ភ្នំពេញ: ប្រទេសកម្ពុជា នឹងចាប់យកឱកាសក្នុងការជំរុញការនាំចេញបន្លែទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ខណៈប្រទេសជិតខាងកម្ពុជាទទួលរងការហាមឃាត់មិនអាចនាំចូលបន្លែទៅកាន់ទីផ្សារដ៏ធំនោះ។
លោក ងិន ឆាយ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធថា បើទោះជាការនាំចេញបន្លែរបស់កម្ពុជាទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបក្នុងបរិមាណតិចតួចក៏ដោយ ប៉ុន្តែកម្ពុជានឹងមានឱកាសកាន់តែល្អប្រសើរសម្រាប់ទីផ្សារនោះ ខណៈវៀតណាម និងថៃទទួលរងការពិន័យកាតក្រហមមិនអាចនាំចូលបន្លែទៅទីផ្សារអឺរ៉ុបបានទេ។
លោកថាដោយសារអ្នកដាំដុះ និងអ្នកនាំចេញមួយចំនួនគ្មានភាពស្មោះត្រង់បានធ្វើឲ្យកម្ពុជាទទួលបានកាតលឿងម្តងកាលពី ៦ ឆ្នាំមុនជាការព្រមាននៃការនាំចូលបន្លែទៅសហគមន៍អឺរ៉ុបដែលមិនបានគោរពតាមគោលការណ៍ស្តង់ដាអនាម័យ និងភូតគាមអនាម័យរបស់អឺរ៉ុប។ តែលោកអះអាងថា ទោះបីយ៉ាងណាបច្ចុប្បន្នកម្ពុជាពុំជាប់ពិន័យកាតលឿងទៀតទេ ដូច្នេះកម្ពុជាអាចធ្វើការនាំចេញបន្លែទៅសហគមន៍អឺរ៉ុបបាន។
លោកថ្លែងថា៖ «ខ្ញុំចំណាយពេលធ្វើការងារអស់រយៈ ៦ ឆ្នាំទើបដោះកាតលឿងរួចកាលពី ២ ខែមុន ប៉ុន្តែប្រទេសវៀតណាម និងប្រទេសថៃនៅជាប់កាតក្រហមនៅឡើយទេ បើតាមខ្ញុំដឹងគឺពួកគេមិននាំចូលបន្លែស្រស់ទៅអឺរ៉ុបបានទេ»។
លោកបន្តថា៖ «ខ្ញុំចង់ឃើញគេលើកមេដៃសរសើរ ពេលឃើញកសិផលពីកម្ពុជាទៅ ឥឡូវយើងល្បីហើយ គេថាបន្លែយើងសុទ្ធតែសរីរាង្គដោយធម្មជាតិពិតៗ ហើយសព្វថ្ងៃយើងគ្មានកាតលឿងទៀតទេ ដែលនេះជាដំណឹងល្អមួយសម្រាប់ប្រជាកសិករ អ្នកវិនិយោគដែលចង់ដាំបន្លែនាំចេញទៅសហគមន៍អឺរ៉ុបយើងអាចនាំចេញបាន»។
លោក ចាន់ ពេជ្រ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Signatures of Asia ប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃពុធថា សហគមន៍អឺរ៉ុបពិតជាគាំទ្រយ៉ាងខ្លាំងនូវបន្លែនាំចូលពីប្រទេសកម្ពុជាចាប់តាំងពីក្រុមហ៊ុនលោកធ្វើការនាំចេញបន្លែទៅសហគមន៍អឺរ៉ុបកាលពីឆ្នាំ ២០១៦។
លោកបន្តថា កាលពីមុនការរីករាលដាលជំងឺកូវីដ ១៩ ក្រុមហ៊ុនលោកបាននាំចេញបន្លែចម្រុះចន្លោះពី ៦ ទៅ ៧ ជើងក្នុង ១ សប្តាហ៍តាមយន្តហោះ ដែល ១ ជើងមានបរិមាណចន្លោះពី ២ ទៅ ៣ តោន ប៉ុន្តែបច្ចុប្បន្នការនាំចេញរបស់ក្រុមហ៊ុនលោកត្រូវបានផ្អាកដោយសារការបិទជើងហោះដែលជាវិធានការការពារ ការរីករាលដាលកូវីដ១៩។
លោកបាននាំបន្លែទៅប្រទេសឆែក បារាំង អង់គ្លេស ស្វ៊ីស អាលឺ្លម៉ង់ និងអ៊ីតាលី។
លោក ម៉េង សក្តិភូសិត មន្ត្រីកម្មវិធីប្រចាំប្រទេសនៃមូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) ឲ្យដឹងថា កសិករខ្មែរកាន់តែច្រើនមានការយល់ដឹង និងដាំដុះបន្លែគោរពតាមស្តង់ដាបច្ចេកទេស ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងជំរុញលើកទឹកចិត្តការដាំដុះបន្លែក្នុងផ្ទះសំណាញ់ដោយតាមគោលការណ៍ GAP។
លោកថ្លែងថា៖ «តាមរយៈការគាំទ្រពីក្រសួងកសិកម្មនាពេលកន្លងមកបានណែនាំផ្សព្វផ្សាយឲ្យកសិករប្រើប្រាស់ជីឲ្យបានត្រឹមត្រូវ»៕ LA