ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ រកប្រាក់បាន ៣១,៨ លានដុល្លារ ពីការធ្វើបរិវិសកម្មសញ្ញាបណ្ណសាជីវកម្ម ដែលជាជំហានមួយដើម្បីឆ្ពោះទៅចុះបញ្ជីនៅក្រុមហ៊ុនមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី ៥ ខែឧសភា ខាងមុខ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ នឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុទី២ ដែលចុះបញ្ជីនៅលើផ្សារហ៊ុននេះក្នុងអំឡុងពេលការរីករាលដាលកូវីដ ១៩ បន្ទាប់ពីធនាគារ PPCBank ដែលបានចុះបញ្ជីកាលពីចុងសប្ដាហ៍មុន។
គ្រឹះស្ថាននេះទទួលបានការធានាទាំងស្រុងដោយមូលនិធិបរធនពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រុមហ៊ុនធានាឥណទាន និងជួយសម្រួលការវិនិយោគ (CGIF) និងបានធ្វើបរិវិសកម្មចាប់ពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ២២ ខែមេសា ដោយនឹងចេញសញ្ញាបណ្ណចំនួន ១ ២៧២ ០០០ សម្រាប់ការដាក់លក់ជាសាធារណៈជាមួយនឹងតម្លៃចេញលក់សរុបចំនួន ១២៧,២ ពាន់លានរៀល។ អត្រាការប្រាក់ខ្ពស់ជាមួយសញ្ញាបណ្ណសាជីវកម្ម មានចំនួន ៧,៥ ភាគរយក្នុង ១ ឆ្នាំ ដោយមានរយៈពេល ៣ ឆ្នាំ (ការទូទាត់ពាក់កណ្ដាលឆ្នាំ)។
លោក សេង ចាន់ធឿន នាយកគ្រប់គ្រងក្រុមហ៊ុន SBI Royal Securities ដែលជាភ្នាក់ងារធានាទិញសម្រាប់ប្រាសាក់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា បើធៀបនឹងក្រុមហ៊ុនចុះបញ្ជីមុនៗដូចជា Hattha Kaksekar (HKL) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAP) ប្រាសាក់ រកបានដើមទុនច្រើនជាងគេពីផ្សារហ៊ុនមួយនេះ។ លោកបន្តថា ប្រាសាក់រកបានប្រាក់ ៣១,៨ លានដុល្លារ ខណៈ HKL រកបានប្រាក់ ៣០ លានដុល្លារ និង PAP រកបានប្រាក់ ២៧ លានដុល្លារ។
លោកបានថ្លែងថា៖ «វាល្អសម្រាប់ប្រាសាក់ ក្នុងការទទួលបានសន្ទនីយភាពកាន់តែច្រើនក្នុងអំឡុងពេលនៃស្ថានការណ៍នេះ។ នេះជារឿងល្អផ្សេងទៀតសម្រាប់ប្រាសាក់ បន្ទាប់ពីគ្រឹះស្ថានហិរញ្ញវត្ថុនេះទទួលបានធនាគារ KB ជាភាគទុនិកដ៏សំខាន់ថ្មីមួយ ដែលជាធនាគារឈានមុខគេនៅកូរ៉េ»។
លោកបន្ថែមថា៖ «ជាមួយគ្នានេះ យើងបានបង្ហាញប្រវត្តិរបស់ប្រាសាក់ដល់ក្រុមវិនិយោគិនជាស្ថាប័ននៅក្នុងប្រទេសជាច្រើន មានន័យថា វាបានបង្កើតក្រុមវិនិយោគិនដែលមានសមត្ថភាពគ្រប់គ្រាន់កាន់តែច្រើនសម្រាប់ការប្រមូលមូលនិធិនៅពេលអនាគត។ វាជារឿងដ៏ល្អមួយដែលទីផ្សារមូលធន និងទីផ្សារសញ្ញាបណ្ណផ្ដល់ជូន ដែលបានបង្កើតក្រុមវិនិយោគិនរួចរាល់ ដើម្បីផ្ដល់មូលនិធិសម្រាប់ការប្រមូលនិធិនៅពេលអនាគត»។
លោក Jong Weon Ha អនុប្រធាន CSX បានឲ្យដឹងថា ប្រាសាក់កំពុងធ្វើការងារជាមួយ CSX លើការបំពេញពាក្យសុំចុះបញ្ជីជាផ្លូវការ។ កាលបរិច្ឆេទចុះបញ្ជីបណ្ដោះអាសន្ននៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២០ ធ្វើឲ្យប្រាសាក់ក្លាយជាក្រុមហ៊ុនចុះបញ្ជីសញ្ញាបណ្ណទី៦ នៅ CSX ហើយនេះនឹងផ្ដល់ផលិតផលសញ្ញាបណ្ណផ្សេងទៀត ដែលត្រូវធានាដោយ CGIF។
លោកថ្លែងថា៖ «ដូច្នេះ CSX នឹងមានការធ្វើពិពិធកម្មផលិតផល ហើយក្រុមវិនិយោគិននឹងមានជម្រើសការវិនិយោគកាន់តែប្រសើរ។ ការប្រមូលនិធិតាមរយៈទីផ្សារមូលធន គឺជាជម្រើសល្អបំផុតក្នុងអំឡុងពេលស្ថានការណ៍ដ៏ពិបាកនេះ ដោយសារតែការពិតដែលថា វាជាប្រភពរយៈពេលវែងនៃការផ្ដល់មូលនិធិ និងជាពិសេសសម្រាប់ IPO ដែលក្រុមហ៊ុនចុះបញ្ជីមិនចាំបាច់បង់ប្រាក់អត្រាការប្រាក់តាមការកំណត់ និង/ឬ ប្រាក់ដើមត្រឡប់ទៅក្រុមវិនិយោគិនវិញនោះទេ»។ លោកបន្ថែមថា៖ «លើសពីនេះ ក្រុមហ៊ុនអាចសម្រេចចិត្តមិនបែងចែកភាគលាភ អាស្រ័យលើស្ថានការណ៍ក្រុមហ៊ុនជាក់ស្ដែង»៕LA