ភ្នំពេញៈ ប្រាក់ចំណេញប្រចាំឆ្នាំ ២០១៨ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានធ្លាក់ចុះប្រមាណជិត ១០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ធនាគារនេះ។
របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ ២០១៨ ធនាគារ អេស៊ីលីដា ទទួលបានប្រាក់ចំណេញ ៨៤ ០០៩ ២៦៨ ដុល្លារដោយធ្លាក់ចុះ ៩,២ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដែលមានចំនួន ៩២ ៥២៧ ៩៩៨ ដុល្លារ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ការធ្លាក់ចុះកំណើនប្រាក់ចំណេញកាលពីឆ្នាំ ២០១៨ គឺដោយសារនៅឆមាសទី១ ធនាគារមិនសូវរីកចម្រើន តែវាបានស្ទុះកើនខ្ពស់ចាប់ពីឆមាសទី២ មក។
លោកលើកឡើងថា ដោយសារឆ្នាំ ២០១៧ ធនាគារមិនសូវរីកចម្រើន ដូច្នេះកាលដើមឆ្នាំ ២០១៨ ធនាគារបានផ្តោតយ៉ាងខ្លាំងទៅលើយុទ្ធសាស្រ្តក្នុងការបណ្តុះបណ្តាលបុគ្គលិក និងអតិថិជន ព្រមទាំងកែលម្អគុណភាពសេវាកម្មមួយចំនួនឲ្យកាន់តែប្រសើរ ដូច្នេះហើយធ្វើឲ្យមានការចំណាយច្រើនទៅលើការបណ្តុះបណ្តាលធនធានមនុស្ស។
លោកថ្លែងថា៖ «បើយើងមើលខ្ទង់ចំណាយទៅលើការបណ្តុះបណ្តាលកាលពីឆ្នាំ ២០១៨ គឺមានការចំណាយច្រើន»។
របាយការណ៍ខាងលើបានឲ្យដឹងទៀតថា កាលពីឆ្នាំ ២០១៨ ធនាគារ អេស៊ីលីដា ទទួលបានចំណូលពីការប្រាក់ចំនួន ៤២៣ ២៥៦ ១៨៤ ដុល្លារ និងចំណូលកម្រៃនិងជើងសា ៦៤ ៤១៣ ៤១៨ដុល្លារ។ ចំណែកការចំណាយទៅលើការប្រាក់វិញមានចំនួន ១៥១ ៤០៤ ៦៨២ដុល្លារ និងចំណាយកម្រៃ និងជើងសាមានចំនួន ៧៤៩ ៥០១ ដុល្លារ។
សម្រាប់ឆ្នាំ ២០១៩ នេះ ធនាគាររំពឹងថា ប្រាក់ចំណេញរបស់ខ្លួននឹងមានកំណើនខ្ពស់ឡើងវិញ។
លោក អ៊ិន ចាន់នី អះអាងថា៖ «ដោយសារកាលពីឆ្នាំ ២០១៨ ធនាគារបានបណ្តុះបណ្តាលធនធានមនុស្សបានច្រើន ដូច្នេះនៅឆ្នាំ ២០១៩ នេះ យើងរំពឹងថា ធនាគារអេស៊ីលីដា នឹងមានកំណើនខ្ពស់ឡើងវិញ»៕