបង់ជាង ១ ភាគរយ និងសន្ទស្សន៍ផ្សារហ៊ុនម៉ានីលបានធ្លាក់ចុះ ១,៧ ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនហ្សាការតាធ្លាក់ចុះ ០,៧ ភាគរយ។
ប៉ុន្តែសន្ទស្សន៍ផ្សារហ៊ុនក្រុងស៊ាងហៃបានកើនឡើង ០,៣ ភាគរយ ខណៈក្រុមវិនិយោគិនបានរីករាយនឹងការសន្យារបស់អាជ្ញាធរនៅចុងសប្ដាហ៍ថានឹងគាំទ្រវិស័យធនាគារដែលមានបញ្ហា និងក្រុមហ៊ុនធុនតូចរបស់ប្រទេសចិនក្នុងគ្រាដែលការបំណុលកំពុងកើនឡើង។
ការវាយប្រហារនៅថ្ងៃសុក្របានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងតាមរយៈទីផ្សារពិភពលោកដែលកំពុងទទួលភាពល្អប្រសើរ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងអាមេរិកដែលបានកាត់បន្ថយភាពតានតឹងរវាងមហាអំណាចទាំង ២ នេះ៕ LA