មន្ត្រីជាន់ខ្ពស់របស់កម្ពុជាបានថ្លែងអះអាងថា រដ្ឋាភិបាល និងក្រុមហ៊ុនរុករកប្រេងរបស់សិង្ហបុរី KrisEnergy កំពុងធ្វើការជាមួយគ្នាយ៉ាងសកម្មក្នុងការរកទីផ្សារលក់ប្រេងដែលផលិតបាន និងការចាត់ចែងរៀបចំផែនការបន្ត សម្រាប់ជំហានបន្តទៀត ដើម្បីអភិវឌ្ឍធនធាននៅតំបន់ប្លុក A ដែលក្រុមហ៊ុនកំពុងដំណើរការបូម។
ការថ្លែងបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះធ្វើឡើង បន្ទាប់ពីសារព៌ត័មាន និងសង្គមស៊ីវិលលើកឡើងអំពីក្តីបារម្ភនៃការបរាជ័យរបស់កម្ពុជាលើវិស័យប្រេង និងឧស្ម័ន ដោយសារតែទិន្នផលបូមប្រេងទាំងប្រាំអណ្តូងទាបជាងផែនការ។
ប្រទេសកម្ពុជាបានចាប់ផ្តើមទទួលបានតំណក់ប្រេងលើកដំបូងរបស់ខ្លួននៅក្នុងសមុទ្រក្នុងតំបន់សម្បទានប្លុក A ដែលបានចាប់ផ្ដើមផលិតកម្មកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០។ ប៉ុន្តែកាលពីថ្ងៃទី ២៨ ខែមេសា ក្រុមហ៊ុន KrisEnergy បានចេញសេចក្តីប្រកាសមួយ បន្ទាប់ពីខ្លួនបានធ្វើការវិភាគទៅលើទិន្នផលអណ្តូងទាំង ៥ គឺមានកម្រិតទាបជាងការរំពឹងទុកដែលជះឥទ្ធិពលដល់ការរកបានចំណូលពីប្លុក A ដំណាក់កាលទី ១ នេះទោះបីជាមានសញ្ញាងើបឡើងវិញនៃតម្លៃប្រេងជាសកល បន្ទាប់ពីធ្លាក់ចុះយ៉ាងដំណំដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩តាំងពីឆ្នាំ ២០២០ កន្លងមកនេះ។
លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីល្ងាចថ្ងៃពុធថា ផ្អែកលើមូលដ្ឋាននៃផលិតភាពអណ្តូងប្រេងទាំងប្រាំនៅពេលនេះ សមត្ថភាពផលិតកម្មនៃអណ្តូងនីមួយៗ មិនមានភាពខុសគ្នាខ្លាំងពីអ្វីដែលក្រុមហ៊ុន Chevron បានវាយតម្លៃកន្លងមកនោះទេ។ លោកថា អ្វីដែលក្រសួង ជំនាញ និងក្រុមបច្ចេកទេសរបស់ក្រុមហ៊ុន KrisEnergy កំពុងធ្វើការបន្តជាមួយគ្នាយ៉ាងសកម្មនៅពេលនេះ គឺការរកទីផ្សារលក់ប្រេងដែលផលិតបាន និងការចាត់ចែងរៀបចំផែនការបន្ត សម្រាប់ជំហានបន្តទៀតក្នុងការអភិវឌ្ឍធនធាននៅតំបន់ប្លុក A នេះ។
លោកថា៖ «អ្វីដែលកើតឡើងចំពោះក្រុមហ៊ុន KrisEnergy បើទោះជាខុស ឬត្រូវតាមការរំពឹងទុករបស់គេ មិនគួរជាបរាជ័យ ឬ ពរជ័យដោយឡែកចំពោះជនជាតិខ្មែរក្រុមណាមួយនោះទេ ។ ម្យ៉ាងទៀត ការរំពឹងទុកខុស ឬត្រូវយ៉ាងណា ក៏កម្ពុជាពិតជាបានបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនមួយក្នុងការចាប់ផ្តើមក្លាយខ្លួនជាប្រទេសផលិតប្រេង និងកសាងសមត្ថភាពជាតិរបស់ខ្លួននៅក្នុងវិស័យឧស្សាហកម្មប្រភេទនេះ។ ជនជាតិបរទេសមួយចំនួន ក៏មិនគួរច្រណែននឹងកម្ពុជាដែរ ព្រោះប្រទេសក្នុងតំបន់នេះស្ទើរតែទាំងអស់ ជាប្រទេសផលិតប្រេងជាយូរមកហើយដែរ»។
លោក ម៉េង សក្តិធារ៉ា បានពន្យល់ថា នៅមុនដំណាច់ឆ្នាំ ២០២០ ក្នុងស្ថានភាពសេដ្ឋកិច្ចសង្គមដ៏តឹងតែងមួយនៃបញ្ហាជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានប្រកាសការចាប់ផ្តើមតំណក់ប្រេងដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ លោកថា ក្នុងនាមលោកជាជនជាតិខ្មែរគឺលោកទទួលស្គាល់ថា នេះជាមោទនភាពដ៏ធំមួយសម្រាប់ប្រទេសជាតិ។
លោកថា៖ «ខ្ញុំធ្លាប់តែឃើញក្រុមអង្គការសង្គមស៊ីវិលមួយចំនួន និងក្រុមសកម្មជនក្រៅរដ្ឋាភិបាលមួយចំនួននោះទេ ដែលតែងផ្សព្វផ្សាយការរំពឹងទុកពីតួលេខប៉ាន់ស្មានដែលមានទំហំច្រើនធំធេងទៅវិញ។ ក្រុមហ៊ុនយក្សរបស់អាមេរិក Chevron បានចំណាយពេលជាង ១០ ឆ្នាំ ដើម្បីរុករកប្រេង ហើយនៅតែមិនអាចចាប់ផ្តើមផលិតប្រេងដំបូងបាន។ ច្បាស់ណាស់ថា លទ្ធផលនៃការសិក្សាវាយតម្លៃរបស់ក្រុមហ៊ុន Chevron បានបញ្ជាក់ថាធនធានប្រេងដំបូងរបស់កម្ពុជានេះមិនមានច្រើនទេ ហើយការចាកចេញរបស់ Chevron គ្រាន់ជាការបញ្ជាក់បន្ថែមដល់បណ្តាអង្គការសង្គមស៊ីវិល និងក្រុមសកម្មជនក្រៅរដ្ឋាភិបាលទាំងនោះពីកំហុសឆ្គងនៃតួលេខបំប៉ោងរបស់ពួកគេ»។
លោកថា នៅមុនពេលចាកចេញ ក្រុមហ៊ុន Chevron បានរៀបផែនការផលិតកម្មតំណក់ប្រេងដំបូងក្នុងកម្រិតប្រមាណ ៧ ៥០០ បារែលក្នុងមួយថ្ងៃដោយប្រើអណ្តូងប្រេងចំនួន ២២ អណ្តូង។ គេត្រូវការអណ្តូងប្រេងច្រើន ដោយសារបរិមាណដែលអាចផលិតបានសម្រាប់មួយអណ្តូងមានកម្រិតទាបខ្លាំង។
លោកបានពន្យល់ថា ក្រោយពេល Chevron ចាកចេញ ក្រុមហ៊ុនសិង្ហបុរី KrisEnergy ដែលទទួលបន្តបានរៀបចំផែនការផលិតកម្មរបស់ខ្លួនពីដំបូង ដោយប្រើអណ្តូងប្រេងចំនួន ២០ (តិចជាង Chevron ២ អណ្តូង)។ ប៉ុន្តែក្រោយមានវិបត្តិហិរញ្ញវត្ថុនៅក្រុមហ៊ុនមេរបស់ខ្លួន និងបញ្ហាកូវីដ១៩បានកើតឡើង ក្រុមហ៊ុន KrisEnergy ក៏បានប្តូរផែនការមកប្រើអណ្តូងប្រេងសាកល្បងដំបូងចំនួនតែ ៥ អណ្តូងវិញ ដើម្បីតេស្តបញ្ជាក់សមត្ថភាពវិស្វកម្មនៃជម្រកអាងស្តុករ៉ែប្រេងខាងក្រោមដីមួយជំហានសិន និងដើម្បីអាចសម្រេចបានការចាប់ផ្តើមតំណក់ប្រេងដំបូងទាន់ពេលវេលា ស្របតាមផែនការកំណត់ក្នុងកិច្ចព្រមព្រៀងប្រេងកាត។
លោកថា៖ «ការកាត់បន្ថយចំនួនអណ្តូងប្រេងពី ២២ មកតែ ៥ អណ្តូងវិញ គឺជាការចាក់ឆ្នោតមួយរបស់ក្រុមហ៊ុននេះ ដោយរំពឹងថានឹងនៅតែអាចទទួលបានសមត្ថភាពផលិតប្រមាណ ៧ ៥០០ បារែលក្នុងមួយថ្ងៃ ស្មើនឹង ២២ អណ្តូងតាមគម្រោងដើមរបស់ Chevron»។
«រដ្ឋាភិបាល និងក្រសួងជំនាញបានដឹងច្បាស់ណាស់ពីបញ្ហានេះ ដូច្នេះហើយទើបកន្លងមក គ្រប់សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញ បានបញ្ជាក់ច្បាស់ថា តំណក់ប្រេងដំបូងមិនមានច្រើនទេ ហើយក៏មិនមានការរំពឹងថានឹងផ្តល់ចំណូលថវិកាជាតិធំធេងដែលអាចនឹងកែប្រែទំហំសេដ្ឋកិច្ចកម្ពុជា នៅពេលបច្ចុប្បន្ន ក៏ដូចជាអនាគតក្នុងរយៈពេលខ្លីដែរ។ ប៉ុន្តែនេះ គ្រាន់តែជាការចាប់ផ្តើមដំបូងជាប្រវត្តិសាស្ត្ររបស់ជាតិមួយនេះនៅក្នុងវិស័យមួយនេះ ក្រោយការខិតខំ និងឆ្លងកាត់ការប្រឈមជាច្រើនរាប់មិនអស់»។ នេះបើយោងតាមការថ្លែងរបស់លោក ម៉េង សក្តិធារ៉ា ៕