ខណៈ​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​កំពុង​ដាក់ចេញ​នូវ​ដំណោះស្រាយ​ធនាគារ​អេឡិចត្រូនិក​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​នោះ ប្រធាន​នាយក​ប្រតិបត្តិ ធនាគារពាណិជ្ជ ឈីហ្វ លោក​បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានលើកឡើង​អំពី​ការរីកចម្រើន​របស់​ធនាគារ ឈីហ្វ ដូចជា​កម្មវិធី​ទូរស័ព្ទ​ដើម្បី​ផ្តល់​ប្រាក់កម្ចី​ខ្នាតតូច​ជាដើម​។

Q. តើ​អ្វី​ទៅជា​ផែនការ​ពង្រីក​របស់​ធនាគារ ឈីហ្វ នៅក្នុង​ឆ្នាំនេះ​?

ធនាគារ ឈីហ្វ រំពឹងថា នឹង​មាន​បរិយាកាស​សេដ្ឋកិច្ច និង​សង្គម​វិជ្ជមាន​ដែល​នឹងត្រូវ​ពង្រីក​សកម្មភាព​របស់ខ្លួន​នៅ​ឆ្នាំក្រោយ​។ ធនាគារ​បាន​បង្កើត​ក្របខ័ណ្ឌ​គ្រប់គ្រង​មូលធន​ផ្លូវការ​មួយ​ជាមួយ​នឹង​គោលដៅ​ច្បាស់លាស់​សម្រាប់​ការរក្សា​កម្រិត​សមស្រប​នៃ​ដើមទុន​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ធានាបាន​នូវ​ទិសដៅ​គ្រប់គ្រាន់​សម្រាប់​ការពង្រីក​អាជីវកម្ម​នាពេល​អនាគត​។

របៀបវារៈ​ធនាគារ​ឌីជីថល​គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ចម្បងៗ​សម្រាប់​ធនាគារ ឈីហ្វ​។ ​បច្ចុប្បន្ន យើង​កំពុងធ្វើការ​យ៉ាង​សកម្ម​លើ​វិធីសាស្ត្រ​ប្រកបដោយ​ភាពច្នៃប្រឌិត​ថ្មី​របស់​យើង​ដោយ​វិនិយោគ​លើ​ដំណោះស្រាយ​ឌីជីថល សម្រាប់​ចែកចាយ​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ក្រមសីលធម៌​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ និង​ធ្វើឱ្យ​វា​មាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព ក្នុង​គោលបំណង​ចូលរួមចំណែក​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

Q. តើ​លោក​អាច​ប្រាប់​យើង​បន្ថែម​អំពី​ផែនការ​ពង្រីក​សេវាកម្ម​ឌីជីថល​បានដែរ​ឬទេ?

ឌីជីថល​គឺជា​រឿង​សំខាន់ យើង​កំពុង​ពន្លឿន​ការចែកចាយ​ផលិតផល និង​សេវាកម្ម​របស់​ធនាគារ​តាមរយៈ​បណ្តាញ​ឌីជីថល​ក្នុងនោះ​រួមបញ្ចូល​ទាំង​គេហទំព័រ កម្មវិធី​ទូរស័ព្ទ​កាបូប​អេឡិចត្រូនិក និង​ផ្សារអេឡិចត្រូនិក​។

ខណៈ​ដែល​ធនាគារ​កំពុង​វិនិយោគ​យ៉ាងច្រើន​ទៅលើ​ការផ្លាស់ប្តូរ​ឌីជីថល​នោះ គឺ​យើង​គិត​ប្លែក​ពី​គេ​ជាមួយ​ការអភិវឌ្ឍ​ផលិតផល​ថ្មីៗ​របស់​យើង ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិជន​របស់​យើង និង​ធានា​នូវ​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​។

ការអភិវឌ្ឍ​ដ៏លេចធ្លោ​មួយ​របស់​យើង​គឺ​កម្មវិធី​ផ្តល់ប្រាក់​កម្ចី​ខ្នាតតូច ដែល​នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំ​នេះ​។ ​អតិថិជន​នឹង​ពិនិត្យមើល​លក្ខណសម្បត្តិ​សម្រាប់​ការស្នើសុំ​ប្រាក់កម្ចី​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ឌីជីថល និង​អាចដាក់​ពាក្យស្នើសុំ​ប្រាក់កម្ចី​ពី​ធនាគារ​តាម​ប្រព័ន្ធ​ឌីជីថល​។

ធនាគារបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិករបស់ខ្លួនក្នុងកំឡុងពេលនៃការរីករាលដាលជំងឺ Covid-19 ។ហេង ជីវ័ន

វា​គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​របស់​យើង​ដើម្បី​ជួយ​ដល់​អ្នក​ដែល​មិន​មាន​គណនី​ធនាគារ និង​អ្នក​ដែល​មិនអាច​ស្នើសុំ​កម្ចី​ពី​ធនាគារ ដែល​នឹង​ផ្តល់នូវ​លក្ខខណ្ឌ​ល្អ​បំផុត​នៅ​កម្ពុជា​។ ឧទាហរណ៍ មិនមាន​រយៈពេល​ជាក់លាក់ ឬ​ការផាកពិន័យ​សម្រាប់​ការទូទាត់​មុនពេល​កំណត់​ដែល​នឹង​អនុញ្ញាត​ឱ្យមាន​សេរីភាព​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​។

យើង​ចាត់ទុក​អតិថិជន​របស់​យើង​គឺជា​ដៃគូ​យូរអង្វែង ហើយ​យើង​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ដែល​ផ្តល់​ភាពបត់បែន និង​ជម្រើស​ច្រើន​។

ធនាគារ ឈីហ្វ បាន​សហការ​ជាមួយ​ធនាគារ​ឯកទេស​វីង (​ខេមបូឌា) ក្នុង​ភាព​ជា​ដៃគូ​ឌីជីថល​នៅ​ទូទាំង​ប្រទេស ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​សង​ប្រាក់កម្ចី​របស់​ពួកគេ​។

ធនាគារ ឈីហ្វ ក៏​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ទូទាត់​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ផងដែរ ដែល​ផ្តល់​ជម្រើស​ច្រើន​សម្រាប់​ប្រតិបត្តិការ​ដូចជា​ដាក់​ប្រាក់​បញ្ញើ និង​ដក​ប្រាក់​ក៏ដូចជា​ផ្ញើ​ និង​ទទួល​ប្រាក់​តាមរយៈ​កាបូប​អេឡិចត្រូនិក​។

យើង​បាននិង​កំពុង​ធ្វើការ​យ៉ាងសកម្ម​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ផលិតផល និង​សេវាកម្ម​ដែលមាន​ស្រាប់​របស់​យើង និង​ធ្វើឱ្យ​ផលិតផល និង​សេវាកម្ម​ថ្មី​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​បំពេញ​តម្រូវការ​ដែល​កំពុង​កើនឡើង​របស់​អតិថិជន​។

Q. កាលពី​ឆ្នាំមុន​តើ​ធនាគារ ឈីហ្វ បាន​ជួយ​អ្នកទទួល​ប្រាក់កម្ចី​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩​ដូចម្តេច​?

ធនាគារ ឈីហ្វ ចាត់ទុក​អតិថិជន​ជា​ដៃគូ​យូរអង្វែង​នៅពេល​ដែល​ធនាគារ​កំពុង​បន្ត​រីកចម្រើន​។ ឱនភាព​ប្រាក់កម្ចី ឬ​ការរៀបចំ​រចនាសម្ព័ន្ធ​សង​កម្ចី​ឡើងវិញ​បាន​កើនឡើង ប៉ុន្តែ​នៅក្នុង​កម្រិត​តិចតួច​ណាស់​ក្នុង​រយៈពេល​ដែល​ជំងឺ​រាតត្បាត​ផ្ទុះឡើង​។ ​ធនាគារ​មិនមាន​បញ្ហា​ទាក់ទង​នឹង​កម្ចី​ដែល​អតិថិជន​មិនបាន​សង​ត្រឡប់ (NPL) ​នោះទេ​គិត​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែធ្នូ ឆ្នាំ​ ២០១៣ រហូតមកដល់​ពេលនេះ​។

យើង​មាន​គម្រោង​ផ្តល់ប្រាក់​កម្ចី​យ៉ាង​ទូលំទូលាយ​សម្រាប់​បុគ្គល​អតិថិជន សាជីវកម្ម និង​អាជីវកម្ម​រួមទាំង​ការសង​ប្រាក់កម្ចី​នៅ​ចុងបញ្ចប់​ពេលវេលា​កំណត់ ការសង​ប្រាក់កម្ចី​យឺត ការពន្យារពេល​សង​ត្រឡប់ ជាដើម​។

យើង​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការគាំទ្រ​អតិថិជន​នៅក្នុង​ផ្នែក​ដែល​ងាយ​រងគ្រោះ​ជាពិសេស​សហគមន៍​ដែល​ស្វែងរក​ជំនួយ​ពី​យើង​ក្នុង​អំឡុងពេល​មាន​ការលំបាក​នេះ​ និង​ស្របតាម​យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់​យើង​។

យើង​ក៏មាន​មោទនភាព​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​បុគ្គលិក​របស់​យើង ដែល​បានបង្ហាញ​ភាពស្វាហាប់ និង​រឹងមាំ​ក្នុង​អំឡុងពេល​មាន​វិបត្តិ​សកល​នេះ​។ អ្វីដែល​លេចធ្លោ​សម្រាប់​យើង​គឺ​សកម្មភាព​របស់​ពួកគេ​ដែល​បង្ហាញ​យ៉ាងច្បាស់​ពី​ការសន្យា​នៃ​ម៉ាក​យីហោ​របស់​យើង ដែលថា​យើង​មក​នៅ​ទីនេះ​សម្រាប់​ប្រជាជន​កម្ពុជា ដោយ​ប្រជាជន​កម្ពុជា​។

ប្រធានមានផែនការពង្រីកបណ្តាញសាខារបស់ខ្លួន។ ហេង ជីវ័ន

Q. ធនាគារ ឈីហ្វ បាន​សង្កត់ធ្ងន់​លើ​ការផ្តល់​សេវាកម្ម​ធនាគារ​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​។ តើ​រឿងនេះ​បានរួម​ចំណែក​ដល់​ភាពជោគជ័យ​របស់ខ្លួន​យ៉ាងដូចម្តេច​?

ការប្រកាន់​ខ្ជាប់​របស់​ធនាគារ ឈីហ្វ ទៅនឹង​ស្តង់ដា​ខ្ពស់បំផុត​នៅក្នុង​ធនាគារ គឺអាច​មើលឃើញ​នៅក្នុង​គោលនយោបាយ​ដ៏ហ្មត់ចត់​ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​។ នេះ​សរបញ្ជាក់​ថា​ «​ទោះបី​ជា​ទ្រព្យ​ធានា​ ឬ​ការស្នើសុំ​ឥណទាន​មាន​លក្ខណៈ​ល្អ​យ៉ាងណា​ក៏ដោយ ក៏​យើង​ដាក់​ភាពស្មោះត្រង់​នៅ​នឹង​មុខ​នៃ​យុទ្ធសាស្ត្រ​អាជីវកម្ម​រយៈពេល​វែង និង​ប្រកាន់ខ្ជាប់​នូវ​ទទួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​»​។

យើង​បានធ្វើឱ្យ​ប្រសើរឡើង​នូវ​មូលដ្ឋាន​ដើមទុន​របស់​យើង ការគ្រប់គ្រង​ប្រតិបត្តិការ និង​បង្កើន​ការវិនិយោគ​ដោយ​ប្រុងប្រយ័ត្ន​។ ​យើង​បន្ត​ផ្តោត​ការយកចិត្ត​ទុកដាក់​ទៅលើ​ការគ្រប់គ្រង​ហានិភ័យ​ដើម្បី​ធានាថា ធនាគារ ឈីហ្វ នៅ​តែ​រឹងមាំ​ និង​មាន​ស្ថិរភាព​នៅក្នុង​ឧស្សាហកម្ម​ដែល​កំពុង​រីកចម្រើន​នេះ​។ យើង​មាន​ក្រុមការងារ​ដ៏ល្អ​មាន​រូបមន្ត​ត្រឹមត្រូវ និង​កម្លាំង​ហិរញ្ញវត្ថុ​រឹងមាំ​។

ធនាគារ ឈីហ្វ ត្រូវបាន​គេ​មើលឃើញ​ថា មាន​ការរីកចម្រើន​ជា​លំដាប់​នៅក្នុង​ប្រទេស​កម្ពុជា​គិត​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែធ្នូ ឆ្នាំ​ ២០១៣ ដោយ​ពីដំបូង​មាន​ដើមទុន​ត្រឹមតែ​ ១០ ​លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ ខណៈ​ទ្រព្យសកម្ម​សរុប​មាន​ចំនួន​ជាង​ ១៥១ ​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី ​៨ ខែ​កុម្ភៈ​ក្នុងឆ្នាំនេះ និង​មាន​បុគ្គលិក​បម្រើ​ការងារ​ជាង​ ១៦០ ​នាក់​។

ធនាគារ​ទទួលបាន​នូវ​លទ្ធផល​ដ៏ល្អប្រសើរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ក្នុងនោះ​មានដូចជា​ការបន្ត​កំណើន​ប្រាក់ចំណូល និង​គ្មាន​ NPLs​។ ជា​ការពិត​ការរៀបចំ​រចនាសម្ព័ន្ធ​ប្រាក់កម្ចី​ឡើងវិញ​បាន​កើនឡើង ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច​បំផុត​ដែល​ទាប​ជាង​កម្រិត​មធ្យម​នៅក្នុង​ឧស្សាហកម្ម​នេះ​។

Q. តើ​មាន​អ្វី​នៅ​ពីក្រោយ​ភាពរឹងមាំ​របស់​ធនាគារ ឈីហ្វ​?

គន្លឹះ​ដើម្បី​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​របស់​ធនាគារ ឈីហ្វ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ប្រជាជន និង​ការវិនិយោគ​ប្រកប​ដោយ​ក្រមសីលធម៌ គួបផ្សំ​នឹង​គំរូ​ជោគជ័យ និង​បទពិសោធ​ជាច្រើន​ទសវត្សរ៍​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សកល​នៅ​ហុងកុង​របស់​ក្រុមហ៊ុន Chief Group​។

សាវតារ​បស់​ម្ចាស់​ភាគហ៊ុន​របស់​យើង​គឺ​នៅ​ហុងកុង ជា​អ្នកផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏ទូលំទូលាយ​អស់​រយៈពេល​ជាង​ ៤១ ​ឆ្នាំ​មកហើយ​ធនាគារ ឈីហ្វ ទទួល​មរតក​ដ៏ល្អ​នៃ​ការធ្វើ​អាជីវកម្ម​ដោយ​ប្រកាន់ខ្ជាប់​នូវ​ទស្សនវិជ្ជា​ដែល​ផ្តោតលើ​អតិថិជន​ជាសំខាន់​ជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ដើម្បី​ឧត្តមភាព​សេវាកម្ម​។

យើង​ប្តេជ្ញា​ធ្វើជា​ដៃគូ​ដ៏ល្អ​ជាមួយ​អតិថិជន​ដ៏ស្មោះត្រង់​របស់​យើង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការសម្រេច​គោលដៅ​ដើម្បី​ភាពជោគជ័យ​។

ធនាគារ ឈីហ្វ កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ធ្វើ​ឱ្យ​អនាគត​កាន់តែ​ប្រសើរ សម្រាប់​ប្រជាជន​កម្ពុជា អតិថិជន​ដ៏មាន​តម្លៃ​របស់​យើង និយោជិត និង​ឧស្សាហកម្ម​ធនាគារ​នៅ​កម្ពុជា ព្រមទាំង​សង្គមជាតិ​ទាំងមូល​។ ជោគជ័យ​របស់​ពួកគេ​គឺជា​ជោគជ័យ​របស់​យើង​៕