ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ សម្រេចបានជាង ៦៣៣ លានដុល្លារ កើនឡើងជិត ៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ក្នុងនោះការនាំចេញពីកម្ពុជាកើនឡើងតិចតួច ខណៈការនាំចូលមកវិញ មានកំណើនជិត ៣០ ភាគរយ។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន Jetro។
ទិន្នន័យដែលចេញផ្សាយកាលពីចុងសប្តាហ៍ បង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានតម្លៃសរុប ៦៣៣,១២ លានដុល្លារ កើន ៧,៨ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានតម្លៃ ៥៨៧,៤៦ លានដុល្លារ។ ក្នុងនោះការនាំចេញពីកម្ពុជា មានតម្លៃ ៤៨៩,៦២ លានដុល្លារ កើន ២,៩ ភាគរយពី ៤៧៥,៧៦ លានដុល្លារ និងការនាំចូលពីជប៉ុនមាន ១៤៣,៥ លានដុល្លារ កើនឡើង ២៨,៥ ភាគរយពីចំនួន ១១១,៧១ លានដុល្លារ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភា) លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២៤ ខែឧសភាថា ទោះបីស្ថានភាពកូវីដ ១៩ នៅតែបន្តឆ្លងរាលដាលខ្លាំងលើពិភពលោកក៏ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មិនបានធ្លាក់ចុះទេ។
ភាពវិជ្ជមាននេះអាចមកពីធាតុផ្សំសំខាន់ៗដូចជា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត ភាពសម្បូរបែបនៃកម្លាំងពលកម្ម និងសមត្ថភាពផលិតរបស់ប្រទេសទាំង ២។ លោកបន្តថា ជប៉ុនជាប្រទេសរីកចម្រើន និងមានទីផ្សារធំ ហេតុនេះបើកម្ពុជាអាចទាក់ទាញវិនិយោគជប៉ុនឱ្យចូលមកបើករោងចក្រកាន់តែច្រើន វានឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជារីកចម្រើនកាន់តែឆាប់។
លោកអះអាងថា៖ «ទោះបីទិន្នន័យត្រីមាសទី ១ បង្ហាញពីកំណើនខ្ពស់ពីការនាំទំនិញពីជប៉ុនមកកម្ពុជាច្រើនជាងកម្ពុជានាំចេញ ប៉ុន្តែវាមិនមែនជាក្តីបារម្ភសម្រាប់ខ្ញុំទេ ព្រោះបើមើលទៅតួលេខគឺគម្លាតជញ្ជីងទូទាត់ (តម្លៃដោះដូរ) ស្ថិតនៅឆ្ងាយនៅឡើយ។ អ្វីដែលសំខាន់ គឺការកើនឡើងព្រមគ្នានៃការដោះដូរទំនិញដែលភាគីទាំង ២ សម្រេចបានក្នុងពេលវិបត្តិកូវីដនៅតែបន្តឆ្លងរាលដាល»។
លោកបន្ថែមថា កំណើនការនាំចូលពីជប៉ុនក្នុងត្រីមាសទី ១ អាចជាផលិតផលគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាទំនើបៗដែលកំពុងមានតម្រូវការខ្ពស់នៅពេលនេះ។
តាមរយៈភាពវិជ្ជមាននេះ លោកលើកឡើងថា កម្ពុជាត្រូវខិតខំបន្ថែមទៀតក្នុងការធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួនដើម្បីពង្រីកទីផ្សារអន្តរជាតិឱ្យកាន់តែធំថែមទៀត។
ផលិតផលដែលកម្ពុជានាំទៅជប៉ុនមានដូចជា សម្លៀកបំពាក់ គ្រឿងផ្គុំអគ្គិសនី និងគ្រឿងផ្គុំអេឡិចត្រូនិក ខណៈការនាំចូលពីជប៉ុនមានដូចជា គ្រឿងម៉ាស៊ីន និងផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា និយាយថា កំណើនពីការនាំចេញរបស់កម្ពុជានឹងឡើងខ្ពស់បន្ទាប់ពីស្ថានភាពកូវីដ ១៩ អាចគ្រប់គ្រងបាន ខណៈរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការពង្រីកសក្តានុពលវិស័យដឹកជញ្ជូន ដើម្បីធ្វើឱ្យមានភាពឆាប់រហ័ស និងតម្លៃទាប។
លោកបន្តថា នៅពេលការហោះហើររវាងប្រទេសទាំង ២ ដំណើរការធម្មតាឡើងវិញ កម្ពុជាមិនត្រឹមតែទទួលបានភ្ញៀវទេសចរជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែការធ្វើពាណិជ្ជកម្មក៏នឹងមានសម្ទុះកើនឡើងផងដែរ។
លោកប្រាប់ថា៖ «ខ្ញុំគិតថា ទំហំពាណិជ្ជកម្មប្រទេសទាំង ២ នឹងមានភាពវិជ្ជមានថែមទៀតក្នុងឆ្នាំនេះ ពិសេសនៅពេលការធ្វើដំណើរ និងដឹកជញ្ជូនត្រូវបានបើកដំណើរការឡើងវិញ»។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនក្នុងឆ្នាំ ២០២០ មានតម្លៃ ២ ១០១,៧៨ លានដុល្លារ ធ្លាក់ចុះ ៨,៣៥ ភាគរយធៀបឆ្នាំ ២០១៩ ក្នុងនោះការនាំចេញមានតម្លៃ ១ ៦១៧,០៨ លានដុល្លារ ធ្លាក់ចុះ ៦,៦ ភាគរយ និងនាំចូលមាន ៤៨៤,៧០ លានដុល្លារ ធ្លាក់ចុះ ១៣,៨ ភាគរយ។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន Jetro៕ LA