ភ្នំពេញ: ធនាគារ​ពាណិជ្ជ Rui Li (Cambodia) Bank PLC ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​បាន​ធ្វើ​ពិធី​បើកសម្ពោធ​ប្រតិបត្តិការ​ជា​ផ្លូវការ​របស់ខ្លួន​ហើយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៧ ខែ​វិច្ឆិកា កន្លងមក​។

ធនាគារ Rui Li ត្រូវបាន​សម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ជាមួយ​លោក Dong Le Cheng ស្ថាបនិក​ក្រុមហ៊ុន Yunnan Jingcheng Group​។

លោក Dong Le Cheng បានឱ្យ​ដឹង​ថា ក្រោម​ទស្សនវិស័យ​ភ្លឺស្វាង​រវាង​ប្រទេស​ចិន និង​កម្ពុជា ​ដែល​កំពុង​បន្ត​ជំរុញ​ផែនការ​សហប្រតិបត្តិការ​លើ​គម្រោង​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​ក្រុមហ៊ុន​លោក​បាន​សម្រេច​វិនិយោគ​បង្កើត​ធនាគារ​នេះ​ឡើង​ដើម្បី​ពង្រីក​វិសាលភាព​អភិវឌ្ឍ​សក្តានុពល​របស់ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ខែ​តុលា ឆ្នាំ​ ២០១៨ មក​។ ក្រុមហ៊ុន​បាន​ទទួល​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ធនាគារ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​​ ២០ ខែតុលា ឆ្នាំ​ ២០២០​។

លោក​ថ្លែងថា​៖ «​ធនាគារ​នឹង​ផ្តល់​សេវា​ជាច្រើន​ដូចជា ការទទួល​ប្រាក់​បញ្ញើ​ជា​សាធារណៈ សេវា​ឥណទាន សេវា​ប្តូរ​រូបិយប័ណ្ណ សេវា​ទូទាត់ និង​ប្រតិបត្តិការ​រូបិយប័ណ្ណ​ក្នុង​ស្រុក និង​បរទេស​ជាដើម​។ យើង​មាន​ក្រុម​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​។ ធនាគារ​នឹង​ផ្តល់ជូន​សហគ្រាស និង​បុគ្គល​គ្រប់​រូប​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​មាន​គុណភាព​ល្អ ប្រសិទ្ធភាព​ខ្ពស់ និង​ទូលំទូលាយ​»​។

លោក​បន្ថែមថា ធនាគារ​នឹង​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​អាជីវកម្ម «​គុណភាព និរន្តរភាព និង​បច្ចេកវិទ្យា​» ដែល​បាន​កំណត់​យក​ប្រតិបត្តិការ​ដោយ​ស្ថិរភាព ការអភិវឌ្ឍ​បែប​វិទ្យាសាស្ត្រ និង​ការគ្រប់គ្រង​កម្រិតស្តង់ដា​។ ធនាគារ​ក៏បាន​ប្រើប្រាស់​ទម្រង់​គ្រប់គ្រង​បែប​ជឿនលឿន​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ឱ្យ​សមស្រប​ជាមួយ​តម្រូវការ​ទីផ្សារ​នៅ​កម្ពុជា ដោយ​នាំយក​អាជីវកម្ម​បែប​ប្រពៃណី​បូក​បញ្ចូល​ជាមួយនឹង​បច្ចេកវិទ្យា​អ៊ីនធឺណិត ដើម្បី​ទទួល​បាន​ការអភិវឌ្ឍ​សេវាកម្ម​ប្រកប​ដោយ​ច្នៃប្រឌិត​។

លោក​បញ្ជាក់ថា​៖ «​ធនាគារ​នឹង​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏សម្បូរបែប ងាយស្រួល និង​ក្បែរ​ខ្លួន​ជានិច្ច ព្រមទាំង​ខិតខំ​អភិវឌ្ឍ​ទៅជា​ធនាគារពាណិជ្ជ​ប្រកបដោយ​បច្ចេកវិទ្យា​ឆ្លាតវៃ​មួយ​ក្នុងប្រទេស​កម្ពុជា​។ យើង​ក៏​គ្រោង​នឹង​បើក​សាខា​បន្ថែមទៀត​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​នា​ឆ្នាំក្រោយ​ផងដែរ​»​។

បច្ចុប្បន្ន​ធនាគារ​នេះ​បាន​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ (Core System) ​ដែល​មាន​ភាពជឿនលឿន​របស់​ប្រទេស​ចិន ដើម្បី​ផ្ដល់នូវ​ភាពងាយស្រួល និង​ធានា​សុវត្ថិភាព​ប្រតិបត្តិការ​ជូន​អតិថិជន​របស់ខ្លួន​។

ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​នេះ​ស្ថិត​នៅ​ផ្ទះ​លេខ ២៩៦ មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​កាកាប​១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​លោក ជា ចាន់តូ បាន​ឱ្យ​ដឹងថា ក្នុង​រយៈពេល ២ ទសវត្សរ៍​ចុងក្រោយ​នេះ​ទុនបម្រុង​អន្តរជាតិ​ដុល​របស់​កម្ពុជា ត្រូវបាន​គរពូន​ឱ្យមាន​កម្រិត​ខ្ពស់​ជា​លំដាប់​រហូត​ដល់ ២០ ​ពាន់​លាន​ដុល្លារ​ស្មើនឹង​ប្រមាណ​ ១០ ​ខែ​នៃ​ការនាំចូល​ទំនិញ និង​សេវា​ដែល​ខ្ពស់ជាង ៣ ​ដង​នៃ​កម្រិត​អប្បបរមា​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន (៣ ​ខែ​)​។

លោក​បន្តថា ទ្រព្យសកម្ម​វិស័យ​ធនាគារ​បាន​កើន​យ៉ាង​ឆាប់រហ័ស​ពី​ប្រមាណ​ត្រឹម ០,៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ១៩៩៨ ដល់ ៥៦ ​ពាន់​លាន​ដុល្លារ​នាពេល​បច្ចុប្បន្ន គឺ​កើនឡើង​ប្រមាណ ១១២ ​ដង​។ ឥណទាន​ប្រព័ន្ធ​ធនាគារ​ដែល​ត្រូវបាន​បែងចែក​ទៅកាន់​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច និង​ប្រាក់បញ្ញើ​ក្នុង​ស្រុក​បាន​កើនឡើង ១៦៥ ដង ប្រហាក់ប្រហែល​គ្នា​គឺ​ពី​ចំនួន​ប្រមាណ ០,២ ​ពាន់​លាន​ដុល្លារ​ដល់​ជាង ៣៣ ពាន់​លាន​ដុល្លារ​។

គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៩ ប្រទេស​កម្ពុជា ​​មាន​ធនាគារពាណិជ្ជ ៤៦ ធនាគារ​ឯកទេស ១៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៨២ ប្រតិបត្តិករ​ឥណទាន​ជនបទ ២៤៨ ក្រុមហ៊ុន​ភតិសន្យា ១៥ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់ ២​។ នេះ​បើតាម NBC៕ LA