ភ្នំពេញៈ ក្រុមហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលបណ្ណបំណុលសាជីវកម្មរបស់ខ្លួនចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីប្រតិបត្តិការអាជីវកម្មដ៏រឹងមាំសម្រាប់រយៈពេល ៩ ខែដំបូងក្នុងឆ្នាំនេះដោយប្រាក់ចំណេញសុទ្ធកើនឡើងយ៉ាងខ្លាំង ៨៧ ភាគរយ។
LOLC គឺជាក្រុមហ៊ុនទី ២ ដែលមានបណ្ណបំណុលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ដែលបានចុះបញ្ជីជាផ្លូវការកាលពីខែឧសភា ដើម្បីប្រមូលមូលនិធិចំនួន ២០ លានដុល្លារ សម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួន។
យោងតាមឯកសារផ្ញើទៅ CSX កាលពីថ្ងៃសុក្រសប្តាហ៍មុនក្នុងរយៈពេល ៩ ខែគិតត្រឹមខែកញ្ញា ឆ្នាំ ២០១៩ ប្រាក់ចំណូលពីអត្រាការប្រាក់សរុបរបស់ LOLC កើនឡើង ៣៩ ភាគរយដល់ជាង ៧៩ លានដុល្លារ ខណៈប្រាក់ចំណេញសុទ្ធមានចំនួន ២២,៧៨ លានដុល្លារកើនឡើង ៨៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។
លោក សុខ វឿន អគ្គនាយកក្រុមហ៊ុន LOLC បានឲ្យដឹងនៅក្នុងរបាយការណ៍ដែលផ្ញើជូនផ្សារហ៊ុនថា ក្រុមហ៊ុន LOLC បានរក្សាកំណើនប្រកបដោយគុណភាពគិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០១៩ ដោយបង្កើនផលបត្រកម្ចីរបស់ខ្លួនដល់ ៦៩១ លានដុល្លារ កើន ៤២ ភាគរយ ធៀបនឹងដំណាច់ឆ្នាំ ២០១៨។ ផលបត្រដែលស្ថិតក្នុងហានិភ័យចំនួន ០,៩២ ភាគរយ ដែលទាបជាងកម្រិតមធ្យមរបស់ឧស្សាហកម្ម។
លោកបានឲ្យដឹងថាចំនួនអ្នកខ្ចីប្រាក់បានកើនឡើង ១៩ ភាគរយ ដល់ ២៧៩ ៧០៤ នាក់។ សមតុល្យប្រាក់បញ្ញើបានកើនឡើងដល់ជាង ៣៩៦ លានដុល្លារ កើនឡើង ៧០ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើបានកើនដល់ ៣០២ ៤១៥ នាក់ កើនឡើង ៦៨ ភាគរយ។
លោកថ្លែងថា៖ «កំណើនដ៏រហ័សនៃផលបត្រ និងសមតុល្យប្រាក់បញ្ញើចង្អុលបង្ហាញថា LOLC គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលគួរឲ្យទុកចិត្ត ដែលផ្ដល់សេវាដ៏ល្អបំផុតដល់អតិថិជន ធានាការពារអតិថិជន និងផ្ដល់ផលិតផលប្រាក់បញ្ញើ និងកម្ចីប្រកបដោយភាពប្រកួតប្រជែង និងនវានុវត្តន៍»។
យោងតាមក្រុមហ៊ុន LOLC នៅត្រីមាសទី ៤ ឆ្នាំ ២០១៩ ក្រុមហ៊ុននឹងដាក់បង្ហាញកម្មវិធីធនាគារចល័ត iPay របស់ខ្លួន ដែលអាចឲ្យអតិថិជនពិនិត្យមើលគណនីធនាគាររបស់ពួកគេធ្វើប្រតិបត្តិការ (សាកសួរទឹកប្រាក់ របាយការណ៍ខ្នាតតូច ផ្ទេរប្រាក់ ទូទាត់ បញ្ចូលទូរស័ព្ទ និងសេវាផ្សេងៗទៀត) តាមទូរស័ព្ទចល័តរបស់ពួកគេ។
ក្រុមហ៊ុន LOLC គ្រោងនឹងចេញកាតអេធីអឹមផ្ទាល់របស់ខ្លួនដែលអាចឲ្យអតិថិជនប្រើប្រាស់កាតអេធីអឹមនេះនៅតាមម៉ាស៊ីនអេធីអឹមរបស់ធនាគារដែលជាសមាជិករបស់ប្រព័ន្ធ CSS។ ក្រុមហ៊ុន LOLC នឹងដាក់ពង្រាយធនាគារថេប្ល៊ិត (Tablet banking) ដែលនឹងអាចឲ្យមន្ដ្រីរបស់ខ្លួនប្រតិបត្តិការភារកិច្ចរបស់ពួកគេតាមឧបករណ៍ថេប្ល៊ិត ដែលលើកកម្ពស់ផលិតភាព ប្រសិទ្ធផល និងប្រសិទ្ធភាព។
លោកថ្លែងថា៖ «សរុបមកយើងនឹងព្យាយាមបង្កើតឱកាសច្រើនបំផុតដែលភាពជោគជ័យនៅពេលបច្ចុប្បន្នរបស់យើងបើកចំហសម្រាប់ពួកយើង។ យើងមានទំនុកចិត្តថា ក្រុមហ៊ុន LOLC ត្រូវស្ថិតនៅទីតាំងដ៏ល្អក្នុងការនាំយកតម្លៃបន្ថែមទៅដល់អតិថិជន ក្រុមវិនិយោគិន និងភាគទុនិករបស់ខ្លួន»៕ LA