ភ្នំពេញៈ ក្រុមហ៊ុនចុះបញ្ជីក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ប្រកាសពីលទ្ធផលប្រាក់ចំណេញរបស់ខ្លួនផ្សេងៗគ្នា សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៨ ខណៈដែលក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានពន្យារពេលចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាសហគ្រាសរដ្ឋ ១ ក្នុងចំណោម ៣ ដែលចុះបញ្ជីនៅផ្សារហ៊ុន បានប្រកាសពីកំណើនប្រាក់ចំណេញសុទ្ធខ្ពស់ ២៧,៧៧ ភាគរយនៅត្រីមាសទី ៣ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដល់ប្រហែល ៥ លានដុល្លារ ខណៈប្រាក់ចំណូលកើនឡើង ១៧,១៦ ភាគរយដល់ប្រមាណ ១៧,៦៨ លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។
ការកើនឡើងប្រាក់ចំណេញនេះកើតមានឡើងដោយសារបរិមាណទំនិញ និងកុងតឺន័រកើនឡើង ហើយការខាតបង់ពីអត្រាប្តូរប្រាក់យ៉េនថយចុះ ដោយសារកំពង់ផែនេះមានកាតព្វកិច្ចបំណុលជាប្រាក់យ៉េន។
របាយការណ៍ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៨ របស់ប្រតិបត្តិករកំពង់ផែអន្តរជាតិកម្ពុជាមួយនេះ បានបង្ហាញថា នៅត្រីមាសទី ៣ ទំនិញឆ្លងកាត់កំពង់ផែមានប្រមាណ ១,២៩ លានតោន កើន ១២,៩៦ ភាគរយ ធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០១៧។ ទោះជាយ៉ាងណា បរិមាណនេះបានថយចុះ ៤,០១ ភាគរយបើធៀបនឹងត្រីមាសទី ២ ឆ្នាំនេះ។
យោងតាមរបាយការណ៍ដដែល ទំនិញនាំចេញធំៗដែលឆ្លងកាត់កំពង់ផែនេះ រួមមានសម្លៀកបំពាក់ (៣៧ ភាគរយនៃទំនិញនាំចេញសរុប ដែលមានបរិមាណច្រើនជាងគេ) អង្ករ (២២,៨៣ ភាគរយ) ស្បែកជើង/ស្រោមជើង (៩,១៥ ភាគរយ) ឈើកែច្នៃ (៦,០៦ ភាគរយ) ខណៈទំនិញនាំចូលធំៗរួមមាន ប្រេងឥន្ធនៈ (៣៧,៣៨ ភាគរយ) ក្រណាត់ (៧,២២ភាគរយ) គ្រឿងចក្រ (៤,៨៦ ភាគរយ)។
ដោយឡែក ក្រុមហ៊ុនចុះបញ្ជីមួយផ្សេងទៀតគឺក្រុមហ៊ុនភ្នំពេញ អេសអុីហ្សិត ភីអិលស៊ី (PPSP) ដែលជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចនៅជាយក្រុងភ្នំពេញ បានពន្យារពេលចេញផ្សាយរបាយការណ៍ប្រចាំត្រីមាសទី ៣ របស់ខ្លួន។
យោងតាមលិខិតចុះថ្ងៃទី ២៨ ខែ វិច្ឆិកា ដែលចេញផ្សាយលើគេហទំព័រ ផ.ម.ក កាលពីម្សិលមិញ ក្រុមហ៊ុន PPSP នឹងពន្យារពេលចេញផ្សាយរបាយការណ៍របស់ខ្លួនរហូតដល់ថ្ងៃទី ១៤ ខែ ធ្នូ ដោយ លើកឡើងពីបញ្ហាសវនកម្ម។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ហ្រ្គេនធ្វីន អុីនធើណេសិនណល (GTI) បានប្រកាសពីប្រាក់ចំណេញសុទ្ធតិចជាងមុន បើទោះជាប្រាក់ចំណូលរបស់ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់តៃវ៉ាន់មួយនេះកើនឡើងដោយសារការបញ្ជាទិញច្រើនជាងមុនក្តី។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុននេះ ប្រាក់ចំណេញសុទ្ធបានធ្លាក់ចុះ ៣២,៨៣ ភាគរយមកនៅត្រឹមប្រមាណ ៨៧ ម៉ឺនដុល្លារ នៅត្រីមាសទី ៣ ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រាក់ចំណូលបានកើនឡើងខ្លាំង ៦៩,៧៨ ភាគរយ ដល់ ៣៤ លានដុល្លារ។
ការថយចុះប្រាក់ចំណេញសុទ្ធនេះត្រូវបានក្រុមហ៊ុនលើកឡើងថា បណ្តាលមកពីការកើនឡើងការចំណាយលើកម្លាំងពលកម្ម និងកំណើនចំណាយលើការដឹកជញ្ជូន។
រដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់ឈ្មួលអប្បបរមាជាបន្តបន្ទាប់សម្រាប់កម្មករក្នុងវិស័យកាត់ដេរ ដោយនឹងកើនដល់ ១៨២ ដុល្លារក្នុង ១ ខែនៅឆ្នាំក្រោយ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និងកម្មការិនីកាលពីថ្ងៃទី ២៨ ខែនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ជាមួយនឹងកម្រិតនេះប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរនៅកម្ពុជានឹងខ្ពស់ជាងប្រទេសមួយចំនួន។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ពេលនេះកំពុងអនុវត្តនូវបៀវត្សរ៍ចំនួន ១៧០ ដុល្លារ នៅសល់តែ ១ ខែទៀតប៉ុណ្ណោះ ក្មួយៗកម្មករ កម្មការិនីរបស់យើងនឹងទទួលបានប្រាក់បៀវត្សរ៍អប្បបរមាចំនួន ១៨២ ដុល្លារ»។
ក្រុមហ៊ុន GTI ផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុនដែលមានម៉ាកយីហោល្បីៗដូចជាក្រុមហ៊ុន Adidas ម៉ាក Reebok និងម៉ាកយីហោផ្សេងៗទៀត។
ផ្ទុយពីក្រុមហ៊ុន GTI ដែលទទួលថយចុះប្រាក់ចំណេញសុទ្ធនោះ ក្រុមហ៊ុនចុះបញ្ជីមួយផ្សេងទៀតគឺកំពង់ផែស្វយ័តភ្នំពេញ បានប្រកាសពីកំណើនប្រាក់ចំណេញសុទ្ធខ្ពស់ខ្លាំង ដោយកើនជិត ៦០ ភាគរយដល់ ៣,៨៥ លានដុល្លារក្នុងត្រីមាសទី ៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រាក់ចំណូលកើនឡើងតិចតួច ១,២៥ ភាគរយដល់ប្រមាណ ៦ លានដុល្លារ។
យោងតាមរបាយការណ៍របស់កំពង់ផែនេះ នៅត្រីមាសទី ៣ ដែលធម្មតាជាពេលដែលមានកុងតឺន័រឆ្លងកាត់មានចំនួនច្រើនបំផុតនោះ ស្ថិតិកុងតឺន័របានកើនឡើង ៣១ ភាគរយធៀបនឹងត្រីមាសទី ២ ឆ្នាំនេះ និងកើនឡើង ៧,៦ ភាគរយធៀបនឹងត្រីមាសទី ៣ ឆ្នាំមុន។
ទំនិញនាំចូលជាគ្រឿងសំណង់ចំណែកមានរហូតដល់ ៥៥ ភាគរយ ខណៈដែលទំនិញជាវត្ថុធាតុដើមវាយនភណ្ឌមាន ១០ ភាគរយក្នុងចំណោមទំនិញនាំចូលសរុប ស្របពេលដែលការនាំចេញទំនិញជាវាយនភណ្ឌតាមច្រកកំពង់ផែនេះកើនឡើង ១៤ ភាគរយនៅត្រីមាសទី ៣ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
យោងតាមរបាយការណ៍ដដែលនេះ ទិសដៅធំៗនៃការនាំចេញ និងនាំចូលទំនិញតាមកំពង់ផែស្វយ័តភ្នំពេញរួមមាន ប្រទេស ចិន សហភាព អឺរ៉ុប ជប៉ុន និងសហរដ្ឋអាមេរិក៕ LA