ភ្នំពេញៈ វិនិយោគិនឥណ្ឌូនេស៊ីហាក់បានមើលរំលងឱកាសវិនិយោគនៅកម្ពុជានាពេលកន្លងមក ហើយស្ទើរតែគ្មានគម្រោងវិនិយោគផ្ទាល់ណាមួយបានដាក់ទុននៅកម្ពុជានៅឡើយ ទោះបីជាលំហូរពាណិជ្ជកម្ម និងទេសចរពីឥណ្ឌូនេស៊ីមកកម្ពុជាមានការកើនឡើងជាប្រចាំឆ្នាំក្តី។ នេះបើយោងតាមលោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា។
លោក Sudirman Haseng ត្រូវបានស្រង់សម្តីនៅក្នុងសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានរដ្ឋឥណ្ឌូនេស៊ី ANTARA ថា មូលហេតុធ្វើឲ្យវិនិយោគិនឥណ្ឌូនេស៊ី មិនបានដាក់ទុនវិនិយោគនៅកម្ពុជា ដោយសារការយល់ច្រឡំថា កម្ពុជានៅមិនទាន់មានសក្កានុពល ខណៈពួកគេមិនបានទទួលព័ត៌មានគ្រប់គ្រាន់ពីការអភិវឌ្ឍរបស់កម្ពុជា។
លោក Haseng បានជំរុញពាណិជ្ជករឥណ្ឌូនេស៊ី និងសហគ្រាសរដ្ឋឲ្យចាប់ផ្ដើមធ្វើពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្រទេស កម្ពុជា ដោយលើកឡើងថា ប្រទេសនេះបានទទួលកំណើនសេដ្ឋកិច្ចយ៉ាងរហ័ស ជាមធ្យម ៧ ភាគរយក្នុងមួយឆ្នាំ ដែលខ្ពស់ជាងកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី។
លោក Haseng ថ្លែងថា៖ «ពាណិជ្ជករឥណ្ឌូនេស៊ី ត្រូវតែដើរតួនាទីដ៏សំខាន់ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់អគារសាធារណៈ ទូរគមនាគមន៍ និងបំពង់បង្ហូរឧស្ម័ននៅប្រទេស កម្ពុជា»។
លោកបន្តថា៖ «ក្រុមហ៊ុន និងសហគ្រាសរដ្ឋរបស់ឥណ្ឌូនេស៊ី ចាំបាច់ត្រូវវិនិយោគលើវិស័យរុករករ៉ែនៅទីនេះ ដោយសារនៅមានឱកាសច្រើន ឧទាហរណ៍ រ៉ែមាស និងប្រេង ដែលមិនទាន់ត្រូវបានទាញយកគ្រប់គ្រាន់នៅឡើយទេនៅទីនេះ»។
ទោះបីជាមិនមានការវិនិយោគឥណ្ឌូនេស៊ីនៅប្រទេស កម្ពុជា ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានមើលឃើញកំណើន ២ ខ្ទង់ប្រចាំឆ្នាំជាមធ្យមចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧។
លោក Haseng ឯកអគ្គរដ្ឋទូត បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា កើនដល់ ៥៤២,២៣ លានដុល្លារកាលពីឆ្នាំ ២០១៧ កើនឡើងប្រហែល ២០ ភាគរយធៀបនឹងឆ្នាំ ២០១៦ ដែលមានចំនួន ៤៥២,១៩ លានដុល្លារ។ នៅក្នុងអំឡុងពីខែមករា ដល់ខែតុលា ឆ្នាំ ២០១៨ ពាណិជ្ជកម្មសរុបរវាងប្រទេសទាំង ២ កើនឡើងដល់ ៤៥៥,៨៧ លានដុល្លារ ភាគច្រើនតម្លៃការនាំចេញពីប្រទេស ឥណ្ឌូនេស៊ី មកកម្ពុជា។
ទំនិញប្រើប្រាស់មួយចំនួនដែលកម្ពុជានាំចេញទៅប្រទេសឥណ្ឌូនេស៊ី រួមមានសម្លៀកបំពាក់ កៅស៊ូ និងស្បែកជើង ខណៈប្រទេស ឥណ្ឌូនេស៊ី ភាគច្រើននាំចូលមកកម្ពុជានូវផលិតផលអាហារកញ្ចប់ ភេសជ្ជៈ ឱសថ អាវបាទិក និងទំនិញប្រើប្រាស់ផ្សេងទៀត។
ក្រៅពីពាណិជ្ជកម្ម ភ្ញៀវទេសចរឥណ្ឌូនេស៊ីកាន់តែច្រើន បានមកទស្សនាប្រទេស កម្ពុជា។ ចំនួនភ្ញៀវទេសចរឥណ្ឌូនេស៊ី ដែលទស្សនាកម្ពុជា កាលពីឆ្នាំ ២០១៨ បានកើនឡើងដល់ ៥៥ ៧៥៣ នាក់ ខណៈភ្ញៀវទេសចរកម្ពុជា ៨ ៨១៩ នាក់បានទៅទស្សនាឥណ្ឌូនេស៊ីនៅឆ្នាំដដែលនេះ។
លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឯកភាពនឹងការលើកឡើងនេះកាលពីម្សិលមិញដោយថា ការវិនិយោគរបស់ប្រទេស ឥណ្ឌូនេស៊ី នៅប្រទេស កម្ពុជា គឺតិចតួចណាស់ និងមានសក្តានុពលតិចតួចបំផុត ដែលប្រទេស កម្ពុជា អាចស្រូបយកបាន។
ខុសគ្នាពីប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដែលក្រុមវិនិយោគិនរបស់ពួកគេបានបង្កើតហាងលក់នៅកម្ពុជា លោក ថៃ បានឲ្យដឹងថា មិនមានគម្រោងការវិនិយោគគួរឲ្យចាប់អារម្មណ៍ណាមួយនោះទេពីប្រទេស ឥណ្ឌូនេស៊ី មកកម្ពុជា។
លោកបន្ថែមថា កម្ពុជាដឹងអំពីអត្ថប្រយោជន៍នៃការទាក់ទាញការវិនិយោគកាន់តែច្រើនសម្រាប់កំណើនសេដ្ឋកិច្ច ហើយក្រសួងពាណិជ្ជកម្ម នៅចុងខែមីនា នឹងរៀបចំព្រឹត្តិការណ៍ផ្គូផ្គងពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនរបស់កម្ពុជា និងឥណ្ឌូនេស៊ី ដោយសង្ឃឹមថានឹងបង្កើនការយល់ដឹងដល់ក្រុមវិនិយោគិនឥណ្ឌូនេស៊ីជាង ៥០ នាក់ អំពីបរិយាកាសវិនិយោគរបស់កម្ពុជា។
លោកថ្លែងថា៖ «ក្រុមហ៊ុនកាន់តែច្រើន មកពីប្រទេសទាំង ២ នឹងជួបគ្នាទៅវិញទៅមក ពួកគេកាន់តែច្រើនយល់ដឹងពីសក្ដានុពលអាជីវកម្ម ហើយយើងសង្ឃឹមថា ការវិនិយោគនឹងមានកាន់តែច្រើន»៕LA